នៅពេលនិយាយអំពីយុទ្ធជនសម្ងំពួនបាញ់ដៃត្រង់ ឬយុទ្ធជនស្នៃភើរ៍ (Sniper) ដែលមានពិតប្រាកដមែនពេលយើងមើលខ្សែភាពយន្ត យើងតែងនឹកដល់ “វ៉ាស៊ីលី សាអ៊ិតសេហ្វ” កំពូលស្នៃភើរ៍ដៃត្រង់របស់សហភាពសូវៀតក្នុងសម័យសង្គ្រាមលោកលើកទី២ និង “គ្រីស ខាយល៍” ស្នៃភើរ៍កំពូលថ្វីដៃរបស់ Navy Seal សហរដ្ឋអាមេរិក តែលើកនេះយើងចង់សូមណែនាំកំពូលស្នៃភើរ៍ ៥នាក់ទៀត ដែលអាចហៅបានថា មានថ្វីដៃខ្លាំងក្លា មិនចាញ់គ្នាប៉ុន្មានឡើយ មកជម្រាបជូនដូចតទៅ…

១. Roza Georgiyevna : រ៉ូហ្សា ជី-អ-ជិ-យេវ-ណា ជាស្នៃភើរ៍ក្រមុំ ដែលមានវ័យត្រឹមតែ ២០ឆ្នាំប៉ុណ្ណោះរបស់សហភាពសូវៀត។ នៅក្នុងសង្គ្រាមលោកលើកទី២ នាងបានទទួលរហស្សនាមថា “សុបិនអាក្រក់ដែលមើលមិនឃើញ” ចំនួនមុខសញ្ញាដែលនាងប្រល័យបាន គឺ ៥៩នាក់ តែសំណាងអាក្រក់ណាស់ដែលនាងបានស្លាប់នៅក្នុងសមរភូមិ ឡេនីនហ្គ្រាដ។ តាមរយៈសៀវភៅកំណត់ត្រារបស់នាង ដែលបានរកឃើញ ធ្វើឱ្យគេជឿថា នាងត្រូវបានសម្លាប់ដោយសារគ្រាប់កាំភ្លើងធំ ដែលបាញ់ចេញពីរថក្រោះរបស់ពួកណាហ្ស៊ីអាល្លឺម៉ង់។
២. Billy Dixon : ប៊ីលលី ឌិកសុន គឺជាប្រជាពលរដ្ឋម្នាក់ក្នុងចំណោម ៨នាក់ ដែលបានទទួលមេដាយក្លាហាន Medal of Honor។ គ្មានអ្នកណាដឹងពីចំនួនមុខសញ្ញាដែលគេសម្លាប់បានច្បាស់លាស់ឡើយ។ ឌិកសុនត្រូវបានស្គាល់ក្នុងឋានៈជាអ្នកប្រមាញ់សត្វក្របី បៃសុន ក្នុងអំឡុងពេលដែលរដ្ឋតិចសាស់កំពុងត្រូវបានវាយលុកដោយជនកុលសម្ព័ន្ធឥណ្ឌាក្រហមបុរាណចំនួន ៧០០នាក់ ហើយគេបានសាងស្ថិតិការបាញ់សម្លាប់មុខសញ្ញា ដែលស្ថិតនៅឆ្ងាយដល់ទៅចម្ងាយ ១,៦គីឡូម៉ែត្រឯណោះ។ ក្នុងអំឡុងពេលប្រយុទ្ធជាមួយក្រុមជនកុលសម្ព័ន្ធបុរាណ ឌិកសុនបានបំពេញតួនាទីជាអ្នកស៊ើបការណ៍របស់រដ្ឋការ ក្នុងការប្រមាញ់ជនកុលសម្ព័ន្ធបុរាណ។

៣. Craig Harrison : ព្រិន្ទបាលទោ ក្រេក ហារីសុន របស់កងទ័ពអង់គ្លេស គឺជាអ្នកដែលសាងស្ថិតិសម្លាប់មុខសញ្ញា ដែលស្ថិតនៅក្នុងចម្ងាយឆ្ងាយបំផុតគឺ ២,៤៧គីឡូម៉ែត្រ។ ស្ថិតិនេះបានកើតឡើងនៅក្នុងឆ្នាំ២០០៩ នៅពេលដែលក្រេក បានបាញ់សម្លាប់យុទ្ធជនតាលីបង់ ២នាក់ ដោយប្រើពេលត្រឹមតែ ៦វិនាទីប៉ុណ្ណោះ។ ក្រៅពីនេះ គេនៅនិយាយទៀតថា ឃើញអ្នកដែលត្រូវគេបាញ់សម្លាប់ជាច្រើន តាមមកលងបន្លាចនៅក្នុងសុបិនរបស់គេ ដែលគេមិនអាចបញ្ជាក់ច្បាស់ពីចំនួនមុខសញ្ញាដែលត្រូវបានគេសម្លាប់នោះឡើយ។
៤. Carlos Hathcock : ខាឡូស ហាតខុក គឺជាស្នៃភើរ៍របស់អង្គភាពកងទ័ពជើងទឹកសហរដ្ឋអាមេរិក ក្នុងសង្គ្រាមវៀតណាម។ តមកគេត្រូវបានលើកតម្កើងថា ជាយុទ្ធជនស្នៃភើរ៍ ១រូបទៀតដែលពូកែបំផុតតាមដែលសហរដ្ឋអាមេរិកធ្លាប់មានកន្លងមក។ ចំនួនមុខសញ្ញាដែលត្រូវហាតខុកសម្លាប់បាន គឺ ៩៣នាក់ តែគេជឿថា ចំនួនពិតប្រាកដអាចច្រើនដល់ទៅ ៣០០–៤០០នាក់ឯណោះ។

គេនាំគ្នានិយាយថា នៅសម័យនោះ កងទ័ពវៀតណាមខាងជើង និងវៀតកុង ម្នាក់ៗសុទ្ធតែភ័យខ្លាចហាតខុក ដល់ថ្នាក់តាំងតម្លៃក្បាលស្នៃភើរ៍ រូបនេះដល់ទៅ ៣០ ០០០ដុល្លារឯណោះ ព្រោះថា ស្នៃភើរ៍ដែលល្បីថា មានថ្វីដៃល្អ បាញ់ត្រង់បំផុតរបស់វៀតកុងក្នុងខណៈពេលនោះ សុទ្ធតែត្រូវហាតខុក ចាត់ការបានយ៉ាងងាយស្រួលទាំងអស់!។
៥. Simo Hayha : សិម៉ូ ហេយ៍ហា គឺស្នៃភើរ៍របស់កងទ័ពហ្វាំងឡង់ក្នុងអំឡុងសង្គ្រាមលោកលើកទី២។ រូបគេ គឺជាសត្រូវលំដាប់ជួរមុខគេ ដែលទាហានសូវៀតភ័យខ្លាច។ គេនាំគ្នានិយាយថា ហេយ៍ហា គឺជាស្នៃភើរ៍ ដែលសម្លាប់មុខសញ្ញាបានច្រើនបំផុត តាមដែលធ្លាប់មានការកត់ត្រាកន្លងមក និងអាចនិយាយបានថា ជាស្នៃភើរ៍ដែលពូកែបំផុតក្នុងប្រវត្តិសាស្ត្រទៀតផង ដោយចំនួនមុខសញ្ញាដែលគេបានបាញ់សម្លាប់នោះគឺ ៥០៥នាក់!។

ស៊ិម៉ូ ហេយ៍ហា បានទទួលរហស្សនាមថា “បិសាចព្រឹលស” ដោយសារតែគេចូលចិត្តបន្លំខ្លួននៅក្នុងទីកន្លែងរងាត្រជាក់ និងមានព្រឹល ដើម្បីរង់ចាំបាញ់សម្លាប់មុខសញ្ញាយ៉ាងចិត្តត្រជាក់បំផុត រហូតដល់ខាងសូវៀតសម្រេចចិត្តបាញ់កាំភ្លើងធំកម្ទេចទីតាំងរបស់ស៊ីម៉ូ ដើម្បីសងសឹកទៀតផង។ ក្រោយមកគេបានរងរបួស ត្រូវគ្រាប់កាំភ្លើង រហូតធ្វើឱ្យផ្ទៃមុខរបស់គេខូចរូបឆោមអស់។
ក្រោយពេលសង្គ្រាមចប់ ស៊ីម៉ូបានទទួលការសរសើរ និងលើកតម្កើងក្នុងឋានៈជា វីរបុរសរបស់ជាតិ និងរស់នៅយ៉ាងស្ងប់ស្ងាត់រហូតដល់ស្លាប់ នៅឆ្នាំ២០០២៕























