បុរសជនជាតិថៃម្នាក់ មកពីខេត្តស៊ីសាកេត ប្រទេសថៃបានធ្វើឲ្យគ្រួសារមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលគាត់ត្រឡប់ទៅផ្ទះ ៧ខែក្រោយពេល ក្រុមគ្រួសាររបស់គាត់បានធ្វើបុណ្យ និងបូជាសពរបស់គាត់រួចរាល់។
លោក Sakorn Sacheewa ត្រូវបានប៉ូលីសប្រកាសថា បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំមុន បន្ទាប់ពីប៉ូលីសបានរកឃើញសាកសពមនុស្សម្នាក់ ដោយមានអត្តសញ្ញាណប័ណ្ណរបស់គាត់នៅនឹងខ្លួន។
លោក Sakorn Sacheewa បានទៅរស់នៅទីក្រុងបាងកក ដើម្បីធ្វើជាកម្មករនេសាទលើទូក រយៈពេល ២ឆ្នាំ។ ក្នុងកំឡុងពេលរស់នៅ និងធ្វើការនៅទីនោះ គាត់មិនដែលបានទាក់ទងមកក្រុមគ្រួសារគាត់សោះ។
កាលពីខែ ឧសភា ឆ្នាំមុន ប៉ូលីសបានទាក់ទងទៅគ្រួសារគាត់ ដើម្បីឲ្យពួកគេបញ្ជាក់ពីភិនភាគសព បន្ទាប់ពីប៉ូលីសបានរកឃើញសាកសពរបស់បុរសម្នាក់។ គាត់ត្រូវបានគេរាយការណ៍ថា ស្លាប់ដោយសារជំងឺប្រព័ន្ធរំលាយអាហារ នៅក្នុងផ្ទះជួលរបស់គាត់ ស្ថិតក្នុងទីក្រុងបាងកក។
ក្រុមគ្រួសាររបស់គាត់មានទុកសោកយ៉ាងខ្លាំង នៅពេលត្រូវប៉ូលីសប្រាប់ថា លោក Sakorn Sacheewa បានស្លាប់ដោយសារជំងឺ ហើយពួកគេបានយកសាកសពគាត់ទៅផ្ទះ ក្នុងខេត្តស៊ីសាកេត ដើម្បីធ្វើបុណ្យ និងបូជាតាមប្រពៃណី។ ប៉ុន្តែរឿងភ្ញាក់ផ្អើលបានកើតឡើង គឺនៅពេលកោក Sakorn Sacheewa បានសម្រេចចិត្តឈប់ធ្វើការដើម្បីត្រឡប់ទៅស្រុកកំណើតវិញ។ លោកមិនបានដឹងថា គ្រួសាររបស់គាត់គិតថាគាត់ស្លាប់បាត់ហើយនោះទេ ហើយនៅពេលទៅដល់ផ្ទះ និងបានដើរចូលក្នុងផ្ទះ ក្រុមគ្រួសាររបស់គាត់មាន
ការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងស្មានថា លោកជាខ្មោច។
ម្តាយចំណាស់របស់គាត់ មានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញកូនប្រុសត្រឡប់មកផ្ទះវិញទាំងគិតថា កូនគាត់បានស្លាប់បាត់ទៅហើយ និងបានសួរគាត់ថា “ក្រែងកូនបានស្លាប់បាត់ហើយ តើកូនត្រឡប់មកវិញដូចម្តេចទៅ?”
ពេលនោះទើប លោកដឹងច្បាស់ថា គ្រួសារលោកគិតថាគាត់បានស្លាប់ ហើយគាត់ក៏បានប្រាប់រឿងមួយដល់គ្រួសាររបស់គាត់។ គាត់បញ្ជាក់ថា អត្ថសញ្ញាណប័ណ្ណ ត្រូវបានកម្មករជនជាតិភូមាំម្នាក់លួច និងរត់ទៅបាត់ បន្ទាប់មកគាត់ក៍ទទួលបានប័ណ្ឌសំគាល់ខ្លួនបណ្តោះអាសន្ន។
ដោយសារតែ លោក Sakorn Sacheewa នៅមានជីវិតនៅឡើយ ក្រុមគ្រួសារលោក ព្រមទាំងប៉ូលិសមានការងើយឆ្ងល់ថា តើសពដែលពួកគេធ្វើបុណ្យ និងបូជាឲ្យនោះជានរណា។ រហូតមកដល់ពេលនេះ ប៉ូលីសនៅមិនទាន់ស្គាល់អត្តសញ្ញារបស់បុរសស្លាប់នៅនៅឡើយទេ៕ សុភ័ក្ត្រ
ប្រភព៖ Good Times