Friday, March 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីចឹងៗអី ជួបតែម្ដងបានហើយ រាងហ្មង! ណាត់ជួបគ្នាគ្រាដំបូង ខាងស្រីចង់បាននាឡិកាថ្លៃ អង្វរផង ទាញខោផង ទីបញ្ចប់…គាំង!

ណាត់ជួបគ្នាលើកដំបូង ដោយសារតែចង់បាននាឡិកាថ្លៃ នាងក្រមុំសុខចិត្តអង្វរអស់ក្បាច់ ចាប់ទាញខោដៃគូមិនព្រមលែងដៃ ប្រាប់ថា បើព្រមទិញឱ្យ នឹងសុខចិត្តព្រមធ្វើសង្សារ តែទីបញ្ចប់ ស្រឡាំងកាំង!

កាលពីពេលថ្មីៗនេះ នៅក្នុងបណ្ដាញទំនាក់ទំនងសង្គមរបស់ប្រទេសចិន បាននាំគ្នាចែករំលែកឃ្លិបរបស់កំលោះក្រមុំ ១គូ ដែលកំពុងប្រទាញប្រទង់គ្នានៅក្នុងហាងលក់នាឡិកា ដោយសារតែខាងស្រីចង់បាននាឡិកាខ្លាំងពេក ដល់ថ្នាក់ចាប់ទាញខោខាងប្រុសជាប់យ៉ាងណែន!

តាមរបាយការណ៍បានឱ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅក្នុងទីក្រុងក្វាងចូវ មណ្ឌលក្វាងទុង របស់ប្រទេសចិន ដោយខាងស្រីបានស្គាល់ខាងប្រុសតាមរយៈការណែនាំរបស់មេអណ្ដើក។ ទាំង ២នាក់បានណាត់ជួបគ្នាលើកដំបូងនៅក្នុងហាងផ្សារទំនើបមួយ។ នាងនាំគេដើរចេញ-ចូលមើលហាងសបភីងយ៉ាងរំភើបញាប់ញ័រ ចំណែកខាងប្រុសវិញ បានត្រឹមតែភ័យជ្រួលច្រាល ស្កន់ជាន់ ចាញ់ច្រាប ព្រោះប្រាក់ខែរបស់គេមិនច្រើនប៉ុន្មានឡើយ។

ពីដំបូង គេគិតថា នាងប្រហែលជាគ្រាន់តែចង់សាកល្បងចិត្តគេទេមើលទៅ? នាងប្រហែលជាមិនចង់បានទំនិញតម្លៃថ្លៃៗទាំងនោះទេ អាចនឹងត្រូវការចង់ពិសោធមើលពីទស្សនគតិរបស់ខាងប្រុសដែលមានចំពោះនាងតែប៉ុណ្ណោះ…តែ គេគិតខុសស្រឡះ!

នាងស្រឡាញ់ និងចង់បាននាឡិកាដៃមួយ ដែលមានតម្លៃ ២០ ០០០យន់ ឬប្រមាណជា ៣ ០០០ដុល្លារ។ លុះដល់ពេលចាយលុយ នាងសម្លឹងមើលខាងប្រុសដោយខ្សែភ្នែកអង្វរក ខាងប្រុសក៏ថយក្រាក! ព្រោះគេគិតថា ក្នុងការណាត់ជួបគ្នាគ្រាដំបូងនេះ យ៉ាងច្រើនអាចនឹងទិញរបស់តូចតាច ឬក៏នាំនាងទៅញ៉ាំអីឆ្ងាញ់ៗប៉ុណ្ណោះ តែមិនបាននឹកគិតសោះថា ត្រូវចំណាយលុយច្រើនដល់ថ្នាក់ហ្នឹងឡើយ!

គ្រាន់តែឮសូរថា នាឡិកានោះតម្លៃដល់ទៅរាប់ម៉ឺនយន់ ខាងប្រុសដល់ថ្នាក់គាំងនៅមួយកន្លែង ត្រៀម Cancel និងបែរខ្នងដើរចេញ ប៉ុន្តែខាងស្រីបាននិយាយអង្វរក សុំឱ្យគេជួយទិញនាឡិកានោះឱ្យនាង…លុះពេលឃើញថា ត្រឹមតែពាក្យសម្ដី មើលទៅដូចជាមិនបានផលនោះ នាងក៏អង្គុយចុះនៅលើកម្រាលឥដ្ឋ ព្រមទាំងស្រវាចាប់ជើងខោខាងប្រុសជាប់យ៉ាងស្អិត ធ្វើឱ្យគេមិនអាចកម្រៀកខ្លួនទៅណាបានឡើយ ហើយខាងស្រីថែមទាំងដាក់សំណើថា បើគេទិញនាឡិកានេះឱ្យ នាងនឹងសុខចិត្តយល់ព្រមធ្វើជាសង្សារជាមួយគេទៀតផង។

ទីបំផុតខាងប្រុសក៏យល់ព្រមទិញនាឡិកានោះ តែខណៈដែលខាងស្រីកំពុងតែលែងដៃពីខោរបស់គេ ហើយនៅស្ងៀមនោះ ខាងប្រុសក៏បែរខ្នង ហើយដាក់មេប្រូចចេញទៅយ៉ាងលឿន! នាងក្រមុំដល់ថ្នាក់ស្រឡាំងកាំង ភាន់ភាំងនៅមួយកន្លែង ធ្វើអ្វីមិនត្រូវ…ធ្វើឱ្យអ្នកលេងបណ្ដាញសង្គមទាំងប៉ុន្មាន ឃើញហើយអស់សំណើចចំពោះក្ដីខកបំណងរបស់ខាងស្រីនោះយ៉ាងខ្លាំង ព្រមទាំងរិះគន់ថា ការណាត់ជួបគ្នាលើកទី១ គ្រាន់តែជាការសាកល្បងសិក្សាមើលចិត្តថ្លើមគ្នាតែប៉ុណ្ណោះ មិនគួរនឹករំពឹងពីរឿងទ្រព្យសម្បត្តិ ឬលុយកាក់អ្វីពីភាគីម្ខាងទៀតនោះទេ៕

×