ប្រទេសកូរ៉េខាងបានផ្ញើលិខិតមួយច្បាប់ទៅកាន់អគ្គលេខាអង្គការសហប្រជាជាតិ ដោយបានលើកឡើងថា វត្តមានរបស់នាវាផ្ទុកយន្តហោះអាមេរិចចំនួន ៣គ្រឿងនៅដែនទឹកឧបទ្វីបកូរ៉េ កំពុងតែរុញច្រានឧបទ្វីបឲ្យធ្លាក់ជិតដល់សង្គ្រាមនុយក្លេអ៊ែរ។
នាវាផ្ទុកយន្តហោះអាមេរិចចំនួន ៣គ្រឿងរួមមាននាវា USS Ronald Reagan, USS Theodore Roosevelt and USS Nimitz និងក្រុមនាវាវាយប្រហារជាច្រើនគ្រឿងនឹងបញ្ចប់សមយុទ្ធរយៈពេល ៤ថ្ងៃ នៅថ្ងៃអង្គារនេះ។ នាវាទាំងនោះបានធ្វើសមយុទ្ធនៅដែនទឹកចន្លោះប្រទេសកូរ៉េខាងជើង និងប្រទេសជប៉ុន។
នេះគឺជាលើកដំបូងហើយ ដែលនាវាផ្ទុកយន្តហោះដ៍មហិមាររបស់អាមេរិច ៣គ្រឿងបានធ្វើដំណើរជាមួយគ្នានៅក្នុងតំបន់ប៉ាស៊ីភិចខាងលិចក្នុងរយៈពេលមួយទសវត្សន៍នេះ។ នាវាចំបាំងកូរ៉េខាងត្បូង និងជប៉ុនជាច្រើនគ្រឿងក៍បានចូលរួមធ្វើសមយុទ្ធជាមួយនឹងក្រុមនាវាអាមេរិចផងដែរ។
នៅក្នុងលិខិតរបស់ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំអង្គការសហប្រជាតិឈ្មោះ Ja Song Nam ដែលបានផ្ញើទៅកានអគ្គលេខាធិការអង្គការសហប្រជាជាតិកាលពីថ្ងៃច័ន្ទម្សិលមិញ បាននិយាយថា “សមយុទ្ធកំពុងបង្កើតឲ្យមានស្ថានភាពអាក្រក់បំផុតនៅជុំវិញឧបទ្វីបកូរ៉េ”។
លិខិតបន្តទៀតថា “ទីក្រុងវ៉ាស៊ីនតោនកំពុងវក់លីលា នឹងសមយុទ្ធសង្គ្រាមដោយបានបង្ហាញអាវុធនុយក្លេអ៊ែរ នៅក្នុង និងជុំវិញឧបទ្វីបកូរ៉េ ហេតុដូចនេះហើយវាបានបង្ហាញថា អាមេរិចខ្លួនឯងទេគឺជាអ្នកប្រព្រឹត្តល្មើសធំបំផុតដែលបង្កើតឲ្យមានភាពតានតឹងកាន់តែខ្លាំង និងបំផ្លាញសន្តិភាព”។
កូរ៉េខាងជើងក៍អះអាងផងដែរថា សមយុទ្ធអាមេរិច បានបង្ហាញថា កូរ៉េខាងជើងពិតជាត្រឹមត្រូវដែលខ្លួនអភិវឌ្ឍន៍ការការពារខ្លួន។ សំដៅលើការផលិតអាវុធនុយក្លេអ៊ែរដើម្បីការពារខ្លួន ពីការគំរាមកំហែងរបស់អាមេរិច៕ សុភ័ក្ត្រ