រឿងរ៉ាវប៉ូលិសចរាចរណ៍ ជាពិសេសពីសំណាក់ក្រុមបិទបាំងមុខ ជាមួយស្រោមខ្មៅ វ៉ែនតាខ្មៅ ដើម្បីកុំឲ្យប្រជាពលរដ្ឋស្គាល់អត្តសញ្ញាណ គឺតែងបង្កជារឿងហេតុធ្វើឲ្យប្រជាពលរដ្ឋ ក្តៅក្រហាយស្ទើររាល់ថ្ងៃ ព្រោះថា ក្រុមប៉ូលិសខូចមួយចំនួនទាំងនោះ ធ្វើការស្ទាក់ឃាត់ផាកពិន័យ ទាំងដែលប្រជាពលរដ្ឋមិនខុស និងធ្វើលើសព្រំដែន នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបានដាក់ចេញ និងសូម្បីបង្កឲ្យមានរូបភាពដ៏មិនថ្លៃថ្នូរ មានចេតនាបង្កការខូចខាតទៅលើរបស់ទ្រព្យអ្នកដំណើរទៀតផង នៅពេលផាកពិន័យបាន។
ជាក់ស្តែង ដូចជាករណីមួយនេះជាដើម បានកំពុងធ្វើឲ្យមហាជនសម្តែងការហួសចិត្ត និងក្តៅក្រហាយជំនួសយ៉ាងខ្លាំង នៅពេលដែលបានដឹងថា ប៉ូលិសចរាចរណ៍មានទាំងប៉ូលិសព្រហ្មទណ្ឌ បានយករបស់មុតស្រួចទៅឆូតរថយន្តព្រុស១គ្រឿង បណ្តាលឲ្យឆ្កូតមួយចំហៀងខាងស្តាំយ៉ាងដំណំ។
ទាក់ទងនឹងករណីនេះ គេមិនដឹងថា ខាងរថយន្តព្រុសខុសអ្វីនោះទេ ប៉ុន្តែ បើតាមរយៈវីដេអូ បានបង្ហាញម្ចាស់រថយន្ត បានទៅថតមុខប៉ូលិសព្រហ្មទណ្ឌម្នាក់ ដែលបិទបាំងដោយស្រោមខ្មៅ (សល់តែប្រឡង់ភ្នែក) និងសួរទាំងក្តៅក្រហាយថា «តើឡានខ្ញុំខុសអី បានជាមកឆ្កូតឡានខ្ញុំ?» នៅពេលនោះ ប៉ូលិសរូបនោះបានដើរក្រពាត់ដៃចូលមក និងនិយាយពាក្យដ៏មិនថ្លៃថ្នូរថា «មកថតអីគេ បោកទូរស័ព្ទបែកឡូវហើយ!»។
ទោះជាយ៉ាងណា ករណីដ៏ហួសចិត្តនេះ មិនដឹងថា ភាគីទាំងខាងក្រុមប៉ូលិស (និនចា) និងម្ចាស់រថយន្តព្រុស ត្រូវបានដោះស្រាយ ឬសម្រួលគ្នាយ៉ាងណានោះទេ ខណៈភាគីម្ចាស់រថយន្តពុំព្រមទទួលយកបានឡើយ ចំពោះទង្វើលេងខូចឡានបែបនេះឡើយ ដោយបានហៅប៉ូលិសដែលជាមុខសញ្ញាបង្កការខូចខាត ឲ្យទៅមើលរបស់ខ្លួន ដែលត្រូវបាន «ឆ្កូត» ស្ទើរពេញមួយល្វែងរថយន្តតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







@oumkong1 កុំនិយាយចឹងបងមិនល្អស្ដាប់ទេ
♬ សំឡេងដើម – អ៊ុំ គង់