Friday, March 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿងពិត! ហេតុការណ៍ផ្ទះខ្មោចសណ្ថិតដ៏សែនរញ្ជួយព្រលឹង ៤រឿង!!

រឿងរ៉ាវដែលនឹងនាំយកមកជម្រាបជូននៅថ្ងៃនេះ គឺជាហេតុការណ៍ដ៏សែនរញ្ជួយព្រលឹងរបស់ផ្ទះខ្មោចសណ្ឋិត ដែលត្រូវបានរៀបរាប់តៗគ្នា នៅពេលដែលម្ចាស់ផ្ទះថ្មី ចូលទៅស្នាក់នៅ តែបែរជាត្រូវលងបន្លាចដោយម្ចាស់ពីមុន ដែលនៅតែមិនព្រមចាកចេញទៅណា។ តើផ្ទះនីមួយៗមានវិញ្ញាណខ្មោចដ៏កាចសាហាវ និងគួរឱ្យភ័យរន្ធត់យ៉ាងណាខ្លះដែរនោះ សូមតាមដានដូចតទៅ…

ដឹ អា-មី-ធី-វីល ហូ-រ័រ ហៅស៍
The “Amityville Horror” House

ផ្ទះលេខ១១២ ផ្លូវអូ-សៀន អា-វេ-នីវ គឺជាផ្ទះដ៏ល្បីល្បាញមួយ ដែលធ្លាប់កើតហេតុការណ៍ឃាតកម្មអស់ ១គ្រួសារត្រកូល ដេ-ហ្វ៊ី-អូ DeFeo នៅឆ្នាំ១៩៧៤ ដោយកូនប្រុសច្បងឈ្មោះ រ៉ូណាល់ដ៍ គឺជាអ្នកសម្លាប់សមាជិកគ្រួសារទាំង ៦នាក់ទៀត។ នៅពេលចាប់ខ្លួនបាន រ៉ូណាល់ដ៍ បានសារភាពប្រាប់ប៉ូលិសថា “វាមានសំឡេងប្រាប់នៅក្នុងខួរក្បាលខ្ញុំបញ្ជាថា
ឱ្យសម្លាប់ឱ្យអស់! និងនៅពេលខ្ញុំចាប់ផ្តើមសម្លាប់ហើយ ខ្ញុំមិនអាចបញ្ឈប់វាបានឡើយ ហេតុការណ៍នោះកន្លងផុតទៅលឿនមែនទែន” តែភាពល្បីរន្ទឺ ដ៏គួរឱ្យភ័យខ្លាចរបស់ផ្ទះ ១ខ្នងនេះ នៅមិនទាន់អស់ឡើយទេ…បន្ទាប់ពីកើតហេតុការណ៍ឃាតកម្មបាន ១៣ខែរួចមក នៅពេលដែលគ្រួសារលូត (Lutz) បានរើចូលមកនៅ ក៏ស្រាប់តែត្រូវជួបនឹងហេតុការណ៍ប្លែកៗ ខុសពីប្រក្រតី ដែលតែងតែតាមលងបន្លាចពួកគេ ធ្វើឱ្យពួកគេទ្រាំរស់នៅក្នុងផ្ទះនោះបានត្រឹមតែ ២៨ថ្ងៃគត់ ហើយរើចេញភ្លាមតែម្តង។ រឿងរ៉ាវទាំងនេះ ធ្វើឱ្យផ្ទះ Amityville Horror ១ខ្នងនេះ ក្លាយជាទីកន្លែងដ៏អាថ៍កំបាំង ១ទៀត ដែលទាក់ទងនឹងព្រលឹងវិញ្ញាណ និងមានអ្នកព្យាយាមចូលទៅស្វែងរកការពិតពីរឿងក្តីឃាតកម្មនៅទីនោះជាច្រើននាក់ទៀតផង។ ភាពល្បីល្បាញនេះ បានធ្វើឱ្យផ្ទះមួយខ្នងនេះ ត្រូវបាននាំយកទៅផលិតជាខ្សែភាពយន្ត រហូតដល់ទៅ ២ដង ក្នុងឈ្មោះតែ១ គឺ The Amityville Horror នៅឆ្នាំ១៩៧៩ និងឆ្នាំ២០០៥ ទៀតផង។

ដឹ ចន បេនិត រែមស៊ី ហៅស៍
The “Jon Benet Ramsy” House

រឿងក្តីឃាតកម្មលើក្មេងស្រីតូចម្នាក់ អាយុ ៦ឆ្នាំ “ចន បេនិត រែមស៊ី” នៅឆ្នាំ១៩៩៦ នៅតែដក់ជាប់ក្នុងក្តីចងចាំរបស់មនុស្សទូទាំងពិភពលោកនៅឡើយ នៅពេលដែលប៉ូលិសបានរកឃើញសាកសពរបស់ក្មេងស្រីនោះ នៅក្នុងបន្ទប់ក្រោមដីក្នុងផ្ទះ ក្រោយរយៈពេល ៨ម៉ោង បន្ទាប់ពីឪពុក និងម្តាយរបស់ក្មេងស្រី បានប្តឹងប៉ូលិសថា បាត់កូនស្រី។ លទ្ធផលនៃការពិនិត្យសាកសព បានរកឃើញថា នាងតូចត្រូវឃាតករវាយចំក្បាលយ៉ាងដំណំ និងរឹតកដោយខ្សែភ្លើងរហូតដល់ស្លាប់។ ទោះជាមានការតាមដានស៊ើបអង្កេតជាច្រើនដងយ៉ាងណាក៏ដោយ តែរឿងក្តីឃាតកម្មនេះ ក៏នៅតែមិនបានទទួលការវែកមុខ ឬរកឃើញឃាតករដដែល។ រហូតដល់នៅឆ្នាំ២០០៦ ព័ត៌មាននេះ ក៏វិលមកស្ថិតក្នុងចំណាប់អារម្មណ៍របស់មនុស្សទាំងឡាយជាថ្មីម្តងទៀត នៅពេលដែល ចន ម៉ាក ខារ៍ ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងបាងកក ប្រទេសថៃ ពីបទប្រើប្រាស់កម្លាំងពលកម្មកុមារ ផលិតឧបករណ៍អាសអាភាស ដោយក្រុមប៉ូលិសបានតាមរកគេឃើញ តាមរយៈការប្រើអ៊ីនធើណិត ផ្ញើអ៊ីមែលរឿងឃាតកម្មក្មេងស្រី ចន បេនិត រែមស៊ី ទៅឱ្យសាស្ត្រាចារ្យផ្នែកព័ត៌មាន នៅឯមហាវិទ្យាល័យ ខូឡូរ៉ាដូ ដោយបានសារភាពថា ខ្លួនគេ គឺជាឃាតករសម្លាប់ក្មេងស្រីអាយុ ៦ឆ្នាំនោះ ប៉ុន្តែប៉ូលិស ក៏នៅតែរកមិនឃើញភ័ស្តុតាង និងគិតថា លោកម៉ាកខារ៍ គ្រាន់តែកុហក ដើម្បីឱ្យបានល្បីឈ្មោះតែប៉ុណ្ណោះ។
សម្រាប់ផ្ទះរបស់ រែមស៊ី វិញ ត្រូវបានស្រីម្នាក់ឈ្មោះ ឃែ-រ៉ូល ស៊ូល-លើរ៍ មីល-នើរ៍ ទិញយក នៅឆ្នាំ២០០៤ តែក៏បានដាក់លក់វិញជាថ្មីម្តងទៀត និងមិនទាន់មានអ្នកណាហ៊ានទិញនៅឡើយរហូតមកដល់ពេលបច្ចុប្បន្ន។

ដឹ សូដិន ហៅស៍
The Sowden House

ផ្ទះដែលល្បីល្បាញដោយការតុបតែងពិសេសស្អាតខុសគេ ១ខ្នងនេះ ស្ថិតនៅក្នុងរឿងក្តីឃាតកម្មដ៏ភ្ញាក់ផ្អើលមួយក្នុងប្រទេសអាមេរិក ដែលនៅតែគ្មានអ្នកណាអាចប្រាប់ពីការពិតបាននៅឡើយ គឺរឿងក្ដី “ប្ល៊ែក ដាលៀ” ឬ “ផ្ការំយោលពណ៌ខ្មៅ” ដោយក្នុងអំឡុងឆ្នាំ១៩៤៥–១៩៥១ ផ្ទះ១ខ្នងនេះ បានក្លាយជាកម្មសិទ្ធិរបស់លោកដុកទ័រ ចច ហូដេល ជាអ្នកទីក្រុងឡូសអ៊ែនជើលេស ដែលក្រោយមកបានក្លាយជាជនសង្ស័យដ៏សំខាន់ ក្នុងរឿងក្តីឃាតកម្មស្រីក្រមុំរូបស្អាតម្នាក់ ដែលមានរហស្សនាមថា ប្ល៊ែក ដាលៀ។ អ្នកដែលចេញមកបង្ហើបប្រាប់ពីតម្រុយសម្រាប់រឿងក្តីឃាតកម្មនេះគឺ ស្ទីហ្វ ហូដេល កូនប្រុសរបស់លោកដុកទ័រហូដេល ជាអតីតប៉ូលិសទីក្រុងឡូសអ៊ែនជើលេស ផ្នែករឿងក្តីឃាតកម្មហ្នឹងឯង។ ស្ទីហ្វ បានរៀបរាប់នៅក្នុងសៀវភៅ Black Dahlia Avenger ដែលបានបោះពុម្ពនៅឆ្នាំ២០០៣ថា នាងក្រមុំ អេលីហ្សាបេត ឆត់ ឬ ប្ល៊ែក ដាលៀ ត្រូវបានធ្វើទារុណកម្ម និងពន្លះសាច់ជាបន្ទះៗ នៅក្នុងផ្ទះ Sowden ដោយលោកដុកទ័រហូដេន នៅឆ្នាំ១៩៤៧ ហើយកាលពីប៉ុន្មានឆ្នាំមុនកន្លងទៅ ឆ្កែហឹតក្លិនរបស់ប៉ូលិស និងភ្នាក់ងារប៉ូលិសផ្នែកវិភាគស្រទាប់របស់ផ្ទៃដី បានពិនិត្យរកឃើញថា ផ្ទៃដីខាងក្រោយផ្ទះ Sowden នោះ ធ្លាប់មានសាកសព ត្រូវបានកប់ពិតប្រាកដមែន!។

អ៊ីន ខូល ប្ល៊ូដ មើឌើរ ហៅស៍
“In cold blood” Murder House

នៅខែវិច្ឆិកា ឆ្នាំ១៩៥៩ សមាជិកគ្រួសារ ខ្លាត់-ធើរ៍ ៤នាក់ បានរងអំពើឃាតកម្មដោយបុរស ២នាក់ ដែលមានឈ្មោះថា រិឆាត ឌិក ហ៊ិត-ខត និង ភែរី អេដវើត ស្ម៊ីត។ ទាំង ២នាក់បានឮល្បី ពីភាពមានបាន របស់លោក ហ៊ើប ខ្លាត់ធើរ៍ និងការលាក់ទុកប្រាក់ច្រើនដល់ទៅ ១០ ០០០ដុល្លាររបស់ខ្លាត់ធើរ៍នៅក្នុងផ្ទះ ដែលព័ត៌មាននេះ វាពិតជាគួរឱ្យទាក់ទាញចិត្តរបស់ពួកគេខ្លាំងណាស់។ ទាំង ២នាក់ ក៏សម្រេចចិត្តសម្រុកចូលប្លន់ដល់ក្នុងផ្ទះតែម្តង ប៉ុន្តែពួកគេបែរជារកមិនឃើញមានអ្វីទាំងអស់ ជាហេតុធ្វើឱ្យពួកគេខឹងយ៉ាងខ្លាំង ក៏បាញ់ និងអារ-កសម្លាប់ ហ៊ើប ខ្លាត់ធើរ៍ ព្រមជាមួយភរិយា និងកូនៗ ២នាក់ទៀតដោយកំហឹង។ ១សប្តាហ៍ក្រោយមក ទាំងហ៊ិតខត និងស្ម៊ីត ត្រូវបានចាប់ខ្លួន និងត្រូវបានកាត់ទោសព្យួរ-ក នៅថ្ងៃទី១៤ មេសា ១៩៦៥។ រឿងរ៉ាវរបស់ពួកគេទាំងអស់ កាន់តែល្បីល្បាញឡើងថែមទៀត បន្ទាប់ពី ទ្រូ-មែន ខា-ផូ-ទី បានបោះពុម្ពសៀវភៅរឿងដែលមានឈ្មោះថា In cold Blood ដែលរៀបរាប់អំពីហេតុការណ៍ដែលកើតឡើងនោះ ព្រមទាំងផលិតជាខ្សែភាពយន្តដែលមានឈ្មោះដូចគ្នា ដោយបានប្រើប្រាស់ទីតាំងកើតហេតុពិតប្រាកដនៅក្នុងផ្ទះនោះយ៉ាងគួរឱ្យភ័យរន្ធត់ជាខ្លាំង!។ ក្រោយមក មានលេចឮដំណឹងថា អ្នកដែលរស់នៅក្នុងផ្ទះ ១ខ្នងនោះ ត្រូវវិញ្ញាណខ្មោចអ្នកស្រី នែនស៊ី ខ្លាត់ធើរ៍ តាមលងបន្លាច…តែម្ចាស់ផ្ទះនាពេលបច្ចុប្បន្ននេះវិញ បានអះអាងថា គ្មានរឿងបែបហ្នឹងកើតឡើងឡើយ៕

×