Monday, March 27, 2023

ខ្មាន់កាំភ្លើងម្នាក់ បាញ់ធ្លាយជញ្ជាំងផ្ទះពលរដ្ឋ នៅស្រុកពាមជរ ជិតមួយឆ្នាំមុន ត្រូវនគរបាលខេត្តព្រៃវែង ចាប់ខ្លួននៅលើទឹកដីវៀតណាម

spot_img

ព្រៃវែង ៖ បុរសជនសង្ស័យម្នាក់ បានប្រើប្រាស់កាំភ្លើងខ្លី បាញ់២គ្រាប់ ធ្លាយជញ្ជាំងផ្ទះប្រជាពលរដ្ឋ ហើយគេចខ្លួនចូលប្រទេសវៀតណាម ជិតមួយឆ្នាំមុន ត្រូវបានកម្លាំងនគរបាលខេត្តព្រៃវែង សហការជាមួយសមត្ថកិច្ចវៀតណាម ចាប់ខ្លួនបានហើយ ការចាប់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឲ្យដឹងថា កាលពីយប់ថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០២២ ខ្មាន់កាំភ្លើងឈ្មោះ បូ សារ៉ាន អាយុ៣៦ឆ្នាំ រស់នៅភូមិស្វាយចេក ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង ត្រូវបានប្រជាពលរដ្ឋប្តឹងថា បានប្រើប្រាស់កាំភ្លើងខ្លី បាញ់២គ្រាប់ ធ្លាយជញ្ជាំងផ្ទះរបស់ឈ្មោះ ឃុន ណាត នៅចំណុចភូមិស្វាយចេក ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។

ក្រោយទទួលបានពាក្យបណ្តឹងពីរប្រជាពលរដ្ឋភ្លាម នៅយប់រំលងអធ្រាត្រថ្ងៃដដែល មន្ត្រីនគរបាលមូលដ្ឋាន បានចុះទៅស្រាវជ្រាវរកជនសង្ស័យខាងលើដែរ ប៉ុន្តែមិនឃើញ និងបានស្រង់កំណត់ហេតុពីប្រជាពលរដ្ឋ បំពេញសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញរួចរាល់ ដើម្បីសុំដីកាចាប់ខ្លួន។

បន្ទាប់ពីទទួលបានសំណុំរឿង តុលាការបានចេញដីកាកោះចំនួនពីរលើក និងដីកាបង្គាប់ឲ្យចូលខ្លួនចំនួនមួយលើក ប៉ុន្តែបុគ្គលនេះមិនព្រមអនុវត្តតាម រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ សមត្ថកិច្ចបានទទួលដីកាពីចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រៃវែង បង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនបុគ្គលរូបនេះឲ្យខានតែបាន។

យោងតាមដីកាលេខ៧២ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ របស់លោក ហួត ហ៊ាង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រៃវែង បានបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនឈ្មោះ បូ សារ៉ាន អាយុ៣៦ឆ្នាំ រស់នៅភូមិស្វាយចេក ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង ដោយត្រូវបានដាក់ស្ថិតក្រោមការពិនិត្យពីបទ ប៉ុនប៉ងឃាតកម្ម រំលោភលើលំនៅដ្ឋាន និងកាន់កាប់ប្រើប្រាស់អាវុធគ្រឿងផ្ទុះ គ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាត។

ដើម្បីអនុវត្តតាមដីកានេះ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានចុះទៅដល់មូលដ្ឋានខាងលើភ្លាម ប៉ុន្តែឈ្មោះ បូ សារ៉ាន បានដឹងខ្លួន និងលួចរត់គេចខ្លួនចូលទៅប្រទេសវៀតណាម។ ពេលដឹងថា ជនសង្ស័យបានរត់គេចខ្លួនភ្លាម កម្លាំងសមត្ថកិច្ចកម្ពុជា បានទំនាក់ទំនងទៅកាន់ខាងភាគីវៀតណាម ដោយបានផ្ញើរូបភាពរបស់ជនសង្ស័យ រួមនឹងយានជំនិះ ដើម្បីឲ្យអាជ្ញាធរវៀតណាមងាយស្រួលកំណត់មុខសញ្ញា។

បន្ទាប់ពីទទួលបានរូបភាពពីនគរបាលកម្ពុជាភ្លាម ខាងភាគីវៀតណាម បានកំណត់មុខសញ្ញា ដោយចាប់ឃាត់ខ្លួនឈ្មោះ បូ សារ៉ាន និងឆែកខ្លួនរកឃើញមានថ្នាំញៀនផងដែរ។ បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចវៀតណាម បានបញ្ជូនឲ្យស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីចាត់ការបន្ដតាមច្បាប់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២