Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានភាពផ្គត់ផ្គង់ទឹកក្នុងរដូវប្រាំងឆ្នាំនេះខ្វះទឹក, រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អំពាវនាវដល់អតិថិជនទាំងអស់ ទាំងក្នុងភ្នំពេញ និងក្រុងតាខ្មៅ ជួយសន្សំសំចៃទឹកស្អាត

spot_img

ភ្នំពេញ៖ ​​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ​​បានសុំការយោគយល់​ និងអធ្យាស្រ័យពីអតិថិជន ដែលខ្លះខាតទឹកប្រើប្រាស់នៅរដូវប្រាំង និងអំពាវនាវដល់អតិថិជនទាំងអស់ទាំងក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មេត្តាជួយសន្សំសំចៃទឹកស្អាត ​ដោយសារតម្រូវទឹកនៅឆ្នាំ២០២៣ បានកើនឡើងដល់ជិត៩០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈសមត្ថភាពផលិតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានប្រមាណតែ៦៤ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃតែប៉ុណ្ណោះ។

​យោងតាមសេចក្តីជូនដំណឹង ស្តីពីស្ថានភាពផ្គត់ផ្គង់ទឹកក្នុងរដូវប្រាំងឆ្នាំ២០២៣ និងដំណោះស្រាយ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ចាប់ពីដើមខែកុម្ភៈ ដល់ខែមីនា ឆ្នាំ២០២៣ នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ)បានទទួល ព័ត៌មានអំពីការមិនពេញចិត្តរបស់អតិថិជន ពាក់ព័ន្ធនឹងបញ្ហាខ្វះទឹកប្រើប្រាស់ ទឹកមានសម្ពាធខ្សោយ, និងគ្មាន ទឹកក្នុងបណ្តាញទឹកជាដើម។ បញ្ហាទឹកមានសម្ពាធខ្សោយ ភាគច្រើនកើតឡើងនៅក្នុងសង្កាត់ ៣១/១១៥ យ រាជធានីភ្នំពេញ ដែលមានជាអាទិ៍ សង្កាត់ស្វាយប៉ាក, ៦សង្កាត់នៃខណ្ឌសែនសុខ, សង្កាត់គោករការ, សង្កាត់ក្រាំងធ្នង់, សង្កាត់សម្រោងក្រោម, សង្កាត់ស្ពៃ, សង្កាត់ភ្លើងឆេះរទេះ, សង្កាត់ពងទឹក, សង្កាត់កន្ទោក, សង្កាត់កំបូល, សង្កាត់ចោមចៅ១, ២, និង៣, សង្កាត់កាកាប១, និង២, សង្កាត់ព្រៃវែង, សង្កាត់ព្រៃស, សង្កាត់ជើងឯក, សង្កាត់ ស្ទឹងមានជ័យ១,២ និង៣, សង្កាត់ព្រែកកំពឹស, សង្កាត់ព្រែកហូរ, សង្កាត់ស្វាយរលំ, សង្កាត់ព្រែកថ្មី, សង្កាត់ក្បាលកោះ។

រ.ទ.ស.ភ ចាត់ទុកកង្វល់របស់អតិថិជន គឺជាកង្វល់ និងការទទួលខុសត្រូវរបស់ខ្លួន និងសូមអតិថិជន ដែលជួបបញ្ហាទឹកស្អាតទាំងអស់មេត្តាយោគយល់, អធ្យាស្រ័យ, ខន្តីអភ័យទោស និងសូមមេត្តាជឿជាក់ថា រ.ទ.ស.ភ នឹងធ្វើការដោះស្រាយបញ្ហាខ្វះទឹកស្អាតប្រើប្រាស់បាន ក្នុងលក្ខណៈជាប្រព័ន្ធ និងជាជំហានៗ ចាប់ពីខែឧសភា ឆ្នាំ២០២៣ តទៅ។ ដើម្បីដោះស្រាយបញ្ហាទឹកស្អាតសម្រាប់ទាំងអស់គ្នាបាន រ.ទ.ស.ភ សូមជូនព័ត៌មាន ត្រឡប់, វិធានការដោះស្រាយ និងសំណូមពរជូនអតិថិជនទាំងអស់មេត្តាចូលរួមសហការដូចខាងក្រោម៖

យោងតាមរបាយការណ៍សិក្សាតម្រូវការទឹករបស់ រ.ទ.ស.ភ ឆ្នាំ២០១៦-២០៣០ បានបង្ហាញថា រាជធានីភ្នំពេញ មាននិន្នាកាខ្វះទឹកស្អាតប្រើប្រាស់នាឆ្នាំ២០១៦ និងឆ្នាំ២០១៧ និងចាប់ផ្ដើមខ្វះទឹកប្រើប្រាស់ ចាប់ពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២៣។ ជាក់ស្ដែងនៅឆ្នាំ២០២៣ នេះ តម្រូវការទឹកប្រើប្រាស់បានកើនឡើង ជាង៨៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ នៅពេលដែលសមត្ថភាពផលិតទឹកជាក់ស្ដែងរបស់ រ.ទ.ស.ភ មានប្រមាណត ៦៤ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃតែប៉ុណ្ណោះ។ មានន័យថា រ.ទ.ស.ភ ខ្វះទឹកផ្គត់ផ្គង់ចំនួន ២៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។

ស្ថិតក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាល, ក្រសួងអាណាព្យាល, ក្រុមប្រឹក្សាភិបាល, បានយល់អំពីសភាព ការណ៍ខ្វះទឹកស្អាតប្រើប្រាស់ និងបានជួយគាំទ្រ រ.ទ.ស.ភ យ៉ាងពេញទំហឹងក្នុងការផ្តល់ទុនវិនិយោគ ដើម្បីឲ្យ រ.ទ.ស.ភ មានលទ្ធភាពសាងសង់រោងចក្រផលិតទឹកថ្មី ដែលមានសមត្ថភាពអាចផលិតទឹកស្អាតបានក្នុងបរិមាណ៤០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ និងបំពង់ចែកទឹកថ្មីជិត១ពាន់គីឡូម៉ែត្រ ដើម្បីដោះស្រាយបញ្ហាខ្វះទឹកជាជំហានៗ ឲ្យខាងតែបានចាប់ពីឆមាសទី១ ឆ្នាំ២០២៣ នេះតទៅ។

រ.ទ.ស.ភ សង្ឃឹមជឿជាក់ថា នៅដើមខែឧសភា ឆ្នាំ២០២៣នេះ រោងចក្រផលិតទឹកស្អាតថ្មី នឹងផលិត ចែកចាយទឹកស្អាតបានក្នុងបរិមាណ ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ បន្ថែមលើសមត្ថភាពផលិតបច្ចុប្បន្ន ៦៤ម៉ឺន ម៉ែត្រគូបក្នុងមួយថ្ងៃ។ ពោលគឺ រ.ទ.ស.ភ មានសមត្ថភាពផលិត៨៤ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ធៀបនឹងតម្រូវការ ទឹកស្អាត៨៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ និងមានន័យថា រ.ទ.ស.ភ បានដោះស្រាយបញ្ហា ខ្វះទឹកស្អាតបានជាង៩០% ហើយ។ ដោយឡែកចាប់ពីដើមឆ្នាំ២០២៤ រ.ទ.ស.ភ នឹងអាចផលិតទឹកស្អាតបាន ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ បន្ថែមទៀត ដែលធ្វើឲ្យសមត្ថភាពសរុបរបស់ រ.ទ.ស.ភ មានរហូតដល់ជាង១លាន ម៉ែត្រគូបក្នុងមួយថ្ងៃ។

សរុបសេចក្តីមក ចាប់ពីដើមឆ្នាំ២០២៤ តទៅ សមត្ថភាពផលិតទឹកស្អាតរបស់ រ.ទ.ស.ភ មានជាង ១លានម៉ែត្រគូបក្នុងមួយថ្ងៃ ធៀបនឹងការព្យាករណ៍តម្រូវការទឹកដែលមានប្រមាណ ៩០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។ មានន័យថា អតិថិជនរស់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅទាំងអស់មានទឹកប្រើប្រាស់គ្រប់គ្រាន់។

សេចក្តីដូចបានជម្រាបជូនខាងលើ គឺជាវិធានការរបស់ រ.ទ.ស.ភ ក្រោមការជួយឧបត្ថម្ភគាំទ្រ ពី រាជរដ្ឋាភិបាល, ក្រសួងអាណាព្យាបាល, ក្រុមប្រឹក្សាភិបាល, អាជ្ញាធរដែនដីទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ ដោយឡែក ការចូលរួមដោះស្រាយបញ្ហាខ្វះទឹក ពីសំណាក់អតិថិជនក៏ជាកត្តាគន្លឹះមួយដែរ ដែល រ.ទ.ស.ភ សូមអំពាវនាវដល់អតិថិជនទាំងអស់ ទាំងក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មេត្តាជួយសន្សំសំចៃទឹកស្អាត ដើម្បីផ្តល់ក្តីករុណា និងចែករំលែកទឹកទៅដល់អតិថិជនផ្សេងទៀត ជាពិសេសអតិថិជនរស់នៅក្នុងតំបន់ជាយក្រុង និង សូមមេត្តាចូលរួមផ្ដល់ព័ត៌មាន ឬសាកសួរអំពីកង្វះទឹកស្អាតមកកាន់ រ.ទ.ស.ភ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×