ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២៣ បាន បញ្ជូនខ្លួន ជនសង្ស័យ២នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និង សម្រេចតាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស ( លួចគាស់ទម្លុះទម្លាយផ្ទះប្រជាពលរដ្ឋដើម្បីយកទ្រព្យសម្បត្តិ) និង ទទួលផលចោរកម្ម ប្រព្រឹត្តនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យ២នាក់មាន៖ ១-ឈ្មោះ កាក់ កេ ហៅខ្លី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ២-ឈ្មោះ អ៊ូ រ៉ូប៊ី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ចំណែកវត្ថុតាងដែលលួចគាស់ផ្ទះប្រជាពលរដ្ឋ បានសម្រេចនោះរួមមាន៖ – ម៉ូតូ ចំនួន០២គ្រឿង ។ – ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០០៨ ។ ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០២២ ព្រមទាំងទ្រព្យសម្បត្តិមួយចំនួនទៀត ។
ពួកគេ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ ចាប់ខ្លួន កាលពីថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២៣ នៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
បច្ចុប្បន្ននេះ ជនសង្ស័យ២នាក់ខាងលើនេះ កំពុងត្រូវបាន សាកសួរចម្លើយ នៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា
