Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អគ្គនាយកដ្ឋាន​កាំកុងត្រូល បន្ត​យុទ្ធនាការ​ត្រួតពិនិត្យ​តម្លៃ​ប្រេងឥន្ធនៈ​ទូទាំង​ប្រទេស ដោយ​រក​ឃើញ​ភាពមិនប្រក្រតី​មួយចំនួន​

​ភ្នំពេញ​៖ នៅ​ថ្ងៃ​អង្គារ៍ ទី​៣ ខែមិថុនា ឆ្នាំ​២០១៨​នេះ យុទ្ធនាការ​ត្រួតពិនិត្យ​តម្លៃ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ​ចាក់​ប្រេង​នានា នៅតែ​បន្ត​ធ្វើ​ឡើង​ដោយ​មន្ត្រី​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការអនុវត្ត​បទបញ្ជា របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្ត​ច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ដែល​បាន​ឯក​កាព​ឲ្យមាន​ការបញ្ចុះត​ម្លៃ​ប្រេងឥន្ធនៈ ១៦០​រៀល​/​លីត្រ (៣.៩៥០​រៀល សម្រាប់​ប្រេងសាំង​ធម្មតា និង​៣.៧៥០​រៀល សម្រាប់​ប្រេងម៉ាស៊ូត​)​។​

​សម្រាប់​ថ្ងៃ​ទី​៣ នៃ​យុទ្ធនាការ​នេះ មន្ត្រី​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​ចុះ​ទៅ​កាន់​ស្ថានីយ​លក់​ប្រេង​ឥន្ធនៈ​ជាច្រើន ហើយ​ទទួលបាន​លទ្ធផល​ដូចខាងក្រោម​៖
+ រាជធានី​ភ្នំពេញ​៖ មន្ត្រី​បាន​ចុះ​ទៅ​កាន់​ស្ថានីយ​ប្រេង​ចំនួន ៤០​ទីតាំង ក្នុង​នោះ​មន្ត្រី​យើង​បាន​រកឃើញថា​មាន​ស្ថានីយ ២ បាន​ដាក់​លក់​លើស​តម្លៃ​កំណត់​របស់​ក្រសួង​ពាណិជ្ជកម្ម​។​

+ ខេត្ត​ប៉ៃលិន​៖ មន្ត្រី​បាន​ចុះ​ទៅ​កាន់​ស្ថានីយ​ប្រេង​ចំនួន ៩​ទីតាំង ក្នុងនោះ​ស្ថានីយ​ទាំងអស់ ដាក់​លក់​ប្រេង​សាំង​ធម្មតា និង​ប្រេងម៉ាស៊ូត ត្រឹមត្រូវ​តាម​តម្លៃ​កំណត់ ហើយ​ស្ថានីយ​ខ្លះ​បាន​លក់​ក្នុងតម្លៃ​ទាប ជាង​តម្លៃ​ដែល​បាន​កំណត់​ទៀតផង​។​
+ ខេត្ត​កំពង់ធំ​៖ មន្ត្រី​បាន​ចុះ​ទៅ​កាន់​ស្ថានីយ​ប្រេង​ចំនួន ៦​ទីតាំង ក្នុងនោះ​ស្ថានីយ​ទាំងអស់ ដាក់​លក់​ប្រេង​សាំង​ធម្មតា និង​ប្រេងម៉ាស៊ូត ត្រឹមត្រូវ​តាម​តម្លៃ​កំណត់​។​
+ ខេត្ត​ព្រះវិហារ​៖ មន្ត្រី​បាន​ចុះ​ទៅ​កាន់​ស្ថានីយ និង​ដេប៉ូ​ប្រេង​ចំនួន ១៧​ទីតាំង នៅក្នុង​នោះ​ស្ថានីយ​ទាំងអស់ ដាក់​លក់​ប្រេងម៉ាស៊ូត ត្រឹមត្រូវ​តាម​តម្លៃ​កំណត់​។​
+ ខេត្តតាកែវ​៖ មន្ត្រី​បាន​ចុះ​ទៅ​កាន់​ស្ថានីយ​ចំនួន ៣០​ទីតាំង ក្នុងនោះ​មាន ១៨​ស្ថានីយ​តែប៉ុណ្ណោះ​ដែល​បាន​អនុវត្តន៍​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង រីឯ ១២​ស្ថានីយ​ទៀត​បាន​លក់​លើស​តម្លៃ​ដែល​ក្រសួង​បានកំណត់ ហើយ​មន្ត្រី​យើង​ក៏​បាន​ធ្វើ​ការណែនាំ​ដល់​ម្ចាស់​ស្ថានីយ អោយ​ធ្វើ​ការកែប្រែ​ផងដែរ​។​
+ ខេត្ត​រតនគិរី​៖ មន្ត្រី​បាន​ចុះ​ទៅ​កាន់​ស្ថានីយ និង​ដេប៉ូ​ចាក់​ប្រេង​ចំនួន ១៧ ក្នុងនោះ​ស្ថានីយ​ទាំងអស់ បាន​លក់​ប្រេង​សាំង​ធម្មតា និង​ប្រេងម៉ាស៊ូត បាន​ត្រឹមត្រូវ​ទៅតាម​ការកំណត់​របស់​ក្រសួង​ពាណិជ្ជកម្ម​។​
+ ខេត្ត​បាត់ដំបង​៖ មន្ត្រី​បាន​ចុះ​ទៅ​កាន់​ស្ថានីយ​ប្រេង​ចំនួន ៨​ទីតាំង ក្នុងនោះ​មាន​តែ ១​ស្ថានីយ​ប៉ុណ្ណោះ ដែល​ដាក់​លក់​ប្រេងសាំង​ធម្មតា និង​ប្រេងម៉ាស៊ូត លើស​តម្លៃ​កំណត់​។​
+ ខេត្ត​ព្រះសីហនុ​៖ មន្ត្រី​បាន​ចុះ​ទៅ​កាន់​ស្ថានីយ​ប្រេង​ចំនួន ៨​ទីតាំង ក្នុងនោះ​មាន​តែ​ស្ថានីយ​មួយ​ប៉ុណ្ណោះ ដែល​បាន​ដាក់លក់​ប្រេងសាំង​ធម្មតា និង​ប្រេងម៉ាស៊ូត លើស​តម្លៃ​កំណត់​។​
+ ខេត្ត​ត្បូងឃ្មុំ​៖ មន្ត្រី​បាន​ចុះ​ទៅ​កាន់​ស្ថានីយ​ប្រេង​ចំនួន ៧​ទីតាំង ក្នុង​នោះ​មន្ត្រី​យើង​ពុំ​បាន​រកឃើញ​ស្ថានីយ​ដែល​លក់​លើស​តម្លៃ​កំណត់​នោះ​ទេ​។​
+ ខេត្ត​ឧត្តរមានជ័យ​៖ មន្ត្រី​បាន​ចុះ​ទៅ​កាន់​ស្ថានីយ​ប្រេង​ចំនួន ១០​ទីតាំង ក្នុង​នោះ​មន្ត្រី​យើង​ពុំ​បាន​រកឃើញ​ស្ថានីយ​ដែល​លក់​លើស​តម្លៃ​កំណត់​នោះ​ទេ​។​
+ ខេត្ត​ព្រៃវែង​៖ មន្ត្រី​បាន​ចុះ​ទៅ​កាន់​ស្ថានីយ​ប្រេង​ចំនួន ៧​ទីតាំង ក្នុង​នោះ​មន្ត្រី​យើង​បាន​រកឃើញ​ស្ថានីយ​ចំនួន ២​បាន​លក់​លើស​តម្លៃ កំណត់​របស់​ក្រសួង​ចន្លោះ​ពី ៥០៛/​លីត្រ ទៅ ១០០៛/​លីត្រ​។​
+ ខេត្ត​កណ្ដាល​៖ មន្ត្រី​បាន​ចុះ​ទៅ​កាន់​ស្ថានីយ​ប្រេង​ចំនួន ៥៥​ទីតាំង ក្នុងនោះ​ស្ថានីយ​ទាំងអស់ បាន​លក់​ប្រេង​សាំង​ធម្មតា និង​ប្រេងម៉ាស៊ូត បាន​ត្រឹមត្រូវ​ទៅតាម​ការកំណត់​របស់​ក្រសួង​ពាណិជ្ជកម្ម​។​
+ ខេត្ត​ស្វាយរៀង​៖ មន្ត្រី​បាន​ចុះ​ទៅ​កាន់​ស្ថានីយ​ប្រេង​ចំនួន ១៩​ទីតាំង ក្នុងនោះ​មាន​តែ​ស្ថានីយ ១​ប៉ុណ្ណោះ ដែល​បាន​ដាក់លក់​ប្រេងសាំង​ធម្មតា និង​ប្រេងម៉ាស៊ូត លើស​តម្លៃ​កំណត់​។​
+ ខេត្ត​ក្រចេះ​៖ មន្ត្រី​បាន​ចុះ​ទៅ​កាន់​ស្ថានីយ​ប្រេង​ចំនួន ១៨​ទីតាំង ក្នុងនោះ​ស្ថានីយ​ទាំងអស់ បាន​លក់​ប្រេង​សាំង​ធម្មតា និង​ប្រេងម៉ាស៊ូត បាន​ត្រឹមត្រូវ​ទៅតាម​ការកំណត់​របស់​ក្រសួង​ពាណិជ្ជកម្ម​។​

​ចំពោះ​ស្ថានីយ​ដែល​បាន​រកឃើញ​មាន​បញ្ហា​ជាមួយ​តម្លៃ​ប្រេង មន្ត្រី​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​ធ្វើ​ការសម្របសម្រួល និង​ណែនាំ​ដល់​ម្ចាស់​ស្ថានីយ​ទាំង​អស់នោះ ធ្វើ​ការកែប្រែ​តម្លៃ​ប្រេង​ភ្លាមៗ ទៅ​តាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​សេចក្តីជូនដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម សំដៅ​រួមចំណែក​ដោះស្រាយ​ការលំបាក និង​ជួយ​សម្រួល​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

×