ភ្នំពេញ ៖ ស្រ្តីម្នាក់ត្រូវបានកម្លាំងកងរាជអាវុធ ធ្វើការស្រាវជ្រាវចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ក្រោយពីធ្វើសកម្មដាក់ថ្នាំសំណុំលួចយកម៉ូតូកង់បី (PASS APP) ពីបុរសម្នាក់ ដែលបង្កឱ្យបុរសនោះឈឺក្បាលវិលមុខ ជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិតថែមទៀត។
ស្រ្តីជាជនដៃដល់ខាងលើ ត្រូវបានគេស្គាល់ឈ្មោះថា នាក់ សុខន អាយុ៤០ រស់នៅភូមិពោធិមៀវ ឃុំគគីរធំ ស្រុកកៀន ស្វាយ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២៣។ ចំណែកបុរសជាជនរងគ្រោះ ត្រូវថ្នាំសណ្តុំបាត់បង់ទាំងម៉ូតូកង់បី បាត់បង់ទាំងជីវិតថែមទៀត ឈ្មោះ ឃីន អ៊ីន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបររត់ផាស់អាប់។

លោកវរសេនីយ៍ឯក ទូច អ៊ីណាន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល បានឱ្យដឹងថា បន្ទាប់បើកប្រតិបត្តិការស្រាវជ្រាវរួច កម្លាំងជំនាញបានធ្វើការឃាត់ខ្លួន មនុស្សចំនួន៥នាក់ ប៉ុន្តែក្រោយធ្វើការសាកសួរ មិនមានការជាប់ពាក់ព័ន្ធ តំណាងអយ្យការក៏បានឱ្យមនុស្ស៤នាក់ វិលត្រឡប់ទៅលំនៅដ្ឋានវិញ ដោយបញ្ជូនតែស្ត្រីដៃដល់ម្នាក់ ឈ្មោះ នាក់ សុខន អាយុ៤០ រស់នៅភូមិពោធិមៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ទៅកាន់តុលាការ។

គួរបញ្ជាក់ថា កាលរសៀលថ្ងៃទី១១ មីនា ២០២៣កន្លងទៅ ស្ត្រីជាជនសង្ស័យបានទំនាក់ទំនងជាមួយជនរងគ្រោះ ឈ្មោះ ឃីន អ៊ីន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបររត់កង់បី(PASS APP) តាមរយៈទូរស័ព្ទ ដោយណាត់ជួបគ្នានៅបេនឡានផ្សារថ្មី។ ក្រោយជួបគ្នាក៏នាំគ្នាជិះ(PASS APP) ចូលមកក្រុងតាខ្មៅ ហើយបានចុះទិញស្រាបៀរនិងសាច់ក្លែម បន្តដំណើរទៅឈប់ផឹក នៅមុខទីស្នាក់ការកាកបាទក្រហមក្រុងតាខ្មៅ នាំគ្នាផឹករហូតដល់ជនរងគ្រោះស្រវឹងបាត់ស្មារតីដេកលើបង់ ដោយសារថ្នាំសណ្តំដែលជនសង្ស័យលួចដាក់។
ភ្លាមនោះស្ត្រីសង្ស័យបានទៅជួលអ្នករត់បី(PASS APP) នៅក្បែរៗនោះឱ្យជួយបើក(PASS APP) ទៅផ្ទះនៅឯព្រែកឯង ដោយកុហកថាឈ្លោះជាមួយប្តីនិងឱ្យថ្លៃឈ្នួល៤ម៉ឺនរៀល។ ពេលឯកភាពគ្នាអ្នករត់ផាសអាប់ឈ្មោះ ប៉ូច ប៊ុនធឿន បានទូរស័ព្ទហៅបងប្រុសឱ្យជួយបើក(PASS APP)របស់ខ្លួន ទៅជាមួយ។ លុះដល់ព្រែកឯង ជនសង្ស័យក៏អង្វរឱ្យជួយបើកបន្តទៅដល់ភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ដោយសន្យាឱ្យ៨ម៉ឺនរៀល បន្ទាប់ពីដល់កន្លែងកំណត់នាងឱ្យប្រាក់៧ម៉ឺនរៀល អ្នកស៊ីឈ្នួលបើក(PASS APP)ក៏ត្រឡប់ទៅវិញ។
ក្រោយដល់ហាងបញ្ចាំ ជនសង្ស័យអង្វរម្ចាស់ហាង សុំយកម៉ូតូម៉ាកស្កុបពីដែលខ្លួនបានដាក់បញ្ចាំវិញ ដោយដាក់ផាស់អាប់ជំនួស។ ដោយអង្វរពេកនិងឱ្យលុយម្ចាស់ហាងបញ្ចាំថែម១០០ដុល្លារ ទើបគេព្រមដល់ថ្ងៃទី១៤ មីនា ជនសង្ស័យបានមកយកប្រាក់បន្ថែមពីម្ចាស់ហាងបញ្ចាំចំនួន២២០ដុល្លារបន្ថែមទៀត ហើយទុក(PASS APP) បញ្ចាំដដែល។

ចំណែកជនរងគ្រោះដែលជាម្ចាស់(PASS APP) ក្រោយពីដឹងខ្លួន ក៏ងើបដើរចេញពីលើបង់ ដែលខ្លួនសន្លប់ តែដោយអាការៈវិលវល់ វិលមុខឈឺក្បាលក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ រងគ្រោះបាត់បង់ជីវិតតែម្តង៕ រក្សាសិទ្ធិដោយ ៖ ឈុនហ៊ាត


