កាលពីថ្ងៃទី១៨ ខែមីនា កងពលតូចភូមិសាស្ត្រទី៦ នៃនាយកដ្ឋានភូគព្ភសាស្ត្រ និងធនធានរ៉ែនៃខេត្ត Shandong បានជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយចិន អំពីការរកឃើញអណ្តូងរ៉ែមាសដ៏ធំមួយ នៅក្នុងខេត្ត Shandong មានបរិមាណលើសពី ៥០ តោន ដែលមានតម្លៃប្រហែល ២០ ពាន់លានយន់ ( ៣ ពាន់លានដុល្លារ)។
ទីតាំងជាក់លាក់នៃការរកឃើញ គឺនៅក្នុងភូមិ Xi Laokou ក្រុង Nhai Tu ទីក្រុង Nhu Son ខេត្ត Shandong ប្រទេសចិន។ នេះជាអណ្តូងរ៉ែមាសធំបំផុតដែលត្រូវបានរកឃើញនៅប្រទេសចិន។
យោងតាមរដ្ឋបាលធនធានរ៉ែនៃខេត្ត Shandong ដំណើរការរុករកមានរយៈពេល ៨ ឆ្នាំ រូងជាង ២៥០ ត្រូវបានបង្កើតឡើង ជម្រៅអណ្តូងរ៉ែត្រូវបានគ្រប់គ្រងជិត ១,២០០ ម៉ែត្រ និងជម្រៅអតិបរមាគឺច្រើនជាង ១,២០០ ម៉ែត្រ ទៅ ១,៤០០ ម៉ែត្រ។ តាមការវាយតម្លៃ អណ្តូងរ៉ែមានទស្សនវិស័យក្នុងការអភិវឌ្ឍល្អ បើទោះជាទំហំផលិតកម្ម ត្រូវបានគណនាជារ៉ែ ២០០០ តោន ក្នុងមួយថ្ងៃក៏ដោយ។ អាយុកាលនៃការជីកយករ៉ែនេះ អាចមានរយៈពេលរហូតដល់ ២០ ឆ្នាំ។
មន្ត្រីរដ្ឋាភិបាលក្នុងតំបន់និយាយថា នេះជាការរកឃើញដ៏សំខាន់ ដែលនឹងជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជន។ ទន្ទឹមនឹងនោះ ត្រូវពង្រឹងសមត្ថភាពធានាធនធានរ៉ែក្នុងប្រទេស។
ទោះជាយ៉ាងណា ក៏មានការព្រួយបារម្ភផងដែរ អំពីការកេងប្រវ័ញ្ចហួសហេតុ ដែលអាចនាំឱ្យមានការបំពុលបរិស្ថាន និងការខូចខាតដល់ធម្មជាតិជុំវិញ។
តែបើទោះជាមានភាពចម្រូងចម្រាស ចំពោះការរកឃើញអណ្តូងរ៉ែមាសដ៏ធំមួយ ចំពេលមានវិបត្តិសេដ្ឋកិច្ចពិភពលោកក៏ដោយ ក៏នៅតែជាការស្វាគមន៍ និងជាព្រឹត្តិការណ៍ដ៏សំខាន់ សម្រាប់ប្រទេសចិន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









