ថ្មីៗនេះ វីដេអូមួយរបស់បុរសគ្រឿងញៀនម្នាក់ បានកំពុងធ្វើឲ្យមហាជននៅលើបណ្តាញសង្គម ផ្ទុះការភ្ញាក់ផ្អើល និងគួរឲ្យហួសចិត្តយ៉ាងខ្លាំងតែម្តង បន្ទាប់ពីបានឃើញបុរសរូបនេះ ចេញវីដេអូសូមឲ្យថ្នាក់ដឹកនាំ ជាពិសេសឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន ជួយរកយុត្តិធម៌ផង ព្រោះខ្លួនត្រូវប៉ូលិសជំរិតទារលុយអស់ ៣ លានរៀល ដោយសារតែគ្រឿងញៀន១កញ្ចប់តម្លៃ១ម៉ឺនរៀល។
តាមរយៈវីដេអូដ៏កម្រជាង ៣ នាទី បុរសដ៏ក្លាហានរូបនេះ បាននិយាយជាមួយកាយវិការទឹកមុខទាំងបែកៗថ្នាំថា៖ «ឯកឧត្តម នេត សាវឿន! ខ្ញុំបាទឈ្មោះ សុខ កប បានកើតទុក្ខមិនសុខចិត្ត ពីរឿងដែលខ្ញុំបានប្រើប្រាស់គ្រឿងញៀន ត្រូវសមត្ថកិច្ចខណ្ឌប្ញស្សីកែវ ជំរិតទារប្រាក់ខ្ញុំ កាលពីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣…»។
បុរសរូបនេះបានរៀបរាប់បន្តថា នៅវេលាម៉ោង ១០ យប់ថ្ងៃខែខាងលើ ខ្លួនបានចេញពីធ្វើការ ក៏ឈៀងចូលទិញថ្នាំញៀន១កញ្ចប់ នៅខាងក្រោយប៉ុស្តិ៍ប្ញស្សីកែវ (ម្តុំផ្សារតូច) ពីក្មេងម្នាក់ ប៉ុន្តែ ពេលចាកចេញមកវិញ ក៏ត្រូវបានសមត្ថកិច្ចមួយក្រុមស្ទាក់ឆែកឆេរ និងរកឃើញថ្នាំ១កញ្ចប់នោះ ហើយបន្ទាប់មក ក៏បាននាំយកទៅខណ្ឌប្ញស្សីកែវភ្លាមៗ។
បុរសរូបនេះ ក៏បានបញ្ជាក់ឲ្យដឹងថា ពេលទៅដល់ខណ្ឌប្ញស្សីកែវ មានប៉ូលិសរហ្សនាមមេ ០៣, មេ៣៩ និងមេ១៥ បានទារលុយពីរូបគេចំនួន ៣ លានរៀល ដើម្បីជាថ្នូររួចខ្លួនបានវិលត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែ ដោយសារតែរូបគេគ្មានលុយ ហើយបងប្អូនមានការភិតភ័យ ក៏បាននាំគ្នាចងការគេគ្រប់ចំនួន ៣ លាន មកប្រគល់ជូនមេៗទាំងនោះតែម្តង។
ទោះជាយ៉ាងណា ដោយសារតែអស់លុយ ៣ លានរៀល ដោយសារគ្រឿងញៀន១កញ្ចប់តម្លៃ១ម៉ឺនរៀល បុរសរូបនេះ បានទទួចថា ខ្លួនពិតជាទទួលរងភាពអយុត្តិធម៌ខ្លាំងណាស់ សូមឲ្យឯកឧត្តម នេត សាវឿន ជួយរកយុត្តិធម៌ផង។
ក្រោយពីបានឮបែបនេះ មហាជនអ្នកលេងបណ្តាញសង្គម ពិតហួសចិត្តយ៉ាងខ្លាំង និងបានដាក់ឲ្យកប់ៗថា៖ «បើដឹងខ្លួនឯងក្រីក្រហើយ ម្ដេចមិនខំរកស៊ី ម៉េចទៅប្រើប្រាស់គ្រឿងញៀន, ប៉ិនហ្នឹងហើយនៅថាអីវ៉ាន់គេអត់សុទ្ធទៀត ចំជាចោរម្សៀតមែន, ទិញនៅក្រោយប៉ុស្តិ៍ ចាប់នៅមុខ កើតទុក្ខមិនសុខចិត្ត សុំចេញមុខបរិយាយ, សុំក្តៀនយោបល់ ឯណាយុត្តិធម៌ចំពោះអ្នកប្រើប្រាស់គ្រឿងញៀន…»។
តែទោះជាយ៉ាងណាក៏ដោយ ការជំរិតទារប្រាក់របស់សមត្ថកិច្ចបែបនេះ គឺធ្វើផ្ទុយពីវិជ្ជាជីវៈរបស់ខ្លួនហើយ ព្រោះថា បើសមត្ថកិច្ចចាប់ជនប្រើប្រាស់ ឬ ជួញដូរគ្រឿង ពិតប្រាកដ នោះត្រូវតែកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ទៅតាមកម្រិតនៃទោស ដើម្បីឲ្យជនប្រព្រឹត្តបានកែប្រែខ្លួន មិនមែនចូលរួមផ្សំគំនិតគ្នាប្រព្រឹត្តអំពើជំរិតទារប្រាក់បែបនេះឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



