Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាចម្លែក!! មាន់អត់រោម ចូលចិត្តស៊ីទុរេន គេសុំទិញ ២០០០ដុល្លារ អត់លក់!

ជនជាតិវៀតណាមម្នាក់ អាយុ ៣៥ឆ្នាំ ដែលមានបទពិសោធន៍យូរមកហើយខាងចិញ្ចឹមមាន់ជល់ និងមាន់លម្អដែលមានរោមស្អាតៗនោះ ឥលូវនេះគេបានបង្ហាញពូជមាន់ថ្មីសន្លាងមួយទៀត ដែលខុសគ្នាស្រឡះពីមាន់ដែលគេធ្លាប់ចិញ្ចឹមកន្លងមក។

ថយត្រឡប់ទៅកាលពីឆ្នាំ២០២១ រូបគេបានចំណាយលុយជាង ៥០លានដុង ឬប្រហែលជាង ២ ០០០ដុល្លារ ដើម្បីទិញមាន់ប៉េរូ យកមកបង្កាត់ពូជ។ ក្រោយមក មាន់ ១គូនោះ បានបង្កើតកូនបាន ៧ក្បាល ដោយក្នុងនោះ ៦ក្បាលមានសុខភាពរឹងមាំល្អ មានតែ ១ក្បាលគត់ ដែលកើតមកព្រមជាមួយរាងកាយដែលគ្មានរោមសោះ សូម្បីតែ ១សរសៃ។

ហើយដោយសារតែវាគ្មានរោមបែបនេះ ទើបម្ចាស់ត្រូវមើលថែទាំកូនមាន់ ១ក្បាលនេះជាពិសេសយ៉ាងដិតដល់ ដើម្បីការពារវាពីសភាពបរិស្ថានខាងក្រៅ ដោយការរៀបចំឱ្យវាដេកនៅក្នុងឡាំងក្រដាស ចងមុងឱ្យ និងលាបរមៀតនៅលើស្បែករបស់វាដើម្បីការពារមូស និងសត្វល្អិតផ្សេងៗទៀតផង។

ម្ចាស់មាន់ បានរៀបរាប់ពីមាន់ក្លាយពូជនេះថា “ឪម៉ែវា មានរោមពេញខ្លួន ហើយកូនៗផ្សេងទៀត ក៏ដូចគេដូចឯងដែរ តែខ្ញុំមិនយល់សោះ មិនដឹងយ៉ាងម៉េចបានជាវាមានកូន ១ក្បាលក្លាយពូជខុសពីគេបែបនេះ? ពីដំបូង ខ្ញុំរាងដូចជាបារម្ភដែរ ព្រោះខ្លាចមើលថែទាំវាមិនបានល្អ តែយូរៗទៅ ក៏ព្យាយាមស្វែងរកព័ត៌មាន និងរកវិធីចិញ្ចឹមមាន់ ១ក្បាលនេះតាមរយៈអនឡាញ”

គេបន្តទៀតថា មាន់ប៉េរូនេះ នៅក្នុងទីផ្សារវៀតណាម គេនិយមខ្លាំងណាស់ក្នុងអំឡុងឆ្នាំ២០១៤-២០១៥ កាលណោះមាន់ពូជនេះត្រូវបាននាំចូលមកវៀតណាមច្រើនណាស់ ភាគច្រើនមានរោមពេញខ្លួនដូចមាន់ទូទៅដែរ តែករណីមាន់របស់គេ ១ក្បាលនេះ ក្រោយពីបង្កាត់ពូជរួចហើយ ក៏ក្លាយជាមាន់ដែលពិសេសអស្ចារ្យ។

បច្ចុប្បន្ន មាន់ ១ក្បាលនោះ នៅតែធំធាត់រឹងមាំល្អដដែល លើកលែងតែ “អត់មានរោម” ប៉ុណ្ណោះ ហើយដោយសារតែការយកចិត្តទុកដាក់ ដែលវាបានទទួលពីម្ចាស់ បានធ្វើឱ្យវានៅជាប់ក្បែរតែនឹងម្ចាស់ មិនទៅណាឆ្ងាយ ហើយចំណីពេញនិយមរបស់វា គឺផ្លែឈើ ដូចជាទុរេន ល្ហុងទុំ និងស៊ីចំណី ៣ពេលក្នុង ១ថ្ងៃ ដែលហាក់ដូចជាស្រដៀងនឹងមនុស្សដែរ។ ក្រៅពីនេះ រៀងរាល់ ៣-៥ថ្ងៃម្ដង គេតែងនាំមាន់អត់រោមនេះចេញទៅងូតទឹក សម្អាតខ្លួនម្ដង និងតែងពាក់ខ្សែកមាសឱ្យវាជាប់នឹងកជានិច្ច មើលថែទាំប្រៀបដូចជាសមាជិកម្នាក់ក្នុងក្រុមគ្រួសារដែរ។

“កាលពីចិញ្ចឹមដំបូងៗ ធ្លាប់គិតថា វាប្រហែលជាធំឡើង ដូចតែមាន់ទូទៅដែរ តែមួយរយៈក្រោយមកនេះ ចាប់ផ្ដើមមើលឃើញពីភាពប្រែប្រួលច្រើនយ៉ាង ក្រៅពីចូលចិត្តស៊ីផ្លែឈើ ជាពិសេសទុរេនហើយ វានៅចូលចិត្តឱ្យយើងអង្អែលវា ដូចសត្វចិញ្ចឹមឯទៀតៗផង…ខ្ញុំហូបអី វាក៏ស៊ីហ្នឹងដែរ មិនថាតែបាយ ទុរេន ល្ហុង និងបន្លែល្អៗគ្រប់យ៉ាង ហើយស៊ី ១ថ្ងៃ ៣ពេលទៀតផង”

មានមនុស្សជាច្រើន ធ្លាប់សួរដោយមានចេតនាចង់ទិញមាន់ក្លាយពូជ ១ក្បាលនេះដែរ តែម្ចាស់វា បានអះអាងថា មិនទាន់គិតចង់លក់នៅឡើយទេ តែក៏នៅតែមានអ្នកព្យាយាមមកដល់ផ្ទះរបស់គេ ដើម្បីសុំមើលមាន់ ដល់ថ្នាក់សុខចិត្តព្រមឱ្យថ្លៃដល់ទៅ ៥០លានដុង ឬប្រមាណជា ២ ០០០ដុល្លារទៀតផង តែគេក៏នៅតែអះអាងដដែលៗថា មិនលក់ទេ។

“ខ្ញុំមិនបានគិតថាចង់លក់ទេ តែចង់ចិញ្ចឹមវាទុកជាអនុស្សាវរីយ៍ និងខណៈពេលជាមួយគ្នា ក៏សិក្សាស្រាវជ្រាវ ដើម្បីបង្កាត់ពូជមាន់ពិសេសមួយនេះដែរ និងជាពិសេស ការមានវានៅក្នុងផ្ទះ ក៏វាពិសេសជាងលក់វាទៅបាត់ដែរ វាជាមាន់ដែលត្រូវយើងឱបអង្អែលដូចឆ្កែ ដូចឆ្មាដែលយើងចិញ្ចឹមដែរ ដូច្នេះហើយទើបគ្រប់គ្នាស្រឡាញ់វាដូចមនុស្សក្នុងក្រុមគ្រួសារដែរ”

ចុងក្រោយ ម្ចាស់មាន់ចម្លែក ថែមទាំងប្រាប់ឱ្យដឹងទៀតផងថា គេបានសាកល្បងពិសោធបង្កាត់ពូជមាន់អត់រោម ១ក្បាលនេះរួចហើយ និងទទួលបានជោគជ័យក្នុងការពង្រីកពូជមាន់អត់រោម ១ក្បាលទៀតហើយ។ គេសង្ឃឹមថា នេះជាឱកាសល្អ សម្រាប់ឱ្យគេបានអភិវឌ្ឍមាន់ស្អាតៗប្រភេទនេះ ដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារទៀតផង៕

×