រដ្ឋហាវ៉ៃរបស់អាមេរិក និងធ្វើសមយុទ្ធប្រកាសអាសន្នមានការ “វាយលុកពីកូរ៉េខាងជើង” ជារៀងរាល់ខែ ចាប់ពីខែធ្នូនេះទៅ ព្រោះតែបារម្ភពីកាំជ្រួចអន្តរទ្វីបរបស់កូរ៉េខាងជើង។
កាលពីសប្តាហ៍មុនមន្ត្រីហាវ៉ៃ បានបញ្ជាក់ថា នឹងប្រើប្រាស់ឡើងវិញនូវស៊ីរ៉ែនព្រមានថា មានការវាយប្រហារក្នុងកម្មវិធីសមយុទ្ធប្រកាសអាសន្នប្រចាំខែ ក្នុងបរិបថថ្មីត្រូវប្រឈមនឹងហានិភ័យពីកាំជ្រួចកូរ៉េខាងជើង -នេះបើតាម Newsweek ផ្សាយថ្ងៃទី ១១/១១។
តាមផែនការថ្មីកម្មវិធីនេះនឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី ១១/១២ តទៅ។ នៅវេលាម៉ោង ១១និង៤៥នាទី ប្រព័ន្ធប្រកាសអាសន្នរបស់ហាវ៉ៃ នឹងបន្លឺស្នូរសមយុទ្ធ ៥០វិនាទី ក្នុងការប្រកាសអាសន្នពីព្យុះរលកស៊ូណាមិ រញ្ជួយដី។ ស្នូរស៊ីរ៉ែនលើកទី១ និងឈប់១សន្ទុះបន្ទាប់ពីស្នូរស៊ីរ៉ែន ៥០វិនាទីទៀត ដែលប្រកាសអាសន្នថា មានការវាយលុករបស់ “កូរ៉េខាងជើង”។
លើកចុងក្រោយដែលពលរដ្ឋហាវ៉ៃ ស្តាប់ឮស្នូរសមយុទ្ធមានការវាយលុកគឺនៅអំឡុងឆ្នាំ ១៩៨០ នាសម័យសង្គ្រាមត្រជាក់។
Vern Migagi ប្រធានស្ថាប័នគ្រប់គ្រងស្ថានការណ៍គ្រាមានអាសន្នរបស់ហាវ៉ៃឲ្យដឹងថា ៖ “យើងខ្ញុំពុំដឹងពីសមត្ថភាពឬបំណងជាក់លាក់របស់កូរ៉េខាងជើងទេ តែមានភស្តុតាងបញ្ជាក់ច្បាស់ថា ប្រទេសនេះកំពុងអភិវឌ្ឍន៍កាំជ្រួចអន្តរទ្វីបអាចបាញ់មកដល់រដ្ឋរបស់យើង”។ លោកពោលបន្តទៀត “ទោះបីពុំមានបំណងបង្កើតនូវសភាពតានតឹងហួសហេតុ ណាមួយក្តី ដល់ពលរដ្ឋតែយើងខ្ញុំមានភាពទទួលខុសត្រូវរៀបចំផែនការនេះទុកសម្រាប់ប្រឈមនឹងការគំរាមកំហែងគ្រប់បែបយ៉ាង”។
គេបានទូន្មានប្រាប់កុំឲ្យពលរដ្ឋហាវ៉ៃ ព្រួយបារម្ភពេលឮស្នូរស៊ីរ៉ែន សមយុទ្ធ។ ប៉ុន្តែក្នុងករណីស្នូរប្រកាសអាសន្ន មានការវាយប្រហារពិតត្រូវបានលាន់ឮនោះ ពួកគេត្រូវប្រញាប់ស្វែងរកកន្លែងលាក់ខ្លួន។
កាលពីខែមុនសកលវិទ្យាល័យ Hawai បានបញ្ជូនសារអេឡិចត្រូនិចឲ្យនិស្សិត និងសាស្ត្រាចារ្យ បកស្រាយប្រាប់ការងារត្រូវធ្វើក្នុងករណីមានការវាយប្រហារមែននោះ ហើយនៅខែ សីហា ២០១៧ តាមសាលារៀនទាំងឡាយ ក៏ត្រូវបានលើកទឹកចិត្ត ឲ្យមានការចាប់ផ្តើមធ្វើសមយុទ្ធជម្លៀស៕ សូយន