ស្ទឹងត្រែង~រតនគិរី ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានក្រើនរំលឹកសារជាថ្មីម្ដងទៀត ជូនចំពោះប្រជាជនទូទៅ សូមកុំបណ្ដែតបណ្ដោយ ឫពន្យារពេលនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញហួសកំណត់ពេលនៃគម្លាតពីដូសមួយទៅដូសមួយ ដែលធ្វើឱ្យភាពស៊ាំការពាររាងកាយខ្លួនធ្លាក់ចុះរហូតដល់គ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ទល់ពីការវាយលុកនៃវីរុសប្រភេទនេះ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) រួមជាមួយក្រុមការងារ បានចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ដូសទី៣ ទី៤ ទី៥ និងដូសទី៦) នៅទឹកដីនៃខេត្តស្ទឹងត្រែង នៅតាមទីតាំងដូចជា ផ្សារសាមគ្គី វិទ្យាល័យព្រះរាជបូជនីយកិច្ច ក្រុងស្ទឹងត្រែង និងវត្តភ្លុក និង ភូមិសាស្ត្រខេត្តរតនគិរី នៅតាមទីតាំង វិទ្យាល័យ តេជោសែនត្រពាំងក្រហម អនុវិទ្យាល័យ ត្រពាំងក្រហម សាលាបឋមសិក្សាត្រពាំងក្រហម ផ្សារបានលុង ភូមិកាំ និងវិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ។

ក្នុងពេលសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងសិស្សនុសិស្ស ព្រមទាំងអាជីវករលក់ដូរ នៅតាមទីតាំងដែលបានចុះដល់ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានក្រើនរំលឹកទៅកាន់អាជីវករលក់ដូរ សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងទឹកដីភូមិសាស្ត្រខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ថា៖ ការពន្យាពេលមិនព្រមទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញតាមពេលវេលាកំណត់របស់ក្រសួងសុខាភិបាល នោះនឹងធ្វេីឱ្យមានភាពចុះខ្សោយខ្លាំងនៃអង់ទីគ័រការពាររាងកាយរបស់បុគ្គល និងសហគមន៍ ដែលបានកើតឡើងក្រោយពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមុនៗ នឹងសឹងតែធ្លាក់ចុះបន្តិចម្ដងៗ រហូតដល់ចំណុចសូន្យ ដែលជាមូលហេតុធ្វើឲ្យវីរុសកូវីដ-១៩ នេះ មានសមត្ថភាពធ្វើសកម្មភាពវាយលុកសរីរាង្គកាយរបស់លោកអ្នក ដែលអាចធ្វើឱ្យមានការផ្ទុះឡើងសារជាថ្មីនូវការរាតត្បាត និងធ្វើឲ្យមានសភាពធ្ងន់ធ្ងរអាចឈានដល់ការបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩។ ដូចនេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ដែលជាអ្នកនាំពាក្យក្រសួងសុខាភិបាលផងដែរនោះ បានគូសបញ្ជាក់យ៉ាងច្បាស់ថា អ្នកដែលមានជំងឺប្រចាំកាយ និងជនវ័យចាស់ត្រូវតែទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបានគ្រប់ ៦ដូស និងត្រឹមត្រូវតាមគម្លាតពេលវេលាចន្លោះពីដូសមួយទៅដូសមួយទៀតដែលមានរយៈពេល ៤ខែ ហើយបន្ទាប់ពីបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៦ ដែលជាដូសជំរុញបាន ៦ខែ ហើយ យើងអាចទៅទទួលការចាក់វ៉ាក់សាំងនេះតាមបែបលក្ខណៈជាទម្លាប់ធម្មតា (Routine) នៅតាមគ្រប់បណ្តាសេវាសុខាភិបាលសាធារណៈដូចជាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក មន្ទីរពេទ្យខេត្ត-ក្រុង និងមន្ទីរពេទ្យថ្នាក់ជាតិ នៅតាមរាជធានី-ខេត្តទូទាំងប្រទេស។

បន្ទាប់ពីបានពិនិត្យដំណើរការនៃការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមបណ្ដាទីតាំងនីមួយៗរួចមក លោកជំទាវបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំនៃគណៈអភិបាលខេត្ត និងការខិតខំប្រឹងប្រែងរបស់មន្ទីរសុខាភិបាលខេត្តយ៉ាងសកម្ម ក្នុងការអប់រំ ផ្សព្វផ្សាយ ប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ រួមទាំងការងារចាក់វ៉ាក់សាំងកូវីដ-១៩ ផងដែរ។
ទន្ទឹមនឹងនោះដែលលោកជំទាវ បានសំណូមពរ និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋាន បន្តអប់រំផ្សព្វផ្សាយអំពីសារៈសំខាន់នៃវ៉ាក់សាំងកូវីដ-១៩ ជាពិសេសនោះ ការកៀរគរប្រជាពលរដ្ឋឲ្យទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឱ្យបានគ្រប់ៗគ្នាស្របទៅតាមពេលវេលាកំណត់នៃដូសនីមួយៗ នៅតាមគ្រប់សេវាសុខាភិបាលសាធារណៈ ក៏ដូចជាវេទិកាសាធារណៈដែលបានរៀបចំដូចជា វត្តអារាម សាលារៀន ទីផ្សារ និងរោងចក្រជាដើម៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី












