Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាហ្សាក់ស្ថាន រឹបអូសទ្រព្យសម្បតិ្ដអវកាសរបស់រុស្ស៊ី

spot_img

រដ្ឋធានីអាស្ដាណា (Astana)៖ ការលុកលុយរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន បានធ្វើឲ្យមានការប្រែប្រួលស្ថានការណ៍នយោបាយ ហើយឥឡូវនេះ ក៏មានសេចក្ដីរាយការណ៍ ថា ប្រទេសកាហ្សាក់ស្ថាន បានរឹបអូសទ្រព្យសម្បត្ដិអវកាសរបស់រុស្ស៊ី នៅលើទឹកដីរបស់ខ្លួន។

សារព័ត៌មាន Ars Technica បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ ថា គេហទំព័ររបស់ប្រទេសកាហ្សាក់ស្ថាន KZ24 បានរាយការណ៍ កាលពីដើមខែមីនា ថា សាធារណរដ្ឋកាហ្សាក់ស្ថាន បានរឹបអូសទ្រព្យសម្បត្ដិរបស់ក្រុមហ៊ុនប្រតិបត្ដិការយានអវកាសស៊ីវិលរបស់រុស្ស៊ី TsENKI (ធីសែនស្គី) ដែលជាមជ្ឈមណ្ឌល សម្រាប់ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធអវកាស មានមូលដ្ឋាន នៅក្នុងប្រទេសកាហ្សាក់ស្ថាន។

ក្រុមហ៊ុន TsENKI (ធីសែនស្គី) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Roscosmos (រ៉ូស្កូស្មូស) បានទទួលខុសត្រូវ លើការបាញ់បង្ហោះ និង ប្រើប្រាស់ឧបករណ៍ជំនួយនៅលើដី សម្រាប់សាជីវកម្មអវកាសរបស់រុស្ស៊ី។ យោងតាមរបាយការណ៍ ដែលត្រូវបានបកប្រែ ដោយលោក រ៉ូប មីតឆែល (Rob Mitchell) សម្រាប់សារព័ត៌មាន Ars Technica បានឲ្យដឹង ថា ក្រុមហ៊ុន TsENKI ត្រូវបានហាមឃាត់ មិនឱ្យដកហូតទ្រព្យសម្បត្តិ ឬ សម្ភារណាមួយ ចេញពីប្រទេសកាហ្សាក់ស្ថាន។

សេចក្ដីរាយការណ៍ដដែល បានបន្ដថា «ការហាមឃាត់លើការប្រើប្រាស់ធនធាន និង ប្រតិបត្តិការហិរញ្ញវត្ថុ ក៏ដូចជា អស្ថិរភាព នៅក្នុងមុខតំណែងចរចាទាំងមូល ដែលកំពុងតែពន្យឺតទិសដៅការងារ នៅក្នុងស្ថានីយអវកាស Baikonur (បៃកូនូ) ពោលគឺការសាងសង់ឧបករណ៍បាញ់បង្ហោះថ្មី សម្រាប់ឧបករណ៍ជំរុញរ៉ុក្កែត Soyuz-5 (សូយូស-៥)។

ប្រទេសរុស្ស៊ី បានចំណាយរួចរាល់ហើយ អស់ទឹកប្រាក់ជិត១ពាន់លានដុល្លារអាមេរិក ទៅលើការបង្កើតរ៉ុក្កែត Soyuz-5 ថ្មីនេះ ហើយមានផែនការសម្រាប់ការបាញ់បង្ហោះ និង សេវាកម្មនៅលើដី។ នៅពេលសារព័ត៌មាន Ars Technica បានសរសេរ អំពីការអភិវឌ្ឍ នៃរ៉ុក្កែត នៅក្នុងឆ្នាំ២០១៧នោះ គឺបើតាមគម្រោង រ៉ុក្កែតនេះ ត្រូវបង្ហាញខ្លួន នៅឆ្នាំ២០២១។ ប៉ុន្ដែឥឡូវនេះ រ៉ុក្កែតនោះ មិនទំនងជាបង្ហាញខ្លួន យ៉ាងហោចណាស់ នៅមុនឆ្នាំ២០២៤នោះឡើយ។ បញ្ហានេះ ទំនងជា ដោយសារតែមានជម្លោះថ្មីៗនេះ ជាមួយកាហ្សាក់ស្ថាន ហើយករណីនេះ ទំនងជានឹងត្រូវពន្យារពេលយូរជាងនេះ នាពេលខាងមុខ។

កាហ្សាក់ស្ថាន ក៏ជារដ្ឋមួយ ធ្លាប់រស់នៅក្រោមដំបូលរបស់សហភាពសូវៀត ដូចជា រដ្ឋចំនួន១៤ផ្សេងទៀត រួមមាន រុស្ស៊ី, អ៊ុយក្រែន, បេឡារុស, អ៊ូសប៊ែគីស្ថាន, ហ្សកហ្ស៊ី, អាសែបៃហ្សង់, លីទុយអានី, ម៉ូលដាវី, ឡាតវី, គីជីស្ថាន, តាជីគីស្ថាន, អាមេនី, ធឺកមេនីស្ថាន និង អេស្ដូនី។ ប៉ុន្ដែក្រោយពេលសហភាពសូវៀត បានដួលរលំ នៅក្នុងឆ្នាំ១៩៩១នោះមក កាហ្សាក់ស្ថាន ក៏បានទទួលឯករាជ្យ នៅក្នុងឆ្នាំ១៩៩១នោះដែរ។ ប៉ុន្ដែនៅក្នុងរយៈពេល៣ទសវត្សរ៍ចុងក្រោយនេះ កាហ្សាក់ស្ថាន បានរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយនឹងរុស្ស៊ី ហើយនៅតែប្រកាន់ជំហរយ៉ាងល្អ នៅក្នុងវិស័យនយោបាយគាំទ្ររុស្ស៊ី។

បើទោះជាយ៉ាងណាក៏ដោយ ការលុកលុយរបស់រុស្ស៊ី ទៅប្រទេសអ៊ុយក្រែន ហាក់បីដូចជា មានការប្រែប្រួល នៅក្នុងការគណនា អំពីទំនាក់ទំនង រវាងក្រុងមូស្គូ និង ក្រុងអាស្ដាណា។ ជាក់ស្តែង ប្រធានាធិបតីកាហ្សាក់ស្ថាន លោក កាសស៊ីម-ចូម៉ាត តូកាយ៉ែវ (Kassym-Jomart Tokayev) បានមើលឃើញយ៉ាងច្បាស់ ថា ការជាប់គាំងនៅក្នុងសង្រ្គាមរបស់រុស្ស៊ី នៅលើទឹកដីរបស់អ៊ុយក្រែន ក៏ជាឱកាសដ៏ល្អមួយ សម្រាប់អះអាង អំពីស្វ័យភាពកាន់តែទូលំទូលាយឡើង សម្រាប់ប្រទេសកាហ្សាក់ស្ថាន។

ដោយឡែក រុស្ស៊ីវិញ បានជំរុញឱ្យមានស្វ័យភាពបន្ថែមទៀត សម្រាប់កាហ្សាក់ស្ថាន។ ការចុះខ្សោយនូវទំនាក់ទំនង ជាមួយប្រទេសធំៗ នៅភាគខាងត្បូង អាចនាំឱ្យមានការបែកបាក់បន្ថែមទៀត សម្រាប់សហព័ន្ធន៍រុស្ស៊ី។ ជួនកាល វោហារសាស្ត្រ បាននាំឲ្យមានការឡើងកម្ដៅ។ ជាឧទាហរណ៍ អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ (Dmitriy Medvedev) បានហៅប្រទេសកាហ្សាក់ស្ថាន ថា ជា«រដ្ឋសិប្បនិម្មិត» ហើយនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់រុស្ស៊ី ឈ្មោះ VKontakte (វីកូនតាក់តេ) បានចោទប្រកាន់ប្រទេសជិតខាងរបស់ខ្លួន ថា កំពុងតែរៀបចំផែនការប្រល័យពូជសាសន៍ ប្រឆាំងនឹងជនជាតិភាគតិចរុស្ស៊ី នៅលើទឹកដីរបស់កាហ្សាក់ស្ថាន។

បញ្ហានេះ ហាក់បីដូចជាការបង្ហាញ ពីនយោបាយដ៏ល្អបំផុត សម្រាប់ក្រុមមន្ត្រីកាហ្សាក់ស្ថាន នៅក្នុងការក្រោកឈរឡើង ប្រឆាំងនឹងការនិយាយបំផ្លើសបែបនេះ។ ដោយឡែក ជម្លោះលើទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនរុស្ស៊ី TsENKI នៅក្នុងប្រទេសកាហ្សាក់ស្ថាន ត្រូវបានរដ្ឋមន្ត្រីទំនាក់ទំនងកាហ្សាក់ស្ថាន លោក បាគដាត មូស៊ីន (Bagdat Musin) មើលឃើញ អំពីតម្លៃនយោបាយ នៅក្នុងការអះអាង អំពីឯករាជភាពរបស់ខ្លួន កាត់ផ្ដាច់ឥទ្ធិពលរបស់រុស្ស៊ី។ ជាមួយគ្នានេះ លោករដ្ឋមន្រ្ដី បានបញ្ជាក់ ថា រដ្ឋាភិបាលរបស់គាត់ ចាំបាច់ត្រូវតែរឹបអូសទ្រព្យសម្បត្តិមួយផ្នែក ដោយសារតែខ្វះការប្រាស្រ័យទាក់ទងជាមួយប្រធានក្រុមហ៊ុន Roscosmos លោក យូរី ប៊ូរីសូវ (Yuri Borisov)។

សូមជម្រាបថា សហភាពសូវៀត បានបង្កើតស្ថានីយយានអវកាស Baikonur នាភាគខាងត្បូង កាហ្សាក់ស្ថាន នៅក្នុងឆ្នាំ១៩៥៥ សម្រាប់ធ្វើជាកន្លែងសាកល្បងមីស៊ីលផ្លោងអន្តរទ្វីប។ ប៉ុន្ដែ ប៉ុន្មានឆ្នាំក្រោយមក កន្លែងនោះ បានក្លាយជាស្ថានីយយានអវកាសដំបូងគេរបស់ពិភពលោកជាមួយនឹងការចាប់ផ្តើមបេសកកម្មយានអវកាស Sputnik 1 (ស្ពូតនិក ១) និង Vostok 1 (វ៉ូស្ដុក ១)៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×