ភ្នំពេញ ៖ តារាចម្រៀងលោក ខាន់ ជេមស៍ បានចេញមុខសុំទោសជាសាធារណ: បន្ទាប់ពីលោកបានបង្ហោះសារមួយ នៅលើគណនេយ្យហ្វេសប៊ុក របស់លោកដែលមហាជនចាត់ទុកជាការដៀមដាមទៅលើអ្នកក្រ និងអ្នកធ្វើការដែលមានប្រាក់ខែតិច ហើយចូលចិត្តសប្បាយដើរលេងច្រើន។
សារដែលតារាចម្រៀងរូបនេះបានសសេរបង្ហោះនោះបានលើកឡើងថា បុគ្គលិកប្រាក់ខែ 300$ សៅរ៍អាទិត្យគេ post ដើរលេងជាមួយសង្សារដាក់Caption “relax time “ ឯមេប្រាក់ខែ2000$ សៅរ៍ អាទិត្យជួយដឹកឥវាន់ online ឲ្យប្រពន្ធដូចព្យុះ។
តាមរយៈសារមួយនេះបានធ្វើឲ្យមហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុក បាននាំគ្នាចូលទៅខំមិនដោយធ្វើការវែកញែក ដោយលើកឡើងជាមតិផ្សេងៗគ្នា ដោយនៅក្នុងនោះពួកគេបានចាត់ទុកការសសេរបែបនេះពីលោក ខាន់ ជេមស៍ គឺជាការវាយប្រហារ និងដៀមដាម និងទើសអ្នកក្រ។

យ៉ាងណាក្រោយមើលឃើញពីមតិរិះគន់ដូចទឹកបាក់ទំនប់ពីមហាជនបែបនេះតារាចម្រៀងលោក ខាន់ ជេមស៍ បានចេញមុខសុំទោសជាសាធារណះ ដោយលោកចាត់ទុការសសេររបស់លោកខាងលើនេះគឺគ្មានចេតនា គ្មានបំណងនិងគំនិតអាក្រក់ណាមួយមើលងាយដល់អ្នកក្រអ្នកមានអ្វីឡើយ ពោលលោកគ្រាន់តែសរសេរក្នុងន័យបង្កើតមាតិកាកំប្លែងដើម្បីជូន ពុកម៉ែបងប្អូនកំសាន្ត ប៉ុណ្ណោះ។
តាមរយៈវីដេអូឃ្លីបបង្ហោះតាមបណ្តាញសង្គមលោក ខាន់ ជេមស៍ បានលើកឡើងថា លោកមិនបានដឹងមានបងប្អូនខឹងលោកដល់ថ្នាក់នេះឡើយ នៅពេលដែលលោកបានបង្ហោះសារមួយនេះ។

លោកបញ្ជាក់ថា តាមពិតលោកមិនមានចេតនាណាមួយចង់មើលងាយឬស្អប់អ្នកក្រនោះឡើយ ខណៈពេលលោកក៏ធ្លាប់ជាកូនអ្នកក្រម្នាក់ផងដែរ។
លោកថា អ្នកមាន អ្នកក្រ ពោលគឺមនុស្សនៅលើផែនដីទាំងអស់ គឺលោកស្រឡាញ់ទាំងអស់ ហើយលោកក៏ធ្លាប់ត្រូវគេបោកច្រើនដែរ ដោយសារតែលោកមើលឃើញគេតែផ្លូវល្អ។
យ៉ាងណាបើតាមលោក ខាន់ ជេមស៍ ការបង្ហោះជាCaption នេះឡើង គឺគ្រាន់តែបង្កើតជាមាតិការដើម្បីឲ្យបងប្អួនមានការទាក់ទាញ និងផ្តល់ភាពសប្បាយរីករាយទៅកាន់បងប្អូន និងអ្នកគាំទ្ររបស់លោកប៉ុណ្ណោះ។

លោក ខាន់ ជេមស៍ បន្ថែមថា លោកមិនស្មានថាការសសេរនេះធ្វើឲ្យបងប្អូនខឹងយ៉ាងណានេះឡើយ ប៉ុន្តែយ៉ាងណាលោកពិតជាសុំទោសចេញពីចិត្ត ហើយនៅតែប្រកាន់ជំហ៊រថាលោកមិនមានបំណងមើលងាយអ្នកក្រនោះឡើយ។ ទោះជាយ៉ាងណាលោកពិតជាសុំទោស និងសោកស្តាយចំពោះការសសេរបង្ហោះពាក្យពេចន៍ខាងលើនេះ ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍បងប្អូន តែលោកមិនមានចេតនាអាក្រក់ណាមួយ ចំពោះបងប្អូនណាម្នាក់ឡើយ ខណៈពេលដែលលោកមានថ្ងៃនេះ ក៏ដោយសារមានការគាំទ្រពីសំណាក់បងប្អូនទស្សនិកជនដែរ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV







