Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯម រៀម អ្នកសិល្បៈច្នៃម៉ូដល្បីឈ្មោះ ត្រូវបានអ្នកខ្លះរិះគន់បង្ហាញអារម្មណ៍ស្អប់ខ្ពើម រើសអើង ខណៈមន្ត្រីជាន់ខ្ពស់ជាច្រើនលើកទឹកចិត្ត

ប៉ុន្មានថ្ងៃមកនេះ មានការរិះគន់ពីមហាជនមួយចំនួន ទៅលើ លោកបណ្ឌិតច្នៃម៉ូដ ឯម រៀម ដែលបានច្នៃម៉ូដសម្លៀកបំពាក់ចេញពីគំនិតស្រមើស្រមៃផ្ទាល់ខ្លួន ប្រកួតប្រជែងក្នុងកម្មវិធីបង្ហាញម៉ូដលើកម្រាលព្រំក្រហម គឺ កម្មវិធី Pleng Music Awards ២០២៣ ដោយអ្នកខ្លះរិះគន់បែបវាយប្រហារ បំបាក់ទឹកចិត្ត បំបាក់ស្មារតី គុំកួន សួពូជ ស្អប់ខ្ពើម រើសអើង មិនមែនជាការរិះគន់ស្ថាបនា កែលម្អនោះទេ រហូតធ្វើឱ្យ ឯម រៀម ស្ទើរតែគិតខ្លីម្ដងៗ, ប៉ុន្តែក៏មានអ្នកខ្លះរិះគន់បែបកែលម្អ និងគាំទ្រលើកទឹកចិត្តរូបលោក, ចំណែកអ្នកខ្លះទៀតក៏បង្ហាញអារម្មណ៍មិនគាំទ្រផងដែរ ប៉ុន្តែមិនបញ្ជាក់ពីការស្អប់ខ្ពើម ឬរើសអើង គុំកួននោះឡើយ។

ការរិះគន់បែបអាក្រក់ហួសហេតុមួយចំនួននោះ (មិនមែនពេញមួយប្រទេសកម្ពុជានោះទេ មនុស្សប៉ុន្មាននាក់តែប៉ុណ្ណោះ) គឺកើតឡើងភ្លាមៗក្រោយប៉ុន្មានម៉ោងនៃកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់តាមក្ដីស្រមើលស្រមៃលើកម្រាលព្រំក្រហម Pleng Music Awards ២០២៣ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣, អ្វីដែលអាក្រក់ជាងនេះទៅទៀតនោះ គឺថាអ្នករិះគន់ខ្លះ ច្រឡំថា អ្វីដែលខ្លួនឯងគិត និងលើកឡើងនោះ សុទ្ធតែជាការត្រឹមត្រូវ ! ហើយបែបចង់បបួលគេឱ្យស្អប់ខ្ពើម លោក ឯម រៀម តាមខ្លួន។

មហាជនមួយចំនួនដែលធ្វើការរិះគន់វាយប្រហារទៅលើបណ្ឌិតច្នៃម៉ូដ ឯម រៀម ដោយខ្វះការពិចារណានោះ គឺត្រង់ចំណុចថា ឃើញ ឯម រៀម ប្រើប្រាស់សាច់ក្រណាត់ ហូល ផាមួង កាត់ច្នៃជាម៉ូដចោមពុង ឬស្លៀកប៉ឹង បញ្ចេញភ្លៅ ត្រគាក និងផ្នែកខ្លះនៃដើមទ្រូង (ដូចឃើញក្នុងរូបភាព) ប៉ុន្តែពាក់ស្បែកជើង.កវែងលើជង្គង់។ ជាការពិត មើលទៅ វាមិនអាក្រក់ហួសហេតុពេកនោះទេ វាគឺជាសិល្បៈនៃការច្នៃម៉ូដ និងជាសិល្បៈនៃការសម្ដែងតែប៉ុណ្ណោះ ព្រោះថា នោះគឺជាការសម្ដែង ឬជាការបង្ហាញម៉ូដសម្លៀកបំពាក់ក្នុងកម្មវិធីលើកម្រាលព្រំក្រហម ដែលប្រធានបទនៃកម្មវិធី មិនបានកំណត់ថា ជាកម្មវិធីបង្ហាញម៉ូដវប្បធម៌ប្រពៃណី ទំនៀមទម្លាប់ខ្មែរ នោះទេ ផ្ទុយទៅវិញ គឺជាកម្មវិធីបង្ហាញម៉ូដច្នៃប្រឌិតទៅតាមក្ដីស្រមើលស្រមៃ។

ក្នុងផ្នត់គំនិតសុទិដ្ឋិនិយម ប្រជាពលរដ្ឋភាគច្រើនបានលើកឡើងថា ហេតុអ្វី ក៏មនុស្សអាត្មានិយម អត្តនោម័តនិយម មួយចំនួន បែរជា ទៅជាឈឺចាប់កើតទុក្ខមិនសុខចិត្ត ព្យាបាទ ឯម រៀម រិះគន់បែបវាយប្រហារ បំបាក់ទឹកចិត្ត បំបាក់ស្មារតី គុំកួន សួពូជ ស្អប់ខ្ពើម រើសអើងទៅវិញ។

បើថាមិនពេញចិត្តម៉ូដសម្លៀកបំពាក់ និងឥរិយាបថរបស់ ឯម រៀម គឺធ្វើត្រឹមតែមិនពេញចិត្តទៅបានហើយ, ចាំបាច់អ្វីស្ដីបន្ទោស ជេរប្រមាថ?! ចំពោះការរិះគន់ ជាធម្មតាតែងតែកើតមានអ៊ីចឹងហើយ ប៉ុន្តែគួរតែរិះគន់ស្ថាបនា និងកែលម្អ ទើបជាការចូលរួមស្ដារ កសាង អភិវឌ្ឍន៍សង្គមកម្ពុជាពិតប្រាកដ, សូមកុំប្រមាថដោយគ្រាន់តែឃើញត្រឹមសំបកក្រៅគ្នាតែប៉ុណ្ណោះ។

អ្នកសុទិដ្ឋិនិយម បាននិយាយទៀតថា បងប្អូនដែលរិះគន់បែបអាក្រក់ៗទាំងនោះ  គួរសួរខ្លួនឯងថា តើកម្មវិធីនេះ គេមាន Policy ហាមឃាត់ទៅលើចំណុចណាមួយហើយឬនៅ? ឬហាមស្លៀកពាក់ Sexy រឺ ហាមស្លៀកពាក់អ្វីដែលលេចលើលេចក្រោម? តើគេមានកំណត់ប្រធានបទ និងដាក់បម្រាមដែរទេ? តែបើ Policy គេ ឱ្យអ្នកដែលចូលរួមបង្កើតនូវ Style ខ្លួនឯង តើគាត់ខុសដែរទេ? នេះជាកម្មវិធីបង្ហាញម៉ូដ… គឺជាកម្មវិធីបង្ហាញម៉ូដ… មិនមែនជាពិធីបុណ្យប្រពៃណី ទំនៀមទម្លាប់នោះទេ!!! 

ទាក់ទងនឹងករណីនេះ ពលរដ្ឋម្នាក់ឈ្មោះ VIRIYA LIM ចូលរួមជាមតិលើកឡើងថា មានម្នាក់នោះ ដេកលើប្រង់កា រុញចូលរោងពិធី, ម្នាក់ទៀតអង្គុយលើរទេះជនពិការឱ្យគេរុញ, ម្នាក់ទៀតអាវប៉ុនទីងមោងវត្តដំរីស…។ល។ ចុះហេតុអ្វី បែរជាផ្ទុះតែឈុតរបស់ ឯម រាម ទៅវិញ? ជារួម ជាថ្មីម្ដងទៀត សូមសិក្សាឈ្វេងយល់អំពីអ្វីជាសិល្បៈសហស្សសម័យ? អ្វីជាវប្បធម៌ អ្វីជាការបំផ្លាញ អ្វីជាការអភិវឌ្ឍ ? ។ល។ ជារឿងសំខាន់ដែលត្រូវយល់ឱ្យដល់ទីជម្រៅនៃសិល្បៈ។

រឿងស្រីលក់ឡេ ស្លៀកខោស្លីបស្ទើរតែប៉ុនសរសៃអំបោះ Live ជារៀងរាល់ថ្ងៃដោយកាយវិការស្រើបស្រាលដុតរោលរាគៈតណ្ហាដល់អ្នកទស្សនា អាហ្នឹងគួរត្រូវរិះគន់ ហេតុអ្វីពេលនេះ ទៅមើលឃើញ ឯម រៀម ទៅវិញ?!

ចំណែក លោកស្រី ហង្ស បុរី បានសរសេរលើ facebook របស់លោកស្រីថា ប្អូន ឯម រៀម មានទេពកោសល្យ ហើយមានជំនឿជឿជាក់ ថា នឹងមានមនុស្សក្នុងសំដាប់តារាៗចូលចិត្តរូបប្អូន គាំទ្ររូបប្អូន,  ប្អូនបានធ្វើឱ្យគេសប្បាយ គេសើច, មានភ្នែករាប់ពាន់គូមើលមកប្អូន គ្មានចន្លោះកែវភ្នែកណាឡើយ។  វាជាកាលើកទឹកចិត្តដល់ប្អូនឱ្យធ្វើរបៀបឆ្កួតៗដូចនេះ។ ប្អូនក៏មានមោទនភាពចំពោះសម្លៀកបំពាក់របស់ប្អូនដែលខំច្នៃម៉ូដស្លៀកចូលក្នុងកម្មវិធីកម្រាលព្រំក្រហមឆ្នាំនេះ។ មុននឹងចាកចេញពីផ្ទះ ប្អូនច្បាស់ជាមានការជឿជាក់ថា នឹងមានការសរសើរ, មានការជេប្រមាថពីបុគ្គល មួយចំនួនបាត់ទៅហើយ ប៉ុន្តែប្អូននៅតែត្រូវបានទទួលចូលរួមប្រកួតលើកម្រាលព្រំក្រហម នេះបានសមជាមនុស្សក្លាហាន។

លោកស្រី ហង្ស បុរី បន្ថែមថា បងក៏មិនត្រូវឈឺក្បាលហាលថ្ងៃចំពោះប្អូននោះទេ មានតែលើកទឹកចិត្តឱ្យប្អូនប្រឹងប្រែង ច្នៃម៉ូដរបៀបឆ្កួតៗបែបនេះ ដើម្បីយកទៅប្រកួតនៅស្រុកបារាំង និងនៅលើឆាក អន្តរជាតិ ដើម្បីដណ្តើមយកពានរង្វាន់ជូនជាតិយើង ទាំងហ៊ាន ទាំងពូកែ ទាំងក្លាហាន ទាំងធ្វើមុខក្រាស ទាំងធ្វើឆ្កួតៗ ប្អូនធ្វើសមជាអ្នកបង្ហាញម៉ូដលំដាប់អន្តរជាតិ, មិនតក់ស្លុតចំពោះមនុស្សដែលធុញទ្រាន់ចំពោះប្អូន ចំណែកបងបុរី  គឺបងស្រលាញ់ប្អូន បងចូលចិត្តប្អូន បងមានជំនឿលើប្អូន ថាប្អូនអាចធ្វើបាននៅលើឆាកអន្តរជាតិ បងក៏ធ្លាប់ធ្វើជាគណៈកម្មាការផ្តល់ពន្ទុបវកញ្ញានៅលើឆាក អន្តរជាតិមួយរូបដែរ។

លោក ឱម តារា បានបញ្ចេញមតិលើ facebook របស់លោកថា មានបងប្អូនយើងមួយចំនួននាំគ្នាជេរ លោក ឯម រៀម ថា គាត់តែងខ្លួនដូចឆ្កួតចូលកម្មវិធីគេ។ រឿងនេះមិនខុសពីអ្នកជេរ វិចិត្រករ រាហ៊ូ គូររូបអប្សរាសិចស៊ីកាលពីប៉ុន្មានឆ្នាំមុននោះទេ។ យើងគួរបែងចែកឱ្យច្បាស់អ្វីជាសិល្បៈ និងការច្នៃម៉ូដ, លោក ឯម រៀម គាត់រៀនចប់បណ្ឌិតខាងច្នៃម៉ូដនៅប្រទេសបារាំងបែបសិល្បៈទំនើប (ភាពស្រមើលស្រមៃ) ដូច្នេះ គាត់ត្រូវបង្កើតសិល្បៈបែបស្រមើស្រមៃរបស់គាត់បង្ហាញគេ បើឱ្យគាត់ទៅធ្វើដូចគេ ម៉េចហៅថាអ្នកច្នៃមូតបែបស្រមើស្រមៃ?! បើយើងក្រឡេកមើលការបង្ហាញម៉ូដនៅអឺរុប វិញ យើងនឹងឃើញពេលខ្លះអ្នកបង្ហាញម៉ូដស្លៀកបាវដើរក៏មាន ខ្លះទៀតពាក់អាវមិនចំអាវ ខោមិនចំខោក៏មាន នេះជាការស្រមើស្រមៃរបស់អ្នកច្នៃម៉ូដដែលគេឱ្យតម្លៃលើការស្រមើស្រមៃថ្មី មិនចម្លងពីគេ។ ជាមួយគ្នានេះដែរ លោក ឯម រៀម គាត់ក៏មិនទៅបំផុសនរណាឱ្យទៅធ្វើដូចគាត់ដែរ គាត់ធ្វើតែម្នាក់គាត់តាមគំនិតស្រមើស្រមៃរបស់គាត់ទេតើ?!  

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងជុំវិញបញ្ហានេះយ៉ាងខ្លីថា ប៉ុន្មានថ្ងៃនេះស្តាប់ឡើងវ៉ល់ពីអ្នកគាំទ្រ និងអ្នកប្រឆាំងរឿង ឯម រៀម , អ្វីដែលជាការចម្លែកនាពេលបច្ចុប្បន្ន គឺថា ហេតុអីគ្រាន់តែប្រឆាំង ចាំបាច់ជេរ ? អ្នកជេរ គឺទម្លាក់ខ្លួនទាបជាងអ្នកដែលត្រូវជេរទៅទៀត !

លោក ជុំ កុសល ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបកស្រាយថា បើតាមខ្ញុំធ្លាប់ស្តាប់គាត់ផ្តល់កិច្ចសម្ភាសន៍កន្លងមក គាត់គឺជាអ្នករៀនជំនាញច្នៃម៉ូដបែបស្រមើស្រមៃមកពីប្រទេសបារាំង។ ការច្នៃម៉ូដបែបស្រមើស្រមៃនេះ គឺជាការច្នៃតាមអារម្មណ៍ស្រមើស្រមៃរបស់ខ្លួនដោយមិនចម្លងពីគេ, ឃើញគាត់ស្លៀកពាក់បែបនេះ ខ្ញុំឃើញបងប្អូនយើងមួយចំនួន នាំគ្នាស្តីជេរគាត់ តែធាតុពិតគាត់ធ្វើបែបនេះ គឺជាការបង្ហាញជំនាញរបស់គាត់ ដែលនៅកម្ពុជាយើងគ្មាននរណាអាចធ្វើបានដូចគាត់ទេ។ សូមស្វែងយល់ឱ្យច្បាស់អំពីសិល្បៈវប្បធម៌ និងការច្នៃម៉ូដបែបស្រមើស្រមៃ។ នៅអឺរ៉ុប គេស្លៀកប្លែកជាងនេះខ្លាំងណាស់, ខ្ញុំសូមអធ្យាស្រ័យ មិនការពារគាត់ទេ គ្រាន់តែសុំឱ្យបងប្អូនសិក្សាស្វែងយល់ និងបែងចែកឱ្យច្បាស់មុននឹងប្រតិកម្ម… សូមអរគុណ។

លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាកូនប្រុសពៅរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរលើ facebook របស់លោកថា ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់នូវការផ្លាស់ប្តូរយោបល់គ្នាក្នុងចំណោមសាធារណជន ស្តីពីការបង្ហាញខ្លួនរបស់លោក ឯម រៀម ក្នុងរូបភាពសម្លៀកបំពាក់ (ដោយច្នៃចេញពីហូលខ្មែរ) បែបពាក់កណ្តាលខ្លួនក្នុងកម្មវិធីពានរង្វាន់ Pleng Music Award ឆ្នាំ២០២៣, ខ្ញុំផ្ទាល់យល់ថា ការបញ្ចេញទស្សនៈទាំងនោះ ពិតជាមានតម្លៃ ប៉ុន្តែយើងមិនគួរឱ្យការបញ្ចេញយោបល់ទាំងនោះ ក្លាយជាទំនាស់ ការរឹតត្បិត ឬការបែកបាក់ណាមួយក្នុងសង្គមយើងឡើយ។ ក្នុងន័យនេះ ខ្ញុំសូមស្នើឱ្យសាធារណជន មេត្តាចៀសវាងនូវការខ្វែងយោបល់គ្នា ដោយគួរត្រឡប់មកស្វែងយល់បន្ថែមពីជំហរ និងភាពផ្សេងគ្នានៃគំនិត។ ជាមួយគ្នានេះ ខ្ញុំក៏សង្ឃឹមដែរថា អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងសេនាធិការ អ្នករៀបចំកម្មវិធី រួមទាំងបុគ្គល ដែលជាកម្មវត្ថុផ្ទាល់ នឹងសហការសម្របសម្រួលលើកិច្ចការនេះ ដើម្បីរកចំណុចរួម ដែលជាប្រយោជន៍សម្រាប់ជាតិយើងទាំងអស់គ្នា។

ចំណែក លោក ឯម រៀម ខ្លួនឯងវិញ បានត្រឹមសម្ដែងការហួសចិត្ត ចុកចាប់ និងហួសវាចានឹងថ្លែង ប៉ុន្តែខំប្រឹងថ្លាថ្លែងទាំងស្ទើរបាក់ទឹកចិត្តថា ខ្ញុំនៅតែឆ្ងល់ អ្នកខ្លះមិនត្រឹមតែប្រឆាំងខ្ញុំប៉ុណ្ណោះទេ, ហេតុអ្វីនៅតាមព្យាបាទដល់អ្នកដែលគាំទ្រខ្ញុំ និងការពារខ្ញុំទៀត (ព្យាបាទ មានន័យថា ដំណើរចងចិត្តធ្វើឱ្យអ្នកដទៃវិនាស) ?! នេះសបញ្ជាក់ថា មិនមែនរិះគន់ក្នុងន័យស្ថាបនាទេ គឺក្នុងន័យគុំកួន និងញុះញង់… ថាមិនត្រូវ ខ្ញុំអាចបាក់ទឹកចិត្ត ហើយគិតខ្លី ព្រោះការអត់ធ្មត់ និងភាពរឹងមាំរបស់ខ្ញុំ គឺមានកំរិត… ថាមិនត្រូវ ខ្ញុំអាចគិតខ្លី ហើយសូមផ្តាំបងប្អូនថា បើខ្ញុំយ៉ាងណា គឺពួកគាត់ទាំងនេះហើយ ជាអ្នកបង្ខំ… និងសូមឱ្យស្ថាប័នច្បាប់ ចាត់ការចំពោះអ្នកដែលរិះគន់តាមអារម្មណ៍ បែបប្រមាថ និងញុះញង់ឱ្យមានការរើសអើង ដោយគ្មានការសិក្សាពិចារណា។

សូមបញ្ជាក់ថា បណ្ឌិតច្នៃម៉ូដ ឯម រៀម មុននឹងបឈានជើងមកដល់ដំណាក់កាលនេះ លោកធ្លាប់តស៊ូឆ្លងកាត់ការលំបាក កម្សត់អត់ឃ្លាន ជំនះស្វិតស្វាញ លើវិស័យសិល្បៈ គំនូរ ចម្លាក់ អស់រយៈពេលជាច្រើនឆ្នាំ, ហើយបានជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង រហូតបញ្ចប់បរិញ្ញាបត្រ ផ្នែកគំនូរ ចម្លាក់ រយៈពេល ៥ឆ្នាំ ក្មុងឆ្នាំ២០០០ , ចាប់ពីឆ្នាំ២០០១ មក លោកបន្តការសិក្សាយកសញ្ញាបត្របណ្ឌិតច្នៃម៉ូដ និងជាបន្តបន្ទាប់ពេលមានកម្មវិធីប្រកួតប្រជែងការច្នៃម៉ូដនៅបរទេស ទាំងសម្លៀកបំពាក់ ទាំងគ្រឿងសង្ហារិម គឺលោកតែងតែទទួលបានពានរង្វាន់គួរឱ្យកត់សម្គាល់ ព្រោះលោកក៏ជាអ្នកជំនាញគ្រឿងសង្ខារិមចាក់ផ្ដៅផងដែរ, ហើយពេលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ លោក ឯម រៀម ក៏ចាប់យកអាជីពជាអ្នកសម្ដែង និងជាអ្នកច្នៃម៉ូដជាន់ខ្ពស់៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×