ភ្នំពេញ ៖ កិច្ចប្រជុំលើកទី២ ដើម្បីពិនិត្យ និងពិភាក្សាផ្តល់អនុសាសន៍លើ «សេចក្តីព្រាងរបាយការណ៍ដំណាក់កាលទី២ នៃការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង » បានចាប់ផ្ដើមបន្តទៀតហើយ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ដែលរៀបចំដោយវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញស៊ិនជិន (Urban Planning and Design Institute of Shenzhen) ហៅកាត់ថា UPDIS នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
គួររំលឹកបន្តិចថា កាលពីសេចក្តីព្រាងរបាយការណ៍ «ផែនការមេ» ដំណាក់កាលទី១ បានដាក់ឆ្លងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ (គ.ស.ផ) រួចហើយ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ កន្លងមក, ហើយក្រុមការងារបានធ្វើការកែសម្រួល ដោយធ្វើការពិភាក្សា និងសិក្សាផ្ទៀងផ្ទាត់ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ លើចំណុចសំខាន់ៗ តាមការចង្អុលបង្ហាញរបស់អង្គប្រជុំយ៉ាងយកចិត្តទុកដាក់។

រីឯ សេចក្តីព្រាងរបាយការណ៍ «ផែនការមេ» ដំណាក់កាលទី២នេះទៀត រួមមាន ÷
១- ការអភិវឌ្ឍសេដ្ឋកិច្ច, ឧស្សាហកម្ម, និងការគ្រប់គ្រងដីឧស្សាហកម្ម,
២- ទីផ្សារកំលាំងពលកម្ម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ,
៣- គំរូអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស,
៤- បរិក្ខារសាធារណៈ,
៥- មធ្យោបាយដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ,
៦- ទេសចរណ៍ និងជីវចម្រុះ,
៧- ការរស់នៅ និងសុខុមាលភាព,
៨- ការរចនាទីក្រុង,
៩- ការគ្រប់គ្រងការប្រើប្រាស់ដី,
១០- ការគ្រប់គ្រងខ្សែក្រវាត់បៃតង,
១១- ក្របខ័ណ្ឌស្ថាប័ន, និង
១២- របាយការណ៍ផែនការសកម្មភាព។

អង្គប្រជុំបានផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការរៀបចំក្របខ័ណ្ឌស្ថាប័ន, យន្តការប្រើប្រាស់ និងគ្រប់គ្រងដីធ្លី, ធនធានហិរញ្ញវត្ថុ, និងធនធានមនុស្ស ដែលជាកត្តាកំណត់ភាពជោគជ័យ នៃការអនុវត្តផែនការមេ ដើម្បីអភិវឌ្ឍខេត្ដព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនេះ បានណែនាំឱ្យក្រុមការងារ កែសម្រួលឯកសារនេះ ស្របតាមស្មារតីនៃកិច្ចប្រជុំ ដើម្បីធានាឱ្យមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ អាចអនុវត្តបាន និងបញ្ចប់តាមការគ្រោងទុក មានប្រសិទ្ធភាព៕ រក្សាសិទ្ធិដោយ ៖ពិសិដ្ឋ CEN

















