មនុស្សម្នាបានព័ទ្ធវង់ នាំគ្នារោមមើលកណ្ដាលថ្នល់ នៅពេលនាងក្រមុំរូបស្អាតម្នាក់ ត្រូវសម្រេចចិត្តជ្រើសរើស រវាងកំលោះធ្វើការអូហ្វហ្វ៊ីស និងកំលោះកម្មករសំណង់។ ចុងក្រោយស្រឡាំងកាំង…អ្នកមិនត្រូវបាននាងជ្រើសរើស គឺជាអ្នកមាន…
វេបសាយល្បីឈ្មោះមួយរបស់វៀតណាម បានរាយការណ៍ពីករណីមួយដែលកំពុងត្រូវបានគេលើកមកនិយាយយ៉ាងទូលំទូលាយនៅក្នុងពិភពអនឡាញ នោះគឺឃ្លិបដែលបង្ហាញពីហេតុការណ៍មនុស្ស ១ក្រុមធំ បានប្រមូលផ្ដុំគ្នានៅកណ្ដាលថ្នល់ រួមគ្នាចាំអ៊ុតមើលថា តើនាងក្រមុំរូបស្អាត ស្លៀកឈុតដ្រេសពណ៌ខ្មៅម្នាក់ នឹងសម្រេចចិត្តជ្រើសរើសយកការទៅដើរលេងជាមួយបុរសម្នាក់ណា រវាងបុរស ២នាក់ដែលកំពុងឈរបែរខ្នង រង់ចាំឱ្យស្រីស្អាតសម្រេចចិត្ត។ បុរសម្នាក់បានណែនាំខ្លួនថា ខ្លួនគេជាបុគ្គលិកធ្វើក្នុងអូហ្វហ្វ៊ីស ចំណែកម្នាក់ទៀតបានប្រាប់ថា ខ្លួនគេជាកម្មករសំណង់។

ហើយនៅទីបំផុត ពេលវេលាដែលគ្រប់គ្នាទន្ទឹងរង់ចាំក៏មកដល់ អ្នកចោមរោមទស្សនាទាំងប៉ុន្មាន ម្នាក់ៗសឹងតែភ្លេចខ្លួនអត់ដង្ហើម នៅពេលមកដល់វិនាទីដែលនាងក្រមុំរូបស្អាតត្រូវសម្រេចចិត្ត ហើយប្រុសកំលោះដែលនាងផ្ដល់ចំណាប់អារម្មណ៍ខ្លាំងជាងម្នាក់ទៀតនោះគឺ “កំលោះអ្នកធ្វើការអូហ្វហ្វ៊ីស” ហ្នឹងឯង!។ ពេលនោះកំលោះអ្នកធ្វើការសំណង់ ក៏បានត្រឹមតែចូលរួមសម្ដែងការស្វាគមន៍ចំពោះអ្នកទាំង២យ៉ាងបរិសុទ្ធចិត្ត និងបានអះអាងជាថ្មីម្ដងទៀតថា ទោះជារូបគេមានអាជីពជាកម្មករសំណង់មែន តែ ក៏គេអាចមើលថែទាំគ្រួសារបានយ៉ាងល្អពេញលេញដែរ។
បន្ទាប់ពីនិយាយជូនពរគូស្នេហ៍ថ្មីថ្មោងរួចហើយ កំលោះកម្មករសំណង់ ក៏ដើរចេញពីកណ្ដាលហ្វូងមនុស្សទៅ ហើយនៅពេលនោះឯង ក៏ស្រាប់តែមានសំឡេងមនុស្សស្រែកឡើងថា “ការពិតគាត់មានផ្ទះវីឡាច្រើនណាស់នៅទីក្រុងហាណូយ!” រួចហើយមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលស្រែកទាំងនោះ ក៏រៀបរាប់បន្តទៀតថា ខ្លួនគេជាបុគ្គលិក ធ្វើការនៅក្នុងក្រុមហ៊ុនរបស់បុរសដែលជាកម្មករសំណង់នោះ ដែលការពិតទៅ គាត់មានមុខតំណែងជាអគ្គនាយកក្រុមហ៊ុន មានឋានៈជីវភាពមានបាន មានទ្រព្យសម្បត្តិច្រើន និងមានដើមកំណើតក្នុងក្រុមគ្រួសារដែលល្អ និងថែមទាំងជាមនុស្សស្ងប់ស្ងាត់ មិនសូវមាត់ក និងមិនចូលចិត្តអួតអាងទៀតផង។

ក្រោយពីឃ្លិបហេតុការណ៍នោះ ត្រូវបានផ្សព្វផ្សាយក្នុងប្រព័ន្ធបណ្ដាញសង្គមរួចមក ក៏បានទទួលការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកលេងបណ្ដាញសង្គមយ៉ាងឆាប់រហ័ស។ មនុស្សជាច្រើនបានសរសេរខំមិនត៍ថា នេះគឺជាហេតុការណ៍មួយទៀត ដែលបញ្ជាក់ថា យើងមិនគួរមើលមនុស្សតែលើរូបរាងមុខមាត់ ឬបានឮត្រឹមតែពាក្យសម្ដី ២-៣ម៉ាត់ ហើយសម្រេចថា គេជាមនុស្សបែបណានោះទេ។ តែយ៉ាងណាក៏ដោយ ក៏នៅមានមនុស្សជាច្រើនទៀតបានគិតថា ស្ត្រីនៅក្នុងឃ្លិបនោះ អាចនឹងជ្រើសរើសយកបុរសមកធ្វើជាគូស្នេហ៍ ដោយសារតែនាងចូលចិត្តកំលោះអូហ្វហ្វ៊ីសរូបនោះច្រើនជាង មិនបានសម្លឹងឃើញរឿងលុយកាក់ទ្រព្យសម្បត្តិអ្វីឡើយ ហើយពួកគេថែមទាំងបញ្ជាក់ទៀតផងថា នារីៗគ្រប់រូប មានសិទ្ធិជ្រើសរើសយកអ្វីដែលល្អបំផុតសម្រាប់ជីវិតខ្លួនឯង៕





