Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្រេចឃុំខ្លួនអតីតសកម្មជនក្រុមប្រឆាំង លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ពាក់ព័ន្ធនឹង បទល្មើស ញុះញង់ និង ប្រមាថមើលងាយអង្គព្រះមហាក្សត្រ

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៣ នេះ បានបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទ លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ដែលជាអតីតសកម្មជនក្រុមប្រឆាំង និង បញ្ជូនពួកគាត់ទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ចាត់ការ តាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងបទល្មើស ញុះញង់ និងប្រមាថមើលងាយអង្គព្រះមហាក្សត្រ ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នរបស់ លោក យី សុខវួច បានឲ្យដឹងថា ជនត្រូវចោទមាន៖ ១- ឈ្មោះ ហ៊ុន កុសល ភេទប្រុស កើតឆ្នាំ ១៩៨២ មុខរបរ អ្នកធ្វើនយោបាយ មានទីលំនៅ នៅភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ២- ឈ្មោះ យឹម ស៊ីណន ភេទប្រុស កើតឆ្នាំ ១៩៨៣ មុខរបរនៅផ្ទះ មានទីលំនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា ការឃាត់ខ្លួន លោក យឹម ស៊ីណន និង លោក ហ៊ុន កុសល ដែលបានបង្ហោះសារញុះញង់តាមបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងរូបភាពព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីព្រះទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២១ ខែមីនា ។

ជនត្រូវចោទទាំងពីនាក់ ត្រូវតំណាងអយ្យការចោទប្រកាន់ពីបទ ” ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម បទល្មើសព្រហ្មទណ្ឌ ដែលមានចែង ឲ្យផ្តន្ទាទោសតាមមាត្រា៤៣៧(ស្ទួន) នៃច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ពួកគេ ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួន កាលពីថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២៣ ឈ្មោះ យឹម ស៊ីណន ត្រូវបានឃាត់ខ្លួន នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកឯឈ្មោះ ហ៊ុន កុសល ត្រូវបានឃាត់ខ្លួននៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

បច្ចុប្បន្ននេះ ជនត្រូវចោទ លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស ” ម១ “ជាបណ្តោះអាសន្ន ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×