Friday, March 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿងពិត! ស៊ីសាច់គ្នាឯង ដើម្បីរស់! ក្រុមកីឡាកររ៉ាក់ប៊ី ធ្លាក់យន្តហោះលើភ្នំទឹកកក ត្រូវតែស៊ីសាច់មិត្តភ័ក្តិ…ដើម្បីរស់

រឿងរ៉ាវនេះកើតឡើងនៅក្នុងខែតុលា ឆ្នាំ១៩៧២ នៅពេលក្រុមកីឡាកររ៉ាក់ប៊ីរបស់ប្រទេស អ៊ុយ-រូ-ក្វៃ បានទទួលការអញ្ជើញឱ្យទៅប្រកួតនៅឯប្រទេសឈីលី ហើយនៅពេលនោះ មានវិធីតែម្យ៉ាងគត់ ដែលអាចធ្វើដំណើរទៅបាននោះគឺ ត្រូវជិះយន្តហោះរបស់កងទ័ពអាកាស ដោយអ្នកដំណើរ ១ក្រុមនេះ ប្រកបដោយ កីឡាកររ៉ាក់ប៊ី ២៥នាក់ មិត្តភក្តិបងប្អូន ១៥នាក់ និងក្រុមអ្នកបើកបរយន្តហោះ ៥នាក់ទៀត។ សរុបទាំងអស់ ៤៥នាក់។

ខណៈដែលយន្តហោះកំពុងហោះហើរនៅពីលើជួរភ្នំ អ៊ែនឌីស (Andes) ធាតុអាកាសបានប្រែប្រួល ធ្វើឱ្យយន្តហោះបើកទៅបុកភ្នំ និងធ្លាក់នៅលើវាលព្រឹលទឹកកកនៅលើកំពូលភ្នំដ៏ចោតខ្ពស់មួយ ដោយពេលនោះ មនុស្ស ១៥នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។ ចំណែកអ្នកដែលនៅរស់ទាំងប៉ុន្មាន គ្មានសម្លៀកបំពាក់ក្រាស់ៗសម្រាប់ការពារភាពត្រជាក់រងារ ដែលស្ថិតក្នុងសីតុណ្ហភាពទាប ដល់ទៅដកសាមសិបអង្សានោះឡើយ។

គ្រប់គ្នាបានត្រឹមតែរង់ចាំការជួយសង្គ្រោះប៉ុណ្ណោះ ប៉ុន្តែនៅពេលដែល 10 ថ្ងៃបានកន្លងផុតទៅដោយមិនឃើញមានសញ្ញាណាមួយ ដែលថានឹងមានអ្នកមកជួយនោះ អ្នកដែលនៅរស់ទាំងប៉ុន្មាន ក៏ត្រូវតែផ្លាស់ប្តូររបៀបរស់នៅ។ ដូច្នេះដើម្បីឱ្យជីវិតអាចរស់តទៅទៀតបាន រាងកាយត្រូវប្រើប្រាស់កាឡូរី…ពួកគេក៏ចាប់ផ្តើមស៊ីសាច់អ្នកដែលស្លាប់ទៅហើយនោះ ដោយការចៀរជាបន្ទះតូចៗ ដោយស្នាដៃរបស់ រ៉ូ-ប៊ើ-តូ ខា-នេស-សា (Roberto Canessa) ដែលជានិស្សិតពេទ្យ។

នៅពេល ១៧ថ្ងៃកន្លងផុតទៅ ធាតុអាកាសក៏កើតមានព្យុះព្រឹលយ៉ាងខ្លាំងមួយបោកបក់មក ហើយបានសម្លាប់ជីវិតរបស់ពួកគេអស់ ៨នាក់ទៀត ធ្វើឱ្យពួកអ្នកដែលនៅសេសសល់ពីស្លាប់ មានអាហារសម្រាប់បរិភោគថែមឡើងទៀត តែក៏នៅតែមិនគ្រប់គ្រាន់ដែរ។ ពេលវេលាចេះតែកន្លងទៅ មានអ្នកស្លាប់ជាបន្តបន្ទាប់ទៀត រហូតនៅសល់តែ ៦នាក់គត់ និងទោះជាយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែមិនអាចចាកចេញពីវាលព្រឹលទឹកកកនោះបានដែរ ព្រោះនៅឆ្នាំនោះ មានព្រឹលធ្លាក់ខ្លាំងបំផុតក្នុងជុំ ៥០ឆ្នាំ។

នៅទីបំផុត ក្រោយពីកន្លងផុតទៅ ៦១ថ្ងៃ ពួកគេក៏សម្រេចជ្រើសរើសយក ខានេសសា និង ណាន-ដូ ផា-រ៉ា-ដូ (Nando Parado) ដែលជាកីឡាកររ៉ាក់ប៊ី វ័យ ២១ឆ្នាំ ឱ្យធ្វើដំណើរឆ្លងកាត់វាលព្រឹលទឹកកក ដើម្បីទៅរកការជួយសង្រ្គោះ។

ទាំង ២នាក់ត្រូវតោងចុះពីកំពូលភ្នំដែលមានកម្ពស់ ដល់ទៅជាង ៤ពាន់ម៉ែត្រ ដោយមិនបានហូបអាហារអ្វីឡើយ តែដោយភាពជាមនុស្សប្រុសកម្លាំងមាំមួន និងមានផ្លូវចិត្តដ៏រឹងប៉ឹង និងថែមទាំងជាអ្នកកីឡាផងនោះ ទើបពួកគេមានភាពស៊ូទ្រាំ និងតស៊ូអន់ធន់ខ្លាំងបំផុត…

…និងស្ទើមិនគួរឱ្យជឿឡើយ ដែលពួកគេទាំង ២នាក់ ប្រើពេលវេលាត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះ ក៏ចុះមកដល់កសិដ្ឋានចិញ្ចឹមមាន់មួយកន្លែង ដែលស្ថិតនៅលើខ្ពង់រាបភាគខាងជើងរបស់ប្រទេសឈីលី និង ៧០ថ្ងៃបន្ទាប់ពីធ្លាក់យន្តហោះ ណានដូក៏បាននាំក្រុមឧទ្ធម្ភាគចក្រ ទៅជួយសង្គ្រោះមិត្តភក្តិ ដែលនៅសល់ ៤នាក់ទៀតនោះ ត្រឡប់មកប្រទេសរបស់ពួកគេវិញបាន នៅថ្ងៃទី២៣ ខែធ្នូ ចំថ្ងៃគ្រិស្មាស់ ដោយសុវត្ថិភាព។ អ្នកនៅរស់ទាំង ៦នាក់ ក៏បានទទួលការស្វាគមន៍ពីញាតិមិត្តបងប្អូនយ៉ាងរីករាយបំផុត៕

×