កាលពីចុងឆ្នាំ ២០១៧ ពលរដ្ឋនាភូមិមួយនៅប្រទេសថៃ ពិតជារីករាយយ៉ាងខ្លាំងដោយឃើញមច្ឆាចម្លែកមួយ ស្រាប់តែបង្ហាញខ្លួន ក្នុងប្រឡាយទឹកខាងត្បូងភូមិ ។
យុវជនច្រើននាក់រួមកម្លាំងគ្នា ទើបអាចចាប់បានមច្ឆាធំសម្បើមនេះ ។
ដំណើរការហ៊ុមព័ទ្ធចាប់មច្ឆាចម្លែកពណ៌ខ្មៅស្រិល ពិតជាពិបាកព្រោះតែទំហំវាធំ ហើយអ្នកភូមិមិនច្បាស់ថាវាជាត្រីអ្វីទៀត ។
វាគឺជាត្រីគ្មានស្រកាដ៏ធំមួយ ហើយវារសាត់ចូលមកទីនេះប្រហែលដោយសារព្យុះ កាលពីមួយរយៈពេលមុន ។
គេគ្រាន់តែដឹងថាវាជាត្រីដែលរសាត់ចូលពីទន្លេមេគង្គមក បំណងរបស់ពួកគេគឺចង់ចាប់វាដើម្បីចែកគ្នាមើលប៉ុណ្ណោះ ។
តាមអ្នកជំនាញការខាងត្រីបានប្រាប់ថា ត្រីគ្មានស្រកាមួយក្បាលនេះ មានអាយុប្រមាណ២៦ឆ្នាំ ទម្ងន់ជិត ២០០គីឡូក្រាមឯណោះ ។ អ្នកភូមិជួបប្រជុំគ្នាពិភាក្សាថាគប្បីចាត់ការបែបណាចំពោះនេះ? ចុងក្រោយពួកគេបានសម្រេចយកវាទៅព្រលែងក្នុងតំបន់បឹងមួយធំ ចម្ងាយពីភូមិនោះជិត ២គីឡូម៉ែត្រ ។
ពួកគេនាំគ្នាបួងសួងសុំសេចក្តីសុខ ព្រោះអ្នកភូមិជឿថា វាជា “ត្រីអ្នកតា” ។
យុវជនមួយក្រុមបានព្រលែងវាចុះទៅក្នុងទឹកបឹង ដំបូងវាហាក់ពុំកម្រើកខ្លួន ប៉ុន្តែប៉ុន្មានវិនាទីក្រោយមក វាក៏គ្រវីកន្ទុយ រួចហែលចុះទៅក្នុងទឹកបឹងបាត់ទៅ ។
ប្រជាជនក្នុងភូមិនាំគ្នាទះដៃហ៊ោរកញ្ជៀវ ខ្លះទៀតបួងសួងសុំសេចក្តីសុខ ។
នេះពិតជាទង្វើមួយដ៏ល្អណាស់មែនទេ?