ជារឿយៗ ឥណ្ឌា តែងល្បីល្បាញជាប្រទេសដែលមិនរួសរាយរាក់ទាក់ ឬមានសុវត្ថិភាពទេ សម្រាប់អ្នកធ្វើដំណើរជាស្ត្រីតែម្នាក់ឯង។ ហើយទោះបីមានវិធានការ ដើម្បីបំបាត់គំនិតនេះក៏ដោយ វាហាក់ដូចជាពលរដ្ឋឥណ្ឌាមួយចំនួន បានធ្វើឲ្យខូចកេរ្តិ៍ឈ្មោះប្រទេសមិនចេះចប់។
ជាក់ស្តែង ដូចនៅក្នុងវីដេអូដែលបានរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញហ្វូងមនុស្សប្រុស និងវ័យជំទង់ៗ បាននាំគ្នាចាប់ធ្វើបាប និងបៀតបៀនទៅលើក្មេងស្រីអ្នកទេសចរជនជាតិជប៉ុនម្នាក់ នៅតាមដងផ្លូវក្នុងទីក្រុង New Delhi នៅថ្ងៃមួយប្រារព្ធពិធីបុណ្យ Holi ដែលជាពិធីបុណ្យហិណ្ឌូ នៃពណ៌និងស្នេហា។
តាមរយៈវីដេអូ បានបង្ហាញពីបុរស និងក្មេងប្រុសមួយក្រុម កំពុងចាប់ក្មេងស្រីអ្នកទេសចរជប៉ុន ដោយបាញ់ទឹកពណ៌ និងប៉ាតម្សៅញីញក់ ខណៈពួកគេស្រែកថា “Happy Holi” ក្នុងអំឡុងបុណ្យ Holi ។
លើសពីនេះ ពួកគេក៏ត្រូវបានគេឃើញនៅក្នុងវីដេអូឃ្លីប លូកលាន់កេរ្តិ៍ខ្មាសរបស់នាង រុញច្រានសង្កត់វីវក់ និងថែមទាំងយកស៊ុតវាយទៅលើក្បាលរបស់នាង ហើយសូម្បីតែនាងព្យាយាមរត់គេចពីពួកគេ ដោយនិយាយដដែលៗថា “itai, itai” ដែលជាភាសាជប៉ុនសម្រាប់ “វាឈឺ” ក៏ពួកគេមិនព្រមព្រលែងឡើយ។
ឃ្លីបក៏បានបង្ហាញ ខណៈពេលនារីជនជាតិជប៉ុនម្នាក់នោះ ព្យាយាមរើបម្រាស់ពីការចាប់ បុរសម្នាក់ក៏ត្រូវបានឃើញយកដៃចាប់ទ្រូងរបស់នាង ហើយភ្លាមៗនោះ នាងក៏បានទះកំផ្លៀងបុរសនោះមួយដៃ រួចរត់ចូលទៅក្នុងផ្លូវមួយយ៉ាងលឿន។
វីដេអូនេះបានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំង ពីសំណាក់មនុស្សជុំវិញពិភពលោក រួមទាំងអ្នកនៅក្នុងប្រទេសឥណ្ឌាផងដែរ។
លោក Swati Maliwal ប្រធានគណៈកម្មការស្ត្រីក្រុង Delhi បានហៅការវាយប្រហារនេះថា ជាទង្វើគួរឲ្យអាម៉ាស់ទាំងស្រុង។
ទន្ទឹមនឹងនេះ គណៈកម្មាធិការជាតិសម្រាប់ស្ត្រី បានទាមទារឱ្យប៉ូលីសធ្វើការស៊ើបអង្កេតដោយយុត្តិធម៌ និងទាន់ពេលវេលា ចំពោះឧប្បត្តិហេតុនេះ ដោយអំពាវនាវឱ្យមាន “របាយការណ៍លម្អិត” ។
ទីបំផុត មនុស្សប្រុស២នាក់ និងអនីតិជនម្នាក់ ត្រូវចាប់ខ្លួន ។
ស្នងការរងនគរបាល លោក Sanjay Kumar Sain បាននិយាយថា ជនទាំង៣នាក់ ដែលត្រូវបានចាប់ខ្លួន បានសារភាពថា ជាអ្នកបានធ្វើបាបនារីនៅក្នុងវីដេអូនេះ។
ប៉ុន្តែចំណាត់ការយ៉ាងណាប្រឆាំងនឹងពួកគេ «នឹងត្រូវសម្រេចលើគុណសម្បត្តិ និងអនុលោមតាមបណ្តឹងរបស់កុមារីនេះ បើមាន»។
ទោះជាយ៉ាងណា អ្នកទេសចរជនជាតិជប៉ុនរូបនេះ បានសរសេរនៅលើ Twitter ថា នាងកំពុងស្ថិតនៅក្នុងប្រទេសបង់ក្លាដែសរួចហើយ ហើយថានាង “សុខសប្បាយទេ”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






ទស្សនាវីដេអូ => (Video)