Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនផលិតគ្រឿងសឹករបស់អាល្លឺម៉ង់ ចង់បង្កើតរោងចក្ររថក្រោះ នៅអ៊ុយក្រែន

spot_img

រដ្ឋធានីប៊ែរឡាំង៖ ថ្វីបើឥឡូវនេះ អ៊ុយក្រែន កំពុងតែជាប់ដៃ ធ្វើសង្គ្រាម ទប់ទល់ប្រឆាំងនឹងការលុកលុយរបស់ក្រុងមូស្គូ ហើយក៏កំពុងតែរងការវាយប្រហារ ពីមីស៊ីលរបស់ទាហានរុស្ស៊ី ពាសពេញទីក្រុងនានារបស់អឺរ៉ុបខាងកើតមួយនេះ យ៉ាងណាក្ដី ប៉ុន្ដែក៏មានសេចក្ដីរាយការណ៍ ថា ក្រុមហ៊ុនផលិតគ្រឿងចម្បាំងរបស់អាល្លឺម៉ង់ ចង់បើករោងចក្ររថក្រោះប្រយុទ្ធធុនធ្ងន់ នៅក្នុងប្រទេសមួយនេះ។

សារព័ត៌មាន Defense News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣ ថា ក្រុមហ៊ុនផលិតអាវុធរបស់អាល្លឺម៉ង់ Rheinmetall (រ៉េនមេថល) ចង់សាងសង់រោងចក្រ នៅក្នុងប្រទេសអ៊ុយក្រែន។ ប្រសិនបើបង្កើតរួចរាល់ហើយ រោងចក្រនោះ នឹងមានសមត្ថភាពផលិតរថក្រោះប្រយុទ្ធធុនធ្ងន់ ប្រភេទ Panther KF51 រហូតដល់ទៅ៤០០គ្រឿង នៅក្នុងរយៈពេលមួយឆ្នាំៗ។ ទន្ទឹមគ្នានេះ ក្រុមអ្នកជំនាញខាងសង្គ្រាមផ្លូវគោកមួយចំនួន អះអាង ថា ផែនការទាំងនេះ គឺល្អបំផុត ដោយបានចង្អុលបង្ហាញ អំពីបញ្ហានានា ចាប់ពីសុវត្ថិភាពទីតាំង រហូតដល់ចំណុចហានិភ័យ សម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់។

លោក អាមីន ផាបផឺរហ្គ័រ (Armin Papperger) នាយកប្រតិបត្ដិក្រុមហ៊ុន បានផ្សព្វផ្សាយប្រធានបទនោះ ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយរបស់អាល្លឺម៉ង់ ជាច្រើនដងរួចមកហើយ ចាប់តាំងពីដើមឆ្នាំ២០២៣មក។ លោកនាយក បានអះអាង ថា ក្រុមហ៊ុនកំពុងតែចរចា ជាមួយនឹងអ៊ុយក្រែន អំពីលទ្ធភាពបោះទុនវិនិយោគ មានទំហំទឹកប្រាក់ ២០០លានអឺរ៉ូ (លុយតំបន់អឺរ៉ុប) ឬ ស្មើនឹង ២១៥លានដុល្លារអាមេរិក ទៅក្នុងរោងចក្រផលិតរថក្រោះថ្មីមួយ ដែលអាចបំពាក់ដល់កងទ័ពរបស់អ៊ុយក្រែន ជាមួយនឹងគ្រឿងយុទ្ធោបករណ៍ធុនធ្ងន់។

ក្រោយពេលមានការសាកសួរព័ត៌មានលម្អិត ពីសារព័ត៌មាន Defense News នោះ អ្នកនាំពាក្យ ក្រុមហ៊ុន Rheinmetall ក៏បានបញ្ជាក់ អំពីផែនការសាងសង់រោងចក្រផលិតរថក្រោះនេះមែន ប៉ុន្ដែគាត់បានបដិសេធបង្ហាញព័ត៌មានលម្អិត ដោយគ្រាន់តែចង្អុលទៅលើបទសម្ភាសន៍របស់នាយកប្រតិបត្ដិ លោក Papperger លើប្រធានបទនេះ ជាមួយនឹងកាសែត Rheinische Post (រេននីសេ ប៉ុស្ដិ៍)។

លោក ហ្សង់-ហ្វីលលីព វេសស្វេង (Jan-Phillipp Weisswange) អ្នកនាំពាក្យ របស់ក្រុមហ៊ុនមួយនេះ បានសរសេរ នៅតាមអ៊ីមែល ថា «ហេតុផលធ្វើអាជីវកម្ម និង ដោយមើលឃើញ អំពីផលប្រយោជន៍សន្តិសុខដ៏រសើបរបស់អ៊ុយក្រែន យើងមិនអាចផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតបាននោះទេ ខណៈស្ថានភាពបច្ចុប្បន្ន កំពុងតែពិភាក្សា និង បង្កើតសមត្ថភាពផលិត នៅក្នុងប្រទេស»។

លោក ម៉ាក អេហ្វ. ខេនសៀន (Mark F. Cancian) ទីប្រឹក្សាជាន់ខ្ពស់ នៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្ដ និង អន្ដរជាតិ មានមូលដ្ឋាន នៅវ៉ាស៊ីនតោន បានបញ្ជាក់ ថា «ដើម្បីផលិតរថក្រោះ ឲ្យបានចំនួន៤០០គ្រឿង នៅក្នុងរយៈពេលមួយឆ្នាំ គឺពិតជាមានការខិតខំប្រឹងប្រែងខ្លាំងណាស់។ នេះបើប្រៀបធៀបទៅនឹងសហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ន ផលិតរថក្រោះ បានត្រឹមតែ១០០គ្រឿង នៅក្នុងរយៈពេលមួយឆ្នាំ។ ផ្ទុយទៅវិញ កងទ័ពអ៊ុយក្រែន មានរថក្រោះសរុបប្រហែល ៨០០គ្រឿង នៅមុនពេលការផ្ទុះសង្រ្គាម។ បើសន្មត ថា អាយុកាលប្រហែល២០ឆ្នាំ មានតម្រូវឱ្យការទិញរថក្រោះ ប្រហែលត្រឹមតែ៤០គ្រឿងប៉ុណ្ណោះ នៅក្នុងរយៈពេលមួយឆ្នាំ ហើយមិនមែនទិញ រហូតដល់៤០០គ្រឿង នៅក្នុងរយៈពេល១ឆ្នាំនោះឡើយ»។

លោកទីប្រឹក្សា រូបនេះ បានសង្កត់ធ្ងន់ ថា បើស្ដាប់ទៅលើទឹកប្រាក់ទំហំ២០០លានអឺរ៉ូ បោះទុនវិនិយោគ សាងសង់សមត្ថភាពផលិតរថក្រោះបែបនេះ គឺនៅមានកម្រិតទាបណាស់ ទាំងទំហំការផលិត និង រយៈពេល។

ជាការគួរឲ្យកត់សម្គាល់នោះ ផែនការរបស់ក្រុមហ៊ុន Rheinmetall បើធ្វើឲ្យយល់ដឹងជាសាធារណៈ ប្រហែលជាមានគោលបំណងបន្ថែមទៀត សម្រាប់អ៊ុយក្រែន នៅក្រោយសង្គ្រាម។ ប៉ុន្ដែគេនៅតែមិនទាន់ច្បាស់ ថាតើគោលដៅ សាងសង់រោងចក្រផលិតពេញលេញ ឬ គ្រាន់តែកន្លែងដំឡើងរថក្រោះមួយប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×