នារីម្នាក់ដែលមកលេងឆ្នេរ Dong Tan នៅ Sattahip បានឃើញអ្នកជិះស្គីម្នាក់ អណ្តែតកណ្តាលសមុទ្រដោយមិនពាក់អាវពោងសង្គ្រោះជីវិតនោះទេ ហើយដោយមានការសង្ស័យ នាងបានប្រើទូរស័ព្ទពង្រីក១០០ដង ក៏ឃើញយ៉ាងច្បាស់ថា បុរសនោះកំពុងតស៊ូជីវិតនៅក្នុងទឹក ហើយនាងក៏ប្រញាប់ហៅទាហានមកជួយ។
នេះបើតាមទាហានជើងទឹកថៃ មានមូលដ្ឋាននៅ Sattahip ខេត្ត Chonburi បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នារីជាអ្នកទេសចរម្នាក់ បានរាយការណ៍ថា មានមនុស្សកំពុងលង់ទឹក បន្ទាប់ពីនាងបានប្រើទូរស័ព្ទពង្រីក ១០០ ដង និងដឹងច្បាស់ថា មិនមែនអ្នកហែលទឹកលេងទេ តែជាមនុស្សកំពុងលង់ទឹក និងថែមទាំងកំពុងព្យាយាមសុំជំនួយសង្គ្រោះផងដែរ។
តាមរយៈគណនី TikTok នាងបានរៀបរាប់ឲ្យដឹងថា នាង និងមិត្តប្រុស និងសាច់ញាតិ បានដើរលេងតាមឆ្នេរ ហើយឃើញមនុស្សជិះស្គីលេងនៅកណ្តាលសមុទ្រ។ មួយសន្ទុះក្រោយមក នាងឃើញម្តងទៀតថា គាត់ធ្លាក់ចូលទៅក្នុងទឹក។ ប៉ុន្តែមិនបានឃើញការធ្លាក់ដំបូងទេ ដោយនាងគិតថា អ្នកជិះស្គីនោះកំពុងហែលលេងក្នុងទឹកប៉ុណ្ណោះ។ ព្រោះនៅឆ្ងាយ នាងក៏បានប្រើទូរសព្ទព្យាយាមពង្រីក១០០ដង ហើយឃើញថា បុរសនោះដូចជាលើកដៃសុំជំនួយ មិនមែនហែលទឹកទេ។ ដូច្នេះ ពួកនាងក៏សម្រេចចិត្តរត់ទៅរកអ្នកជួយ។ ហើយក៏សំណាងល្អ ដែលបានទាហានមកជួយទាន់ពេល។
ក្រោយមក នាងបានធ្វើបច្ចុប្បន្នភាពឃ្លីបមួយទៀត ដោយបានបង្ហាញស្ថានភាពពេលទាហានក្មេងៗ៣នាក់ ហែលទៅជួយសង្គ្រោះ។ ក្នុងឃ្លីបនោះ អ្នកអាចមើលឃើញថា មានទូកពណ៌ខៀវបើកកាត់ តែពួកគេហាក់មើលមិនឃើញ។ សំណាងល្អដែលករណីដ៏រន្ធត់នេះ អាចជួយសង្គ្រោះអ្នកដែលធ្លាក់ចូលទឹកបានទាន់ពេលវេលា និងមានសុវត្ថិភាព។
ជាមួយគ្នានេះ អ្នកនិយមលេងអ៊ីនធឺណែត បាននាំគ្នាសរសើរទាហាន ដែលបានជួយសង្គ្រោះជីវិត និងពលរដ្ឋល្អ ដែលប្រើទូរស័ព្ទដៃពង្រីករូបភាព រហូតដល់អាចជួយបានភ្លាមៗ។ ហើយទន្ទឹមនឹងនេះផងដែរ គេក៏បានព្រមានដល់អ្នកដែលលេងកីឡាក្នុងទឹក ត្រូវមានអាវពោងសង្គ្រោះជីវិត កុំធ្វេសប្រហែសឲ្យសោះ ព្រោះរឿងហេតុអាចកើតឡើង មើលមិនឃើញនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






@bowhansa ตอบกลับ @puy_135z ♬ เสียงต้นฉบับ – หรรษา สายบันเทิง