Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនបូមខ្សាច់អ័ងតាំងឡាយ នៅស្រុកកណ្តាលស្ទឹង បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ពលរដ្ឋ

spot_img

កណ្តាល ៖ កសិករជាច្រើននាក់បានធ្វើការរអ៊ូរទាំយ៉ាងខ្លាំង ទៅលើការដ្ឋានបូមខ្សាច់បូមមួយ ដែលបង្ហូរភក់ និងកាកសំណល់បូមខ្សាច់ ចូលក្នុងស្រែរបស់ពួកគាត់បង្កឱ្យមានការខូចខាត ស្រូវជាច្រើនរយហិកតា និងបង្កឱ្យខូចផ្លូវជាច្រើនកន្លែងថែមទៀត។
កសិករដែលមានដីស្រែនៅស្របតាមប្រឡាយ៥៩ ព្រំប្រទល់រវាងឃុំសៀមរាប និងឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ស្នើសុំឱ្យអាជ្ញាធរស្រុក-ខេត្តមេត្តា ពិនិត្យលើករណីនេះផង ព្រោះតែប្រឡាយ១ខ្សែនេះសំខាន់ណាស់ អាចស្រោចស្រពស្រូវរាប់រយហិចតាឯណោះ។

ពួកគាត់បានបន្តថា កន្លងមកពួកគាត់អាចធ្វើស្រូវបាន៣ដងក្នុង១ឆ្នាំ ប៉ុន្តែប៉ុន្មានឆ្នាំនេះ ពោលចាប់តាំងពីក្រុមហ៊ុនបូមខ្សាច់អ័ងតាំងឡាយ មកបើកអាជីវកម្មបិទផ្លូវទឹក ហើយបង្ហូរទឹកភក់មានលាយប្រេងម៉ាស៊ីនចូលប្រឡាយមក ធ្វើឱ្យពួកគាត់ពិបាកខ្លាំងណាស់ បើចង់យកទឹកដាក់ស្រែ ត្រូវបូមស្តុករយៈពេលពី៥ថ្ងៃទៅ១អាទិត្យឱ្យរងថ្លាសិន ទើបបូមបញ្ចូលស្រែបាន ធ្វើឱ្យពួកគាត់ចំណាយទ្វេរដង។ ហើយបើហ៊ានតែបូមដាក់ស្រែដោយផ្ទាល់ គឺស្លោកងាប់ស្រូវអស់មិនខាន ហើយកុំថាឡើយបូមដាក់ស្រូវ សូម្បីតែសត្វទា ដែលចូលលេងទឹកប្រឡាយដែលបង្ហូរចេញពីការដ្ឋានខាងលើក៏ប្រកាច់ងាប់អស់ដែរ។

ក្រៅពីនោះក្រុមឡានដឹកដីខ្សាច់ ចេញពីការដ្ឋាននេះក្នុងថ្ងៃៗរាប់រយពាន់ឡាន និងបើកលឿនៗ ព្រមទាំងគ្មានការគ្របពីលើឱ្យបានត្រឹមត្រូវ ធ្វើឱ្យជ្រុះរបាត់រប៉ាយផ្លូវហុយរកមើលគ្នាមិនយល់ទេ និងរលាក់ស្ទើរជ្រុះថ្លើមហើយ ដែលបង្កផលប៉ះពាល់ ដល់ការរស់នៅរបស់ពួកគាត់ណាស់។ បើនិយាយពីប្តឹងអាជ្ញាធរមូលដ្ឋានវិញនោះ រាប់ភ្លេចហើយ តែគ្មានដំណោះស្រាយសោះ ទើបពួកគាត់អស់ការអត់ធ្មត់បង្ខំចិត្តផ្ញើសារនេះ ទៅកាន់ថ្នាក់ដឹកនាំស្រុក-ខេត្ត ឱ្យបានដឹងនិងដោះស្រាយជូនពួកគាត់ផង។

ពាក់ពន្ធ័ករណីខាងលើ អ្នកសារព័ត៌មានមិនអាចទំនាក់ទំនង សុំការបកស្រាយពីម្ចាស់ការដ្ឋានបូមខ្សាច់ខាងលើបានទេ ប៉ុន្តែលោក ប៉ិច សុផុន មេឃុំអំពៅព្រៃបានទទួលស្គាល់ថា ការដ្ឋានរបស់បូមខ្សាច់របស់លោក អ័ង តាំងឡាយ នៅក្នុងភូមិសាស្រ្តឃុំសៀមរាប ពិតជាបានបង្ហូរទឹកភក់សំណល់ពីការលាងខ្សាច់ ចូលប្រឡាយ៥៩ ធ្វើឱ្យប៉ះពាល់ដល់ស្រូវស្រែ របស់បងប្អូនប្រជាពលរដ្ឋ រាប់រយហិចតាប្រាកដមែន ហើយអាជ្ញាធរក៏ធ្លាប់បានធ្វើការស្តារជាញឹកញយដែរ ប៉ុន្តែនៅតែដដែលព្រោះក្រុមហ៊ុននៅតែបង្ហូរចូលប្រឡាយ។

ចំណែកឯលោក អ៊ូច សៅវឿន អភិបាលស្រុកកណ្តាលស្ទឹង បានមានប្រសាសន៍ថា លោកនឹងចាត់ឱ្យអភិបាលរងម្នាក់ ចុះទៅពិនិត្យលើករណីនេះភ្លាម៕ រក្សាសិទ្ធិដោយ ៖ វិន ឈុនហ៊ាត

spot_img
×