បណ្ដាញសង្គមចិនបានភ្ញាក់ផ្អើល និងនាំគ្នាស៊ែរចែករំលែកឃ្លិបវីដេអូ ស្រីម្នាក់ បានដាក់ប្រឡៅក និងចងខ្សែដឹកច្រមុះបុរសម្នាក់ ឱ្យដើរជើង៤ លូនទៅតាមផ្លូវថ្នល់ក្នុងទីសាធារណៈ និងថែមទាំងវាយវាត់ដោយរំពាត់ខ្សែតីទៀតផង។ ទិដ្ឋភាពនេះបានធ្វើឱ្យមនុស្សម្នានៅម្ដុំនោះ នាំគ្នាតាមសម្លឹងមើលយ៉ាងភ្ញាក់ផ្អើល តែទីបំផុតទាំង ២នាក់ក៏ត្រូវប៉ូលិសចាប់ខ្លួន…។
កាលពីថ្ងៃទី១៨ ខែមីនាកន្លងទៅ មានឃ្លិបវីដេអូមួយបានក្លាយជាប្រធានបទដ្រាម៉ាយ៉ាងក្ដៅគគុក នៅពេលដែលស្ត្រីម្នាក់បានដើរទាញខ្សែដឹកច្រមុះបុរសម្នាក់ដែលមានពាក់ប្រឡៅក និងស្រែកបញ្ជាឱ្យគេលូនវារជើង៤ ទៅតាមផ្លូវថ្នល់ ខណៈដែលនាងបានវាយវាត់ដោយរំពាត់ខ្សែតីទៅលើខ្លួនប្រាណបុរសនោះ ដូចគេវាយបញ្ជាសត្វពាហនៈឱ្យដើរទៅមុខដូច្នោះដែរ។

ចំណែកខាងទីស្នាក់ការសន្តិសុខសាធារណៈសាខាមើយឡាន់ ទីក្រុងហៃខូវ ប្រទេសចិន បានបញ្ជាក់ថា ក្រោយពីបានទទួលដំណឹង រឿងឃ្លិបវីដេអូមួយនេះពីប្រជាជនរួចមក ខាងអាជ្ញាធរក៏បានធ្វើការត្រួតពិនិត្យភ្លាមៗតែម្ដង និងនៅពេលកំណត់បានមុខសញ្ញាស្ត្រី និងបុរសនៅក្នុងឃ្លិបវីដេអូបានហើយ ទាំង ២នាក់នោះក៏ត្រូវបាននាំខ្លួនមកផាកពិន័យ ហើយទីបំផុតពួកគេទាំង២ ត្រូវបានឃុំខ្លួនរយៈពេល ៥ថ្ងៃ តាមច្បាប់ស្ដីពីសន្តិសុខ និងសណ្ដាប់ធ្នាប់ក្នុងទីសាធារណៈ។

តាមរបាយការណ៍បានឱ្យដឹងថា ហេតុការណ៍នោះបានកើតឡើងនៅថ្ងៃទី១៦មីនា ដោយបុរស និងស្ត្រីនៅក្នុងឃ្លិបនោះ បានស្គាល់គ្នាតាមរយៈប្លាតហ្វ៉មវីដេអូមួយ និងបានភ្នាល់គ្នាអំពីរឿងអ្វីម្យ៉ាង ដោយបានឯកភាពគ្នាថា អ្នកណាចាញ់ នឹងត្រូវរងការដាក់ទោសទណ្ឌ។ លុះដល់វេលាម៉ោងប្រមាណជា ១១កន្លះយប់ បុរសរូបនោះបានចាញ់ការភ្នាល់នោះ ទើបរូបគេយល់ព្រមពាក់ប្រឡៅកច្រវាក់របស់សត្វឆ្កែ និងត្រូវខាងស្រីដើរដឹកច្រមុះ បង្ហាញគេឯងនៅក្នុងទីសាធារណៈ ដោយមានថតវីដេអូទុកទៀតផង។ លុះដល់ពេលឃ្លិបនេះត្រូវបានផូស្តនៅក្នុងបណ្ដាញសង្គម និងតមកមានការស៊ែរចែករំលែកតៗគ្នាយ៉ាងឆាប់រហ័សផងនោះ បានធ្វើឱ្យកើតមានផលប៉ះពាល់ខាងផ្នែកសណ្ដាប់ធ្នាប់សង្គមយ៉ាងខ្លាំង។ អ្នកដែលបានឃើញឃ្លិបនោះទាំងប៉ុន្មាន បាននាំគ្នាខំមិនត៍ និងបញ្ចេញយោបល់មិនពេញចិត្ត និងរិះគន់ពីទង្វើអ្នកទាំង២នោះយ៉ាងខ្លាំងក្លា៕








