ស្វាមី បេះដូងស្ទើរតែរលាយ ព្រោះភរិយាដែលទើបតែបែកគ្នាបាន ២ខែ ស្លាប់យ៉ាងទាន់ហន់ រឹតតែស៊ើបរកការពិត រឹតតែសឹងគាំងបេះដូង មានបុរសម្នាក់យកឈ្មោះរបស់ខ្លួនទៅអាង នាំទៅរំលូតកូន…ទីបំផុតម្ដាយក្មេក ព្រមប្រាប់ការពិត…ឈឺចាប់លើសដើម!។
ក្លាយជារឿងរ៉ាងរន្ធត់ចិត្ត ក្រោយពីបុរសជនជាតិចិនម្នាក់បានដឹងដំណឹងថា ភរិយារបស់ខ្លួនដែលទើបបែកគ្នារស់នៅបាន ២ខែ បានស្លាប់យ៉ាងទាន់ហន់ ទាំងដែលនាងមានសុខភាពល្អរហូតមក ហើយឪពុកម្ដាយក្មេក ថែមទាំងប្រញាប់ប្រញាល់បូជាសពរបស់នាងទៀត ធ្វើឱ្យរូបគេនឹកសង្ស័យ…លុះដល់ដឹងរឿងរ៉ាងទាំងអស់ បេះដូងស្ទើរតែរលាយ!

កាលពីពេលមុនហ្នឹង នៅថ្ងៃទី៧ កក្កដា ឆ្នាំ២០២២ លោកលូ និងភរិយា ដែលរស់នៅក្នុងមណ្ឌលសានស៊ី ប្រទេសចិន បានកើតការឈ្លោះទាស់ទែងគ្នាយ៉ាងខ្លាំង។ លោកលូ គ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនជាប់ ក៏បានទះកំផ្លៀងប្រពន្ធ ១ដៃ ធ្វើឱ្យប្រពន្ធខឹងយ៉ាងខ្លាំង។ នាងបាននាំកូនស្រីទាំង២ ទៅរស់នៅជាមួយឪពុកម្ដាយរបស់នាង ដែលនោះគឺ ជាលើកចុងក្រោយបំផុត ដែលលោកលូ បានឃើញមុខភរិយា។
គ្មានអ្នកណានឹកស្មានដល់ឡើយថា បន្ទាប់ពីបែកគ្នារស់នៅបានត្រឹមតែ ២ខែ សុខៗ ថ្ងៃមួយលោកលូ ក៏បានដឹងដំណឹងថា ប្រពន្ធបានស្លាប់ទៅហើយ។ គេបានធ្វើដំណើរទៅផ្ទះឪពុកម្ដាយក្មេកភ្លាមៗតែម្ដង តែពេលទៅដល់ គេបានជួបនឹងហេតុការណ៍ដែលមិនគួរឱ្យជឿជាច្រើន ហើយនៅទីបំផុត គេបានទៅសុំឱ្យអ្នកសារព័ត៌មានជួយស្រាវជ្រាវ ដើម្បីស្វែងរកការពិតអំពីរឿងនេះ។

លោកលូ បានប្រាប់ឱ្យដឹងថា លោក និងភរិយា បានបើកហាងជួសជុលម៉ូតូជាមួយគ្នា…ទោះជាការងារធ្ងន់ធ្ងរ និងលំបាកមែន តែប្រាក់ចំណូលក៏ល្មមអាចចិញ្ចឹមគ្រួសារបានដោយមិនលំបាកដែរ។
លុះមកដល់ថ្ងៃមួយ ទាំង ២នាក់បានឈ្លោះគ្នាយ៉ាងខ្លាំង ហើយភរិយារបស់គេ បាននិយាយពាក្យសម្ដីព្រហើន ធ្វើឱ្យលោកមិនអាចរម្ងាប់អារម្មណ៍បាន ក៏លើកដៃទះកំផ្លៀងនាង ១ដៃ។ បន្ទាប់ពីនោះ ភរិយាក៏បង្ហាញអាការខឹងសម្បាយ៉ាងខ្លាំង និងបានប្រមូលអីវ៉ែអីវ៉ាន់ ព្រមជាមួយកូស្រី ២នាក់ រត់ទៅនៅផ្ទះឪពុកម្ដាយរបស់នាង ដែលនៅពេលនោះ រូបគេក៏មិនបានចាប់អារម្មណ៍អ្វីដែរ ព្រោះគិតថា ២ថ្ងៃទៀត ពេលនាងស្ងប់អារម្មណ៍ទៅវិញ នាងនឹងត្រឡប់មកវិញមិនខាន។
រហូតដល់ ២ខែតមកទៀត សុខៗ អ៊ំប្រុសរបស់ភរិយា ក៏មករកលោកលូ និងប្រាប់ថា ភរិយារបស់គេ បានស្លាប់ហើយ និងសូមឱ្យគេទៅមើលមុខនាងជាលើកចុងក្រោយ។

ដំណឹងដ៏ភ្ញាក់ផ្អើលនេះ ធ្វើឱ្យលោកលូ មិនយល់ឡើយ ថាតើមានរឿងអ្វីកើតឡើង ព្រោះភរិយារបស់លោក មានសុខភាពល្អខ្លាំងណាស់ ហេតុម៉េចបាននាងឃ្លាតចេញទៅរហ័សបែបនេះ?
គេប្រញាប់ធ្វើដំណើរទៅរៀបចំពិធីបុណ្យសពប្រពន្ធភ្លាម និងបានដឹងថា ឪពុកម្ដាយក្មេក កំពុងបូជាសពរបស់នាង។ លោកលូ មិនទាំងមានឱកាសបានឃើញមុខភរិយារបស់លោកផង។
លោកលូ បានឱ្យដឹងទៀតថា ពេលលោកទៅដល់ពិធីបុណ្យសព សាច់ញាតិរបស់ភរិយា កំពុងនាំគ្នាស្រែកទ្រហោយំយ៉ាងខ្លាំង តែនៅពេលឃើញរូបគេ គ្រប់គ្នាហាក់ដូចជាមានចេតនាគេចមុខពីគេ ធ្វើឱ្យគេគិតថា វាហាក់ដូចជាចម្លែកខ្លាំងណាស់ ដែលពួកគេមិនព្រមប្រាប់ពីមូលហេតុនៃការស្លាប់របស់ភរិយាគេ។ គេក៏សម្រេចចិត្តទូរស័ព្ទទៅប៉ូលិស។
ប៉ូលិស បានទូរស័ព្ទមកគេវិញនៅពេលព្រឹកឡើង និងបានប្រាប់ពីលទ្ធផលនៃការស៊ើបសួរថា ភរិយារបស់គេ មិនបានធ្វើអត្តឃាតទេ តែស្លាប់ដោយសារឧប្បត្តិហេតុក្នុងអំឡុងពេលរំលូតយកកូនចេញ…ពេលបានដឹងដូច្នោះហើយ លោកលូ នឹកឈឺចាប់ស្ទើរតែរលាយបេះដូង និងនឹកបន្ទោសខ្លួនឯងដែលមិនបានដឹងថា ប្រពន្ធកំពុងមានផ្ទៃពោះ មិនដូច្នោះទេ គេច្បាស់ជាគ្មានថ្ងៃឈ្លោះជាមួយនាងជាដាច់ខាត និងប្រហែលជាមិនបណ្ដោយឱ្យភរិយា ត្រឡប់ទៅផ្ទះឪពុកម្ដាយរបស់នាងដែរ។
តែយ៉ាងណាក៏ដោយ លោកលូនឹកឆ្ងល់ថា ហេតុអ្វីបានភរិយារបស់លោក ទៅរំលូតកូនចេញ? លោកក៏ទៅមន្ទីរពេទ្យនោះ ដើម្បីដើម្បីស្វែងរកចម្លើយអំពីរឿងនេះ។

នៅពេលដែលលោកលូ ទៅដល់មន្ទីរពេទ្យភ្លាម គ្រូពេទ្យ និងគិលានុបដ្ឋាកទាំងឡាយ នាំគ្នាសម្លឹងមើលមកលោកដោយខ្សែភ្នែកចម្លែកៗ និងមានអ្នកខ្លះសួរថា ហេតុអីបានមានលោកលូមកម្នាក់ទៀត? និងប្រាប់ថា ខាងមន្ទីរពេទ្យ បានវេរលុយថ្លៃសំណង ចូលបញ្ជីឱ្យហើយចំនួន ៥៥០ ០០០យន់ ឬប្រមាណជិត ៦ម៉ឺនដុល្លារ។
ក្នុងឋានៈជាស្វាមី លោកលូ មិនបានដឹងអ្វីពាក់ព័ន្ធនឹងរឿងនេះទាល់តែសោះ ហើយខ្លាំងជាងនោះទៅទៀត តាមរយៈទិន្នន័យរបស់មន្ត្រីមន្ទីរពេទ្យ បានឱ្យដឹងថា ភរិយារបស់លោកបានមករំលូតកូន ខណៈមានគភ៌បានត្រឹមតែ ៤០ថ្ងៃប៉ុណ្ណោះ តែលោកលូ និងភរិយាបានរស់នៅបែកគ្នាជាង ២ខែមកហើយ ដូច្នេះធ្វើម៉េចពួកគេមានកូនកើត? ហើយលុយនោះ អ្នកណាជាអ្នកទទួល?
មន្ត្រីមន្ទីរពេទ្យ បានរៀបរាប់ថា មានបុរសវ័យជាង ៣០ម្នាក់ បានមកដល់ទីនេះ ដោយអះអាងថា ខ្លួនគេ គឺជាលោកលូ។ បុរសម្នាក់នោះបាននិយាយជាមួយឪពុកម្ដាយរបស់ភរិយាលោកលូ និងមើលថែទាំភរិយាលោកលូយ៉ាងល្អ ដោយទាំង ២នាក់ ថែមទាំងបានប្រាប់ទៀតថា ពួកគេគឺជាប្ដីប្រពន្ធនឹងគ្នា ហើយបុរសម្នាក់នោះ ថែមទាំងបានចុះហត្ថលេខាលើលិខិតយល់ព្រមឱ្យប្រពន្ធវះកាត់ទៀតផង។

តាមរយៈទិន្នន័យទាំងនោះ លោកលូបានចាប់ផ្ដើមប្រាកដក្នុងចិត្តហើយថា មានអ្នកយកឈ្មោះលោកមកអាង ហើយឪពុកម្ដាយរបស់ភរិយា ក៏ដឹងរឿងគ្រប់យ៉ាងដូចគ្នាដែរ ព្រោះមានហត្ថលេខារបស់ពួកគាត់ដែរ។
លោកលូ និងអ្នកសារព័ត៌មាន បានទៅដល់ផ្ទះឪពុកម្ដាយរបស់ភរិយាលោកលូ ដើម្បីសាកសួររឿងរ៉ាវពាក់ព័ន្ធនឹងរឿងនេះ តែគ្រាន់ក្រឡេកឃើញរូបគេ ឪពុកម្ដាយរបស់ភរិយា ក៏បណ្ដេញរូបគេ និងស្រែកជេរស្ដីរូបគេយ៉ាងអាក្រក់ៗទៀតផង។
ទីបំផុតដោយសារមានជំនួយអំពីអ្នកសារព័ត៌មាន ឪពុកម្ដាយរបស់ភរិយា ក៏យល់ព្រមមកអង្គុយនិយាយជាមួយ និងនៅទីបំផុត ពួកគាត់ក៏រៀបរាប់ប្រាប់ពីការពិតទាំងអស់តែម្ដង…។
ម្ដាយរបស់ភរិយាបានប្រាប់ថា កូនស្រីគាត់ និងប្ដី ឈ្លោះគ្នាញឹកញាប់ណាស់ ពីដំបូងគាត់ក៏មិនបានគិតអ្វីច្រើនដែរ ព្រោះគូប្ដីប្រពន្ធខ្លះក៏អ៊ីចឹងដូចតែគ្នាដែរ តែលុះមកដល់ខែកក្កដា ឆ្នាំកន្លងទៅ ទាំង ២នាក់ក៏ឈ្លោះគ្នាទៀត ហើយតាំងពីពេលនោះមក កូនស្រីក៏ត្រឡប់មកនៅផ្ទះវិញ តែក៏នៅតែវិលទៅរកស្វាមី ២-៣ដងដែរ តែសម្ព័ន្ធភាពរបស់គេទាំង២ មិនបានល្អប្រសើរឡើងឡើយ។
តមកកូនស្រីក៏បានដឹងថា ខ្លួនឯងមានគភ៌ តែដោយសារតែតាំងចិត្តថា នឹងលែងលះគ្នាមែនទែនហើយនោះ ទើបត្រូវការរំលូតកូនចេញ ដោយរូបគាត់ និងស្វាមី គោរពតាមការសម្រចចិត្តរបស់កូនស្រី ដូច្នេះទើបសម្រេចចិត្តដំណើរការរឿងនេះយ៉ាងស្ងាត់ៗ ដោយមិនត្រូវការឱ្យកូនប្រសាដឹងឡើយ។
ពួកគាត់បានទៅសុំពឹងពាក់មិត្តភក្តិរបស់កូនស្រីម្នាក់ ឱ្យមកបន្លំធ្វើជាស្វាមីរបស់កូន ដើម្បីបានទទួលការរំលូតត្រឹមត្រូវ…តែ តើនរណាទៅដឹងថា កូនស្រីនឹងស្លាប់ នៅពេលខាងមន្ទីរពេទ្យអះអាងថា ជាឧប្បត្តិហេតុខាងវេជ្ជសាស្ត្រ។ ដូច្នេះហើយទើបពួកគាត់ទូរស័ព្ទទៅប្រាប់កូនប្រសា តែទូរស័ព្ទទៅប៉ុន្មានដង ក៏គ្មានអ្នកទទួលសោះ ធ្វើឱ្យពួកគាត់នឹកខឹងយ៉ាងខ្លាំង និងសម្រេចចិត្ត មិនឱ្យប្រាក់សំណងទៅកូនប្រសាតែម្ដង។
បន្ទាប់ពីដឹងការពិតគ្រប់យ៉ាងហើយ លោកលូបានសម្ដែងការសោកស្ដាយ និងឈឺចុកចាប់យ៉ាងខ្លាំង។ ឪពុកម្ដាយរបស់ភរិយា ក៏ដឹងខ្លួនខុសដូចគ្នា និងបានលើកលែងទោសឱ្យកូនប្រសា ហើយនៅទីបំផុត លោកលូក៏យកកូនស្រីទាំង២ វិលត្រឡប់ទៅផ្ទះវិញ ដើម្បីចិញ្ចឹមពួកគេតទៅទៀត៕










