ភ្នំពេញ ៖ នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) នៃ ក.អ.ក. និងសហការី បានទទួលជួបពិភាក្សាការងារយ៉ាងកក់ក្តៅជាមួយគណៈប្រតិភូក្រុមហ៊ុន Yazaki ដែលមានមូលដ្ឋានផលិតកម្មនៅខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន។ គណៈប្រតិភូក្រុមហ៊ុន Yazaki ដឹកនាំដោយលោក Yoshimoto Ito អគ្គនាយករងក្រុមហ៊ុន និងដោយមានការចូលរួមពីតំណាងក្រុមហ៊ុន Guangdong Dongfang Investment Co., Ltd. ដែលជាក្រុមហ៊ុនដៃគូវិនិយោគនៅប្រទេសចិន។
ក្នុងជំនួបនេះ ឯកឧត្តម ជា វុទ្ធី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងបានកោតសរសើរចំពោះភាពជោគជ័យរបស់ក្រុមហ៊ុន Yazaki ដែលជាក្រុមហ៊ុនជប៉ុនដ៏ល្បីល្បាញមួយ បានបណ្តាក់ទុនវិនិយោគនៅកម្ពុជាអស់រយៈពេលជាង ១០ឆ្នាំមកហើយ តាមរយៈរោងចក្រផលិតគ្រឿងបង្គុំខ្សែភ្លើងនៅតំបន់សេដ្ឋកិច្ចពិសេសនាងកុក ខេត្តកោះកុង។ ក្រុមហ៊ុន Yazaki ក៏មានបទពិសោធន៍អាជីវកម្មដ៏យូរអង្វែងនៅខេត្តក្វាងទុង ប្រទេសចិន ប្រមាណ ៤០ឆ្នាំផងដែរ។
ឯកឧត្តមអគ្គលេខាធិការបានសម្តែងសេចក្តីរីករាយជាខ្លាំងចំពោះបំណងរបស់ក្រុមហ៊ុន Yazaki ក្នុងការបន្តពង្រីកវិសាលភាពវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត ដែលនេះជាសញ្ញាណនៃទំនុកចិត្តខ្ពស់លើសក្តានុពល និងបរិយាកាសវិនិយោគនៅកម្ពុជា។ ក្នុងន័យនេះ ឯកឧត្តមបានផ្តល់អនុសាសន៍ណែនាំឱ្យក្រុមហ៊ុនសិក្សា និងជ្រើសរើសទីតាំងដែលមានសក្តានុពលសម្រាប់ការពង្រីកនេះ។
ជាមួយគ្នានេះ ឯកឧត្តម ជា វុទ្ធី ក៏បានលើកទឹកចិត្តជាពិសេសឱ្យក្រុមហ៊ុន Yazaki ពិចារណាលើការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសដោយខ្លួនឯង ដែលអាចដើរតួជាមេដែកទាក់ទាញវិនិយោគិនជប៉ុនដទៃទៀតឱ្យមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត។ ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបែបនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍឧស្សាហកម្ម ការបង្កើតការងារ និងការលើកកម្ពស់សេដ្ឋកិច្ចជាតិ។
ជាការឆ្លើយតប លោក Yoshimoto Ito ប្រធានគណៈប្រតិភូក្រុមហ៊ុន Yazaki បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ជា វុទ្ធី ដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួប និងពិភាក្សាការងារ។ លោកបានសម្តែងនូវក្តីសោមនស្សរីករាយដែលផែនការពង្រីកការវិនិយោគរបស់ក្រុមហ៊ុនទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីគណៈកម្មាធិការវិនិយោគកម្ពុជា។
ជំនួបនេះបានឆ្លុះបញ្ចាំងពីបរិយាកាសវិនិយោគដ៏ល្អប្រសើរនៅកម្ពុជា និងការគាំទ្រយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចំពោះវិនិយោគិនបរទេស ជាពិសេសក្រុមហ៊ុនដែលបានបណ្តាក់ទុនរួចហើយ និងមានបំណងពង្រីកអាជីវកម្មរបស់ខ្លួន ដែលបង្ហាញពីទំនុកចិត្តខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយរបស់វិនិយោគិនចំពោះសក្តានុពល និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាទៅពេលអនាគត៕ រក្សាសិទ្ធដោយ៖សុទ្ធលី




