វីដេអូមួយ បានកំពុងល្បីខ្លាំងទៀតហើយ នៅលើបណ្តាញសង្គម ខណៈមហាជនសឹងរកពាក្យថ្លែងពុំចេញនោះទេ នៅពេលដែលបានឃើញលោកសង្ឃវ័យចំណាស់មួយអង្គ បានផ្ទុះកំហឹងទៅនឹងអ្នកកត់កន្ទុយលេខ ដែលចាក់ខុសប៉ុស្តិ៍ និងចោទថាចង់ស៊ីលុយខ្លួន ១១ ម៉ឺនរៀល។
ជាក់ស្តែង តាមរយៈវីដេអូ លោកសង្ឃងប់នឹងល្បែងអត់សិលរូបនេះ បានច្រឡោតខឹងដាក់ទៅកាន់ស្រ្តីអ្នកកត់កន្ទុយលេខថា អាត្មាចាក់ BD អស់ ៨ ម៉ឺនហើយ អាណាទៅចាក់ BD ឆ្កួតងាប់យស្អីទៀត ប៉ុស្តិ៍ C ពី ៧០ គត់ រហូត ៧៩ សុខចិត្តរង ២ ពាន់ លុយ ១១ ម៉ឺន សល់តែ១ម៉ឺន អាត្មា ត្រេង ៧៧ ណា៎!… ញោមឯងកុំនិយាយ… ឲ្យសាក្សីមើលឃើញ បរមីពេញទី កុំចង់បានលុយអាត្មា ១១ ម៉ឺនស្រួលពេក។
ទោះជាយ៉ាងណា ស្រ្តីអ្នកកត់កន្ទុយលេខ បានឆ្លើយតបទៅវិញថា «ខ្ញុំមិនចង់បានលុយលោកតាឯងទេ លុយនេះមេស៊ីហ្នឹង ខ្ញុំបានស្អីខ្ញុំ ទោះលោកតាត្រូវ B ក៏លោកតាមកបើកខ្ញុំដែរ»។ តែទន្ទឹមនឹងការជជែកឡើងតឹងសរសៃកដាក់គ្នា ស្រ្តីអ្នកកត់ក៏បានឆ្លៀតរម្លឹកឲ្យដឹងថា «បើលោកតាឯង និយាយរឿងលុយ ១១ ម៉ឺនហ្នឹង អ៊ីចឹង លុយ ១៨ ម៉ឺនរៀល កុណាមិនទាន់បានទារសូម្បីមួយទេណើ តាំងពីមុនកូវីដ ឲ្យដឹងផង…»។
ទាក់ទងរឿងដ៏ហួសចិត្តបំផុត គេក៏មិនដឹងថា លោកសង្ឃរូបនេះ គង់នៅវត្តណានោះទេ ខណៈប្រភពវីដេអូចែករំលែកពុំបានបញ្ចេញឲ្យដឹង។ តែទោះជាយ៉ាងណា មហាជនបានស្នើដល់សមត្ថកិច្ចពាក់ព័ន្ធ ពិសេសក្រសួងធម្មការ និងសាសនា សូមមានចំណាត់ការទៅលើលោកសង្ឃវ័យចំណាស់រូបនេះផង ព្រោះថា បើចេញមកតែរបៀបៗនេះ ធ្វើឲ្យខូចតម្លៃសាសនាអស់ហើយ ជាពិសេសធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ទៅដល់ព្រះសង្ឃដែលត្រឹមត្រូវ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






