រដ្ឋធានីមូស្គូ៖ ស្របពេលមេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន ពង្រឹងនូវចំណងទំនាក់ទំនងរបស់គាត់ ជាមួយនឹងប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) ក្រោយពេលសង្គ្រាមរបស់ក្រុងមូស្គូ បានអូសបន្លាយ អស់រយៈពេលជាង៥៦សប្ដាហ៍មកនេះ ប៉ុន្ដែកម្លាំងទាហានរុស្ស៊ី ហាក់បីដូចជាបាត់បង់សន្ទុះ វាយប្រហាររុលទៅមុខ នៅលើសមរភូមិប្រយុទ្ធ ពោលគឺ គេឃើញហាក់ដូចជាផ្លាស់ប្ដូរយុទ្ធសាស្ត្រពីការវាយសម្រុក បែរមកនៅទ្រឹង និងចល័តទ័ពទៅនេះទៅនោះជាធម្មតា។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣ ថា លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃចន្ទ បានបង្ហោះរូបភាពជាច្រើន ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់សមភាគីចិន លោក ស៊ី ជិនពីង នៅក្នុងរដ្ឋធានីមូស្គូ។ ប្រមុខរដ្ឋចិន ក្លាយជាមេដឹកនាំពិភពលោកមួយរូប នៅក្នុងចំណោមមេដឹកនាំតិចតូច នឹងនៅតែថតរូបជាមួយលោក ពូទីន។ ប៉ុន្តែឥឡូវ មេដឹកនាំវិមានក្រឹមឡាំងរូបនេះ ក្លាយជាមនុស្សម្នាក់ បានរងនូវការចោទប្រកាន់ ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅទីក្រុងឡាអេ ពីបទនិរទេសកុមារអ៊ុយក្រែន ដោយខុសច្បាប់ ចូលទៅកាន់ប្រទេសរុស្ស៊ី។
ដោយឡែក ការវាយលុកគ្នានៅរដូវរងារបស់រុស្ស៊ី នៅលើសមរភូមិ នាភាគខាងកើត ប្រទេសអ៊ុយក្រែន ហាក់ដូចជា នៅតែបន្ដជាប់គាំង ស្របពេលកងទ័ពអ៊ុយក្រែន កំពុងតែបង្កើនកម្លាំង បន្ដការពារទីក្រុងបាកមូត(Bakhmut) មិនឲ្យធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់ទាហានក្រុងមូស្គូ។

នៅក្នុងដំណើរបំពេញទស្សនកិច្ចរបស់លោក ស៊ី ទៅកាន់រដ្ឋធានីមូស្គូ កាលពីថ្ងៃចន្ទ ទី២០ ខែមីនា នោះ រុស្ស៊ី និង ចិនបានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ស្តីអំពីបញ្ហាអ៊ុយក្រែន។ ចំណែកក្រុងមូស្គូ ក៏បានគាំទ្រ«គោលបំណង និង ភាពមិនលម្អៀង»របស់ចិន ហើយគាំទ្រចិន ជាអ្នកបង្កើតសន្តិភាពដ៏មានសក្តានុពល ដោះស្រាយវិបត្តិអ៊ុយក្រែន។
ចិន កាលពីខែមុន បានចេញនូវគោលការណ៍ចំនួន១២ចំណុច ស្តីពីសង្រ្គាមអ៊ុយក្រែន ដោយគាំទ្រដល់ធាតុផ្សំ ជាវិធីសាស្រ្តដោះស្រាយ សម្រាប់រុស្ស៊ី និង លោកខាងលិច។ ជាឧទាហរណ៍ ចិន បានប្រឆាំងនឹងទណ្ឌកម្មរបស់បណ្ដាញប្រទេសបស្ចិមលោក និង សម្ពន្ធមិត្ត ប៉ុន្តែក្រុងប៉េកាំង ក៏បានប្រឆាំងនឹងការកើនឡើងជម្លោះនុយក្លេអ៊ែរ ក្រោយពេលក្រុមមន្ត្រីរុស្ស៊ី បានគំរាមកំហែងជាច្រើនលើកច្រើនសានោះមក។
ចិន បានស្នើឲ្យមានបទឈប់បាញ់គ្នា និង ចរចាសន្ដិភាព ប៉ុន្ដែក្រុងប៉េកាំង មិនបានអំពាវនាវឲ្យរុស្ស៊ី ដកកងទ័ពរបស់ខ្លួន ចេញពីទឹកដីរបស់អ៊ុយក្រែន នោះឡើយ។ ដោយឡែក បណ្ដាប្រទេសមហាអំណាចលោកខាងលិច បានចាត់ទុកសំណើរបស់ចិន ជាការហុចឱកាសដ៏ល្អបំផុតមួយ សម្រាប់កម្លាំងទាហានរុស្ស៊ី ហើយថែមទាំងបានព្រមានឲ្យមានការប្រយ័ត្នប្រយែង អំពីសកម្មភាពរបស់ចិន។ ដោយឡែករុស្ស៊ី បានអះអាង ថា ការពង្រឹកខ្លួនរបស់អង្គការណាតូ ឆ្ពោះទៅទិសខាងកើត នឹងមិនបានផ្តល់ជម្រើសអ្វី ក្រៅតែពីការធ្វើសង្រ្គាម ដោយគ្មានចេតនានោះឡើយ។

លោក អេនតូនី ប៊្លីនខេន (Antony Blinken) រដ្ឋមន្ត្រី ក្រសួងការបរទេស សហរដ្ឋអាមេរិក បានច្រានចោលនូវចំណងសាមគ្គីភាព រវាងចិន និងរុស្ស៊ី ហើយចាត់ទុកថា វាជាចំណងអាពាហ៍ពិពាហ៍ដ៏ងាយស្រួល ប៉ុន្តែលោក ស៊ី និង លោក ពូទីន បានអះអាង ថា វាជាការតម្រឹមភូមិសាស្ត្រនយោបាយដ៏កម្រមួយ កំពុងតែកើតឡើង។
ដោយឡែក នៅលើសមរភូមិភាគខាងកើត ប្រទេសអ៊ុយក្រែន អស់រយៈពេលពេញមួយសប្ដាហ៍មកនេះ កម្លាំងទាហានរុស្ស៊ី បានបន្ដវាយប្រហារ ទៅលើទីក្រុងបាកមូត ស្ថិតក្នុងតំបន់ដូណែតស្ក៍ (Donetsk) ដោយបានរុលទៅមុខតិចតួ ប៉ុន្ដែពួកគេមិនអាចសម្រេចបាននូវការឡោមព័ទ្ធទីក្រុងមួយនេះឡើយ។
លោកឧត្ដមសេនីយ៍ អូឡែកសាន់ដឺរ ស៊ីស្គី (Oleksandr Syrskyi) មេបញ្ជាការកងទ័ពជើងគោករបស់អ៊ុយក្រែន បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ ថា រុស្ស៊ី បានចំណាយទាហានយ៉ាងច្រើន នៅទីក្រុងបាកមូត ហើយការវាយលុកដ៏ខ្លាំងក្លា នៅនិទាឃរដូវ នឹងចូលមកដល់។
លោកឧត្ដមសេនីយ៍ បានបញ្ជាក់ នៅតាមបណ្ដាញសង្គមតេឡេក្រាម ថា«រុស្ស៊ី បានបាត់បង់កម្លាំងយ៉ាងច្រើន ហើយកំពុងតែបន្ដបាត់បង់។ ដូច្នេះ នៅក្នុងពេលឆាប់ៗនេះ យើងនឹងទាញយកអត្ថប្រយោជន៍ ពីឱកាសនេះ ដូចអ្វីដែលយើងបានធ្វើ កាលពីពេលកន្លងមក នៅជិតរដ្ឋធានីកៀវ (Kyiv), ទីក្រុងខាគីវ (Kharkiv), បាឡាគ្លីយ៉ា (Balakliya) និង គូព្យានស្ក៍ (Kupiansk)»៕ រក្សាសិទ្ធិដោយ ៖ សារាយSN























