អ្នកលេងបណ្ដាញសង្គមច្រណែនខ្លាំងណាស់! គ្រូបង្ហាត់ហ្វ៊ីតនេសកំលោះ វ័យ ២៨ឆ្នាំ ជួបស្នេហ៍ស្មោះជាមួយសេដ្ឋីនី វ័យ ៥០ឆ្នាំ ទោះជាមានអ្នកជំទាស់ច្រើន តែក្រោយរៀបការខាងស្រីទិញទាំងផ្ទះវីឡា និងឡានទំនើបឱ្យជិះទៀតផង។
គូស្នេហ៍ជាច្រើនគូ បានពាក់ព័ន្ធយ៉ាងស៊ីជម្រៅរវាងគ្នា និងគ្នា ដោយមិនបានគិតពីរឿងអាយុ រូបរាងមុខមាត់ ឬស្ថានការណ៍ជុំវិញខ្លួនឡើយ។ កាលពីពេលថ្មីៗនេះ គូស្នេហ៍ជនជាតិចិន ១គូ ដែលមានអាយុខុសគ្នាដល់ទៅ ២២ឆ្នាំ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងសង្គមអនឡាញ។

បើតាមរបាយការណ៍របស់ Sohu News វាជារឿងរ៉ាវស្នេហារវាងគ្រូបង្ហាត់ហ្វ៊ីតនេស និងស្ត្រី វ័យ ៥០ឆ្នាំម្នាក់ ដែលទោះជាអាយុ រូបរាងមុខមាត់ និងឋានៈខាងគ្រួសារខុសគ្នាយ៉ាងខ្លាំងក្ដី តែគូស្នេហ៍ ១គូនេះក៏នៅតែមកជួបគ្នាដោយសេចក្ដីស្រឡាញ់ និងក្ដីស្មោះស្ម័គ្រ។
បុរសវ័យ ២៨ឆ្នាំ ដែលរស់នៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន បានរៀបរាប់ថា រូបគេជាថ្រេននើរ (Trainner) ឯកជននៅក្នុងមណ្ឌលហាត់ប្រាណមួយ។ គេមានកម្ពស់ ១៨០សង់ទីម៉ែត្រ និងដោយសាររូបរាងមុខមាត់ដ៏សង្ហា មាឌធំមាំ រូបគេមើលទៅហាក់ដូចជាបុរសសម្បូរស្នេហ៍ខ្លាំងណាស់។ តែយ៉ាងណាក្ដី ឋានៈជីវភាពរបស់អ្នកកំលោះយើង ហាក់ដូចជាស្ថិតក្នុងកម្រិតធម្មតាៗតែប៉ុណ្ណោះ គេធ្វើការងារនេះជាច្រើនឆ្នាំមកហើយ តែការចង់បានផ្ទះ និងឡាននៅក្នុងទីក្រុងធំៗបែបនេះ មិនមែនជារឿងងាយៗឡើយ ទើបរឿងនេះក្លាយជាមូលហេតុមួយ ដែលធ្វើឱ្យបុរសម្នាក់នេះ រកគូរៀបការមិនបាន។

ក្រោយចប់ពីការងារ បុរសវ័យ ២៨ឆ្នាំរូបនេះ តែងតែចូលចិត្តលេងបណ្ដាញសង្គម ដើម្បីស្វែងរកមិត្ត រកអ្នកជជែកពិភាក្សា និងចែករំលែករឿងរ៉ាវជីវិតរវាងគ្នានិងគ្នា និងដោយហេតុនេះហើយ ទើបធ្វើឱ្យបុរសរូបនេះ បានជួបនឹងស្ត្រី អាយុ ៥០ឆ្នាំម្នាក់។
ពីដំបូង ខ្លួនគេគ្រាន់តែចង់បានមិត្តជជែកពិភាក្សាគ្នាលេងកម្សាន្តតែប៉ុណ្ណោះ តែ រឹតតែបានជជែកនិយាយលេងជាមួយគ្នាយូរទៅ រូបនាងក៏រឹតតែគួរឱ្យចាប់អារម្មណ៍ខ្លាំងឡើង។ ទាំង ២នាក់ដឹងច្បាស់ណាស់ថា ពួកគេមានភាពស្រដៀងគ្នាក្នុងចិត្តវិញ្ញាណ ទោះជាពួកគេទើបតែបានជជែកគ្នានៅក្នុងបណ្ដាញសង្គមមែន តែពួកគេប្រៀបដូចជាមិត្តភក្តិ ដែលស្គាល់គ្នាយូរមកហើយដូច្នោះដែរ។
បន្ទាប់ពីនោះ អ្នកកំលោះ ក៏ណាត់ជួបស្ត្រីម្នាក់នោះ…ទាំង ២នាក់មានអារម្មណ៍ថា ពួកគេហាក់ដូចជាចូលគ្នាបានល្អណាស់ ទោះជាអាយុខុសគ្នាដល់ទៅ ២២ឆ្នាំក៏ដោយ។ មិនត្រឹមតែប៉ុនហ្នឹងទេ ខាងស្រីថែមទាំងមានចេតនាទិញបណ្ណហាត់ប្រាណលំដាប់ VIP ដើម្បីឱ្យខាងប្រុសបានធ្វើជាថ្រេននើរផ្ទាល់ខ្លួនរបស់នាង ដើម្បីសាងឱកាសក្នុងស្គាល់គ្នាឱ្យកាន់តែខ្លាំងឡើងទៀតផង។

លុះពេលវេលាកន្លងទៅ ទាំង ២នាក់បានអភិវឌ្ឍអារម្មណ៍រវាងគ្នា និងគ្នាទៅមុខជារឿយៗ។ ខាងប្រុសទទួលស្គាល់ថា ខ្លួនគេលង់ស្នេហ៍ស្ត្រីវ័យ ៥០ឆ្នាំម្នាក់នោះហើយ និងនៅពេលរូបគេសារភាពស្នេហ៍ ខាងស្រីក៏ប្រញាប់ឆ្លើយយល់ព្រម និងបន្ទាប់ពីនោះមកមិនយូរប៉ុន្មាន ទាំង ២នាក់ក៏ពិភាក្សាគ្នាអំពីរឿងរៀបការ។
ពេលអ្នកកំលោះយើងនិយាយប្រាប់ឪពុកម្ដាយរបស់គេថា គេមានគូស្នេហ៍ហើយ និងត្រូវការរៀបការជាមួយគ្នាទៀតផងនោះ ឪពុកម្ដាយរបស់គេត្រេកអរណាស់ និងជំរុញឱ្យរូបគេប្រញាប់នាំគូស្នេហ៍មកលេងផ្ទះទៀតផង។
តែយ៉ាងណាក្ដី នៅពេលកូនប្រុសរបស់ពួកគាត់ប្រាប់ថា ពេលនេះគូស្នេហ៍របស់គេមានអាយុ ៥០ឆ្នាំ ដែលជាអាយុស្របាលៗគ្នានឹងឪពុកម្ដាយរបស់គេដែរនោះ ក្រុមគ្រួសាររបស់គេ ក៏បានជំទាស់យ៉ាងខ្លាំងក្លា ព្រោះមិនចង់ខ្មាសគេ និងបាក់មុខ។ មិនត្រឹមតែប៉ុណ្ណោះ សាច់ញាតិ និងមិត្តភក្តិរបស់គេ ថែមទាំងបានណែនាំឱ្យគេ កុំបន្តរឿងស្នេហាខុសវ័យនេះតទៅទៀតអី ព្រោះវាមិនមែនជារឿងល្អទេ។
តែ អ្នកកំលោះយើង នៅតែស្មោះស្ម័គ្រជាមួយស្នេហាមួយនេះជានិច្ច គេត្រូវការពិសោធឱ្យក្រុមគ្រួសារបានដឹងថា ខ្លួនគេគិតមិនខុសទេ ទើបគេសម្រេចចិត្តចុះអេតាស៊ីវិល ក្លាយជាស្វាមមីភរិយាត្រឹមត្រូវតាមច្បាប់ជាមួយស្ត្រីវ័យ ៥០ឆ្នាំរូបនោះ។

ទោះជាពួកគេមិនបានរៀបចំពិធីមង្គលការធំដុំ និងមិនបានទទួលការគាំទ្រពីក្រុមគ្រួសារមែន តែបន្ទាប់ពីពេលវេលាកន្លងផុតទៅកន្លះឆ្នាំ ស្នេហារបស់គូស្នេហ៍ខុសវ័យ ១គូនេះ នៅតែមានសេចក្ដីសុខ និងសមបំណងយ៉ាងខ្លាំង។ ទាំង ២នាក់តែងតែបង្ហាញពីសេចក្ដីស្រឡាញ់ដ៏ផ្អែមល្ហែមនៅលើបណ្ដាញសង្គមជាញឹកញាប់។
មិនត្រឹមតែប៉ុណ្ណោះទេ បុរសម្នាក់នេះថែមទាំងប្រៀបដូចជាសត្វកណ្ដុរធ្លាក់ចូលធុងអង្ករដូច្នោះដែរ នៅពេលភរិយារបស់គេ បានទិញផ្ទះ និងរថយន្តទំនើបតម្លៃថ្លៃឱ្យគេ ហើយពេលនេះជីវិតរបស់អ្នកកំលោះម្នាក់នេះ គឺជាក្ដីស្រមៃរបស់មនុស្សប្រុសជាច្រើនទៀតផង។
ក្រោយពីរឿងរ៉ាវស្នេហារបស់អ្នកទាំង២ ត្រូវបានផ្សព្វផ្សាយនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមរួចមក មានមនុស្សម្នាចំនួនដ៏ច្រើន បានបញ្ចេញគំនិតយោបល់ពាក់ព័ន្ធនឹងរឿងរ៉ាវស្នេហាខុសវ័យនេះ ដូចជា…
“អាយុមិនសំខាន់ទេ សុំឱ្យតែស្រឡាញ់គ្នាស្មោះ”
“រឿងរ៉ាវស្នេហាខុសវ័យ មិនមែនជារឿងពិបាករកនោះទេនៅក្នុងយុគសម័យនេះ សង្ឃឹមថា គេទាំង២ នឹងរស់នៅជាមួយគ្នាបានយូររហូតតទៅ”
“បើខ្ញុំជាបុរសម្នាក់នោះ អាយុខុសគ្នា ៣០-៤០ឆ្នាំ ក៏ខ្ញុំនៅតែព្រមលង់ស្នេហ៍ដែរ”
ទោះជាមានអ្នកលេងបណ្ដាញសង្គមជាច្រើនចូលមករិះគន់ និងបញ្ចេញគំនិតយោបល់អំពីរឿងរ៉ាវស្នេហារបស់ខ្លួនឯងក៏ដោយ តែអ្នកកំលោះវ័យ ២៨ឆ្នាំ ក៏នៅតែអះអាងថា “រវាងយើងទាំង២ គឺស្នេហាពិត ខ្ញុំស្រឡាញ់នាង មិនមែនដោយសារតែនាងឱ្យវត្ថុរបស់របរមកខ្ញុំនោះទេ!”៕





