Friday, March 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តិចទៀត មនុស្សអស់ការងារធ្វើហើយ! រឹន ឆៀវ ស៊ុង ក្រមុំ AI អ្នកនិយាយព័ត៌មានថ្មីរបស់ប្រទេសចិន

នៅពេលពិភពលោកឈានចូលដល់យុគសម័យរបស់ AI ឬមនុស្សយន្តបញ្ញាសិប្បនិម្មិត តើនឹងមានអ្នកប្រកបអាជីពអ្វីខ្លះ ដែលនឹងលែងមានការងារធ្វើ? និងប្រាកដណាស់! ច្បាស់ជាមានអាជីពជាច្រើនដែលនឹងទទួលរងផលប៉ះពាល់យ៉ាងមិននឹកស្មានដល់។

ដូចគ្នានឹងរឿងរ៉ាវដែលកើតឡើងនៅក្នុងប្រទេសចិនដែរ នៅពេលដែលបណ្ដាញព័ត៌មានដ៏ធំសម្បើម គឺ People’s Daily បានបង្ហាញខ្លួនអ្នកនិយាយព័ត៌មានថ្មីសន្លាងម្នាក់របស់ពួកគេ ដែលមានឈ្មោះថា រឹន ឆៀវ ស៊ុង ជានាងក្រមុំមុខស្រស់ និងមានបុគ្គលិកលក្ខណៈល្អឥតខ្ចោះ តែនាងមិនមែនជាមនុស្សយើងទេ គឺជារូបភាព Versual ដូចរូបពិត ដែលដំណើរការដោយថាមពលបញ្ញាសិប្បនិម្មិត ឬ AI ដែលធ្វើឱ្យនាងអាចរាយការណ៍ព័ត៌មានបានពេញ ២៤ម៉ោង ដោយមិនចាំបាច់ឈប់សម្រាកឡើយ។

រឹន ឆៀវ ស៊ុង ត្រូវបានណែនាំឱ្យពិភពលោកបានស្គាល់ក្នុងឋានៈជាអ្នកនិយាយព័ត៌មានដោយថាមពល AI ដែលរៀនយល់ដឹងពីជំនាញ និងសមត្ថភាពពី “អ្នកនិយាយព័ត៌មានរាប់ពាន់នាក់ទូទាំងពិភពលោក” និងថែមទាំងអាចអភិវឌ្ឍខ្លួនឯងជាបន្តបន្ទាប់តាមគំនិតយោបល់របស់ទស្សនិកជនបានទៀតផង និងបើសិនជាសម្លឹងមើលបែបធម្មតាៗ លោកអ្នកស្ទើរតែមិនអាចជឿឡើយថា ការពិត នាងមិនមែនជាមនុស្សទេ។

អ្នកនាង រឹន បានណែនាំខ្លួននៅក្នុងថ្ងៃធ្វើការលើកដំបូងរបស់នាងថា “ជម្រាបសួរចា៎ស នាងខ្ញុំឈ្មោះ រឹន ឆៀវ ស៊ុង ជាអ្នករាយការណ៍ព័ត៌មានឌីជីថល AI ដែលទើបមកធ្វើការនៅ People’s Daily”
នាងបានបន្តទៀតថា “អ្នករាយការណ៍ព័ត៌មានជាច្រើនពាន់នាក់ បានបង្ហាត់បង្រៀនពីជំនាញខាងវិជ្ជាជីវៈដល់នាងខ្ញុំ ហើយនាងខ្ញុំនឹងរាយការណ៍ព័ត៌មានពេញ ១ឆ្នាំ ១ថ្ងៃ២៤ម៉ោង និង៣៦៥ថ្ងៃពេញ ដោយមិនឈប់សម្រាកឡើយ…មិនថានៅក្នុងវេបសាយព័ត៌មាន ឬនៅក្នុងស្ទូឌីយោឡើយ លោកអ្នកនឹងបានឃើញនាងខ្ញុំជានិច្ច…គ្រប់ៗកិច្ចសន្ទនា គ្រប់ៗការណែនាំដែលលោកអ្នកផ្ញើមក នឹងធ្វើឱ្យនាងខ្ញុំកាន់តែឆ្លាតវៃឡើងថែមទៀត”

ដូច្នេះ មិនបាច់នឹកឆ្ងល់ ឬសង្ស័យចំពោះសមត្ថភាពរបស់នាងឡើយ ព្រោះគុណភាពដែលនាងរាយការណ៍ព័ត៌មាន អាចនិយាយបានថា ល្អជាងមនុស្សធម្មតាទៀតផង ទាស់តែត្រង់ថា ការបញ្ចូលសំឡេង ជាមួយរូបភាពដែលបង្ហាញឡើង នៅមិនទាន់ត្រូវគ្នាតែបន្តិចប៉ុណ្ណោះ ហើយប្រាកដណាស់! តិចណូឡូជីមួយនេះ នឹងត្រូវអភិវឌ្ឍឱ្យរឹតតែល្អឡើងនាពេលអនាគតមិនខាន។

ការពិតទៅ អ្នករាយការណ៍ព័ត៌មាន អាចឆ្លើយតបសំណួរជូនទៅទស្សនិកជនវិញបានគ្រប់ប្រធានបទ មិនថាតែខាងវិស័យអប់រំ ការការពារ និងបង្ការការឆ្លងរាលដាលរបស់ជំងឺ អចលនទ្រព្យ វិស័យការងារ បរិស្ថាន និងផ្សេងៗទៀតជាច្រើន តែបច្ចុប្បន្ន រឹន ឆៀវ ស៊ុង ត្រូវបានកំណត់សមត្ថភាព ឱ្យឆ្លើយតបតែសំណួរណា ដែលបានកំណត់ចម្លើយទុកមុនរួចហើយតែប៉ុណ្ណោះ។

បច្ចុប្បន្ននេះ សូម្បីតែអាជីពអ្នករាយការណ៍ព័ត៌មាន ក៏ត្រូវបាន AI ដណ្ដើមយកទៅធ្វើដែរ ហើយប្រហែលមិនយូរទៀតទេ ច្បាស់ជាមានអាជីពផ្សេងៗទៀតត្រូវ AI ដណ្ដើមយកទៀតមិនខាន ដូច្នេះពេលនេះ ប្រហែលជាត្រូវងាកមកមើលខ្លួនឯងហើយថា តើអាជីពដែលលោកអ្នកកំពុងធ្វើហ្នឹង មានសិទ្ធិត្រូវ AI ដណ្ដើមបានទេ មើលទៅ?៕

×