ការប្រហារជីវិត គឺជាការដាក់ទោសកម្រិតខ្ពស់បំផុតរបស់ច្បាប់ តែក៏មានអ្នកទោសជាច្រើននាក់ដែរ ដែលត្រូវបានប្រហារហើយ តែមិនស្លាប់។ តទៅនេះ គឺជារឿងរ៉ាវដែលមិនគួរឱ្យជឿរបស់អ្នកទោស ៥នាក់ទៀត បន្តពីវគ្គមុន ដែលត្រូវបានប្រហារជីវិតហើយ តែមិនស្លាប់! តើវាចម្លែកយ៉ាងណាខ្លះនោះ សូមតាមដានវគ្គបញ្ចប់ដូចតទៅ…
៥. ចន ស្ម៊ីត (John Smith)
John Smith មកពីប្រទេសអង់គ្លេស ត្រូវបានជាប់ចោទពីបទប្លន់ និងត្រូវបានកាត់ទោសឱ្យប្រហារជីវិតដោយការព្យួរក។ ក្នុងថ្ងៃគ្រិស្មាស់ ឆ្នាំ១៧០៥ គេត្រូវបានព្យួរកដោយទុកឱ្យនៅយោលតែកតោកប្រមាណជា ១៥នាទី រួចហើយរាងកាយរបស់គេ ត្រូវបាននាំយកទៅទុកនៅក្នុងបន្ទប់តម្កល់សាកសព តែនៅសុខៗ គេក៏ដឹងខ្លួនឡើងវិញ។ អ្នកយាមបន្ទប់ភ្ញាក់ផ្អើលយ៉ាងខ្លាំង តែក៏បាននិយាយជាមួយចន ដោយបានសួរគេថា តើគេមានអារម្មណ៍យ៉ាងណាដែរពេលត្រូវព្យួរកនោះ? ចនឆ្លើយថា គេមានអារម្មណ៍ឈឺនៅត្រង់បំពង់កខ្លាំងណាស់ពេលដែលរាងកាយត្រូវបានទម្លាក់ចុះទៅក្រោម ប្រៀបដូចជាកម្លាំងសម្ពាធទូទាំងរាងកាយបានបុកតម្រង់មកប្រមូលផ្តុំគ្នានៅក្នុងក្បាល និងប្រៀបដូចជាក្បាលប្រុងនឹងផ្ទុះអ៊ីចឹង។ បន្ទាប់ពីនោះ គេចាប់ផ្តើមមើលឃើញពន្លឺពណ៌សៗចាំងយ៉ាងខ្លាំង រហូតធ្វើឱ្យគេស្រវាំងភ្នែកអស់រលីង។ ពេលនោះក្តីឈឺចុកចាប់ក៏រលាយបាត់អស់រលីង។ បន្ទាប់មក ពេលដែលខ្សែត្រូវបានកាត់ចេញ ឈាមក៏ហូរចូលទៅក្នុងផ្នែកផ្សេងៗរបស់រាងកាយវិញ ហើយគ្រប់អារម្មណ៍ទទួលដឹងទាំងអស់ ក៏ត្រឡប់មកដូចដើមវិញដែរ។

៤. អ៊ែនណេ ហ្គ្រីន (Anne Green)
នៅពេលអាយុបាន ២២ឆ្នាំ Anne Green ត្រូវបានចាប់រំលោភដោយក្មួយប្រុសរបស់ចៅហ្វាយនាយ។ នាងមានផ្ទៃពោះ និងប្រសូតបានកូនប្រុស ដែលក៏ស្លាប់ទៅវិញក្រោយពីប្រសូតចេញមកបានមិនយូរប៉ុន្មាន។ បន្ទាប់ពីមិនអាចយកសាកសពកូនប្រុសខ្លួនឯងទៅលាក់ទុកទាន់ពេល Anne ត្រូវបានចោទប្រកាន់ថា សម្លាប់កូនខ្លួនឯង និងត្រូវកាត់ទោស
ឱ្យប្រហារជីវិតដោយការព្យួរក។ ខណៈពេលប្រហារជីវិត Anne Green ត្រូវបានបញ្ជាឱ្យឡើងជណ្តើរទៅឈរនៅលើកៅអីកន្លែងប្រហារ និងបំពាក់ប្រឡង់ខ្សែនៅនឹងបំពង់ក។ បន្ទាប់ពីនោះពេជ្ឈឃាតក៏ធាក់កៅអីចេញ ក្រោយពីព្យួរទុកចោលយូរដល់ទៅ ៣០នាទីរួចមក រាងកាយរបស់នាងក៏ត្រូវបានដាក់ចូលទៅក្នុងក្តារមឈូស និងបញ្ជូនទៅសាលាពេទ្យ។ ខណៈពេលដែលរាងកាយរបស់នាងបម្រុងនឹងត្រូវគេវះដើម្បីសិក្សានោះ នាងបែរជាមានខ្យល់ដង្ហើមឡើងវិញម្តងទៀត…ក្រុមនិស្សិតពេទ្យ ក៏ប្រញាប់យកទឹកមកឱ្យនាងផឹក និងជួយគ្នាមើលថែទាំនាងភ្លាមៗដែរ។ តុលាការសម្រេចឱ្យនាងមានសេរីភាពឡើងវិញ និងបន្ទាប់ពីនោះមកមិនយូរប៉ុន្មាន នាងក៏រៀបការ និងមានកូន ៣នាក់ និងមានជីវិតរស់នៅ ១៥ឆ្នាំទៀត បន្ទាប់ពីការប្រហារជីវិតរបស់នាងមក។

៣. ចូ-សេហ្វ សា-មូ-អេល (Joseph Samuel)
Joseph Samuel កើតនៅក្នុងប្រទេសអង់គ្លេស និងត្រូវបានបញ្ជូនខ្លួនទៅឃុំឃាំងនៅប្រទេសអូស្ត្រាលី ព្រោះត្រូវជាប់ចោទពីបទប្លន់នៅក្នុងឆ្នាំ១៨០១។ ក្រោយពីត្រូវបានដោះលែង គេក៏បង្កើតក្រុមជនអន្ធពាល និងប្លន់ផ្ទះសេដ្ឋីនីម្នាក់ក្នុងទីក្រុងស៊ីដនី។ សន្តិសុខអ្នកយាមផ្ទះរបស់សេដ្ឋីនីម្នាក់ត្រូវបានសម្លាប់ តែក្រុមប្លន់ទាំងមូល ត្រូវបានចាប់ខ្លួន ក្រោយពីការប្លន់មិនយូរប៉ុន្មាន។ Joseph Samuel សារភាពថា គេពិតជាបានប្លន់មែន តែមិនបានសម្លាប់អ្នកយាមទេ។ តុលាការមិនជឿឡើយ និងបញ្ជាឱ្យប្រហារជីវិតដោយការព្យួរក។ ឆ្នាំ១៨០៣ ជាថ្ងៃប្រហារជីវិត ដោយមានមនុស្សរាប់រយនាក់មកទស្សនាការប្រហារជីវិតលើកនេះ។ ខណៈដែលរាងកាយរបស់គេធ្លាក់ចុះមកក្នុងប្រឡោះក្ដាកម្រាលកន្លែងព្យួរក ខ្សែដែលចងកក៏ដាច់ភឹង! លើកទី២ ក៏ដាច់ទៀត! មនុស្សម្នាដែលមកទស្សនា ចាប់ផ្តើមនិយាយគ្នារងំ ហើយការសាកល្បងប្រហារជីវិតលើកទី៣ ក៏បានធ្វើឡើងទៀត តែ ខ្សែក៏ដាច់ទៀតដូចគ្នា!!។ មន្ត្រីជាន់ខ្ពស់ដែលចូលរួមធ្វើជាសាក្សីក្នុងការប្រហារជីវិតនេះ ក៏បញ្ជាឱ្យបញ្ឈប់ការប្រហារជីវិត និងប្តូរទៅជាជាប់ទោសអស់ ១ជីវិតជំនួសវិញ។ មនុស្សម្នាទាំងឡាយបាននាំគ្នាជឿថា នេះជាបញ្ជារបស់ព្រះជាម្ចាស់ ដែលមិនត្រូវការឱ្យ Joseph Samuel ស្លាប់។ តែរឿងដែលគួរឱ្យចាប់អារម្មណ៍នោះគឺ Joseph Samuel គឺជាគ្រួសារមួយ ក្នុងចំណោមក្រុមជនជាតិជីហ្វដំបូងគេ ដែលទៅតាំងទីលំនៅក្នុងប្រទេសអូស្ត្រាលី និងទទួលបានរហស្សនាមថា ជា “បុរសជីវិតអមតៈគ្មានថ្ងៃស្លាប់”។

២. ម៉េកហ្គី ឌិកសុន (Maggie Dickson)
Maggie Dickson រស់នៅក្នុងប្រទេសស្កុតលែនដ៍ ក្នុងអំឡុងដើមទសវត្សរ៍ទី១៨ រឿងរ៉ាវរបស់នាង ស្រដៀងៗគ្នានឹងរឿងរ៉ាវរបស់ អ៊ែនណេ ហ្គ្រីន (Anne Green) ដែរ។ ប្តីបានបោះបង់នាងចោលនៅឆ្នាំ១៧២៣ នាងក៏ផ្លាស់កន្លែងរស់នៅ និងទៅធ្វើការជាអ្នកគ្រប់គ្រងសណ្ឋាគារ ដើម្បីប្តូរជាមួយកន្លែងស្នាក់អាស្រ័យ និងមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយកូនប្រុសម្ចាស់សណ្ឋាគារ និងមានផ្ទៃពោះនៅពេលក្រោយមក។ ដោយក្តីភ័យខ្លាចថា ឪពុករបស់ប្តីថ្មីដឹងរឿងនេះ នាងក៏លាក់រឿងមានផ្ទៃពោះជាការសម្ងាត់។ កូននាងប្រសូតមុនពេលកំណត់ជាច្រើនខែ និងស្លាប់នៅទីបំផុត ទើបនាងគិតថា នឹងយកសាកសពកូនរបស់នាងទៅបោះចោលនៅក្នុងទឹកទន្លេ…តែដោយសារតែមិនដាច់ចិត្ត ក៏ទុកសាកសពចោលនៅលើមាត់
ច្រាំងវិញ។ ថ្ងៃជាមួយគ្នានោះឯង សាកសពទារកក៏ត្រូវបានរកឃើញ និងបានពាក់ព័ន្ធទៅដល់ខ្លួននាងនៅទីបំផុត។ នាងត្រូវបានកាត់ទោសឱ្យព្យួរក…បន្ទាប់ពីបានព្យួរក និងប្រាកដច្បាស់ថាស្លាប់ហើយនោះ សាកសពរបស់នាងក៏ត្រូវបាននាំយកទៅបញ្ចុះនៅក្នុងផ្នូរ ដែលនៅជិតៗទីនោះ។ ខណៈពេលកំពុងធ្វើដំណើរ ក៏ស្រាប់តែមានឮសំឡេងគោះក្តារមឈូស…គឺ Maggie Dickson ហ្នឹងឯង ដែលដឹងខ្លួនឡើងវិញ។ តុលាការយល់ឃើញថា នេះជាបញ្ជារបស់ព្រះជាម្ចាស់ដែលមិនត្រូវការឱ្យនាងស្លាប់ ទើបបញ្ជាឱ្យដោះលែងនាង ឱ្យមានសេរីភាព ហើយ Maggie Dickson ក៏រស់នៅដូចមនុស្សធម្មតាបាន ៤០ឆ្នាំតមកទៀត។
១. វីល្លី ហ្វ្រានស៊ីស (Willie Francis)
នៅឆ្នាំ១៩៤៥ ខណៈដែល Willie អាយុបាន ១៦ឆ្នាំ គេត្រូវបានជាប់ចោទពីបទឃាតកម្មលើម្ចាស់ហាងលក់ថ្នាំម្នាក់ ក្នុងរដ្ឋលុយសៀណា។ ការស៊ើបអង្កេត ដំណើរការយូរដល់ទៅ ៩ខែ តែក៏នៅតែរកចំណុចសរុបមិនបានឡើយថា តើ Willie គឺជាឃាតករមែន ឬក៏មិនមែន? តែដែល Willie ត្រូវចាប់ខ្លួននេះ គឺដោយសារតែប៉ូលិស បានរកឃើញកាបូបលុយរបស់ម្ចាស់ហាងលក់ថ្នាំដែលស្លាប់នោះនៅក្នុងបន្ទប់ស្នាក់នៅរបស់ Willie។ តែក្រោយពីស៊ើបអង្កេតអស់រយៈពេលដ៏យូររួចមក Willie ក៏ត្រូវបានដោះលែង ព្រោះភ័ស្តុតាងមិនគ្រប់គ្រាន់ តែបន្ទាប់ពីការស្រាវជ្រាវរកភ័ស្តុតាង និងសាក្សីយ៉ាងសកម្មម្តងទៀតរួចមក Willie Francis ក៏ត្រូវចាប់ខ្លួនម្តងទៀត និងត្រូវកាត់ទោសប្រហារជីវិតដោយកៅអីអគ្គិសនី។ នៅថ្ងៃទី៣ ឧសភា ឆ្នាំ១៩៤៦ Willie ត្រូវបានប្រហារជីវិតដោយកៅអីអគ្គិសនី។ អ្នកគ្រប់គ្រងលើការប្រហារជីវិត ម្នាក់ៗសុទ្ធតែបានឮសំឡេង Willie ស្រែកខ្លាំងៗថា “យកវាចេញទៅៗ!! កុំសម្លាប់ខ្ញុំអី!! ហេតុអីបានខ្ញុំមិនស្លាប់!!” សរុបទៅគឺ Willie Francis មិនស្លាប់។ បន្ទាប់ពីស្វែងរកមូលហេតុរួចមក មន្ត្រីពន្ធនាគារក៏រកឃើញថា អ្នកគ្រប់គ្រងការងារប្រហារជីវិតនោះ បានកំណត់ប្រព័ន្ធបញ្ជូនចរន្តខុសឆ្គង ធ្វើឱ្យចរន្តអគ្គីសនីបុកចូលមកក្នុងកៅអីមិនខ្លាំងគ្រប់គ្រាន់។
តែរឿងដែលគួរឱ្យចាប់អារម្មណ៍នោះគឺ បន្ទាប់ពីគេរួចជីវិតក្នុងគ្រានោះមក គេបានធ្វើបណ្តឹងឧទ្ធរណ៍ ទៅតុលាការម្តងទៀត តែក៏មិនបានសម្រេច ហើយរូបគេក៏ត្រូវបានប្រហារជីវិតម្តងទៀតនៅថ្ងៃទី៩ ឧសភា ១៩៤៧ ទើបប្រហារជីវិត Willie Francis បានសម្រេច៕





















