ថយត្រឡប់ទៅឆ្នាំ២០១៤ កញ្ញា គ្រិស ខ្រេ-មើរ និង លី-សាន-នេ ហ្វ្រ៉ន់ ជានិស្សិតជនជាតិអាល្លឺម៉ង់ បានបាត់ខ្លួននៅក្នុងដំណើរផ្សងព្រេងក្នុងព្រៃ El Pianista ក្នុងប្រទេសប៉ាណាម៉ា។ រាងកាយរបស់ពួកនាងមួយផ្នែក ត្រូវបានប្រទះឃើញនៅពេលក្រោយមក និងក្រៅពីនោះ នៅមានការរកឃើញរូបភាពនៅក្នុងកាមេរ៉ាថតរូបរបស់ពួកនាង ដែលធ្វើឱ្យមានការសន្និដ្ឋានផ្សេងៗពីគ្នា ពាក់ព័ន្ធនឹងការបាត់ខ្លួនយ៉ាងអាថ៌កំបាំងនេះ តែក៏មិនដែលមានអ្នកណាដឹងថា តើមានរឿងអ្វីកើតឡើងចំពោះពួកនាងឡើយ។

ទាំងគ្រិស និងលិសាននេ ក្នុងវ័យ ២០ឆ្នាំ ម្នាក់ៗសុទ្ធតែជាអ្នកស្រឡាញ់ និងចូលចិត្តការផ្សងព្រេង។ ទាំង ២នាក់ធ្វើការជាមួយគ្នានៅក្នុងហាងកាហ្វេមួយ មុននឹងសន្សំលុយរយៈពេល ៦ខែ ដើម្បីរៀបផែនការទៅដើរលេងនៅប្រទេសប៉ាណាម៉ាជាមួយគ្នាក្នុងអំឡុងពេលថ្ងៃឈប់សម្រាកពិសេស ៦សប្ដាហ៍ ដោយសង្ឃឹមថា នឹងបានរៀនភាសាអេស្ប៉ាញ និងបានធ្វើជាអ្នកស្ម័គ្រចិត្តដើម្បីជួយសង្គ្រោះក្មេងៗនៅក្នុងតំបន់នោះផងដែរ។
ការធ្វើដំណើរទៅកម្សាន្តក្នុងគ្រានោះ ថែមទាំងអាចនិយាយបានថា ជារង្វាន់ពិសេសមួយសម្រាប់ការបញ្ចប់ការសិក្សារបស់លិសាននេផងដែរ តែអ្វីគ្រប់យ៉ាង វាមិនបានដូចអ្វីដែលពួកនាងបានគិតឡើយ។

គ្រិស និងលិសាននេ បានធ្វើដំណើរទៅដល់ប៉ាណាម៉ា នៅថ្ងៃទី១៥ មីនា ឆ្នាំ២០១៤ ពួកនាងបានធ្វើដំណើរកម្សាន្តទៅតាមទីកន្លែងផ្សេងៗ ២សប្ដាហ៍ មុននឹងដល់ថ្ងៃទី២៩ មីនា ទើបពួកនាងបានមកស្នាក់នៅជាមួយគ្រួសារអ្នកស្រុកមួយ ក្នុងតំបន់មួយក្នុងទីប្រជុំជនបូកេត រយៈពេល ១ខែ ដើម្បីធ្វើជាអ្នកស្ម័គ្រចិត្តសម្រាប់កុមារតូចៗ។
ថ្ងៃទី១មេសា វេលាម៉ោងប្រមាណជា ១១ថ្ងៃ ពួកនាងបានដើរចូលទៅក្នុងព្រៃ ដែលនៅជិតភ្នំភ្លើងបារូ មុននឹងបន្តដំណើរទៅតាមផ្លូវថ្មើរជើងក្នុងព្រៃ El Pianista ដែលស្ថិតនៅមិនឆ្ងាយពីទីប្រជុំជនបូកេតប៉ុន្មាន។ ពួកនាងបានផូស្តនៅក្នុងហ្វេសប៊ុកថា កំពុងតែដើរលេងជុំវិញទីប្រជុំជន និងមានរបាយការណ៍ថា ពួកនាងបាននាំគ្នាហូបបាយពេលរសៀល ជាមួយកំលោះជនជាតិ អាល្លឺម៉ង់ដូចគ្នា ២នាក់ មុននឹងបំបែកគ្នាចេញដើរទៅតាមផ្លូវរៀងៗខ្លួន។
មានប្រភពព័ត៌មានមួយបានអះអាងថា ពួកនាងបាននាំឆ្កែរបស់ម្ចាស់ហាងបាយ Il Pianista ទៅជាមួយ ហើយរាត្រីនោះឯង ម្ចាស់ឆ្កែក៏ត្រូវភ្ញាក់ផ្អើល នៅពេលឃើញឆ្កែរបស់ខ្លួន រត់ត្រឡប់មកផ្ទះវិញដោយមិនមានស្ត្រីទាំង ២នាក់នោះមកជាមួយ តែរឿងនេះ មិនទាន់បានទទួលការអះអាងថា ជាការពិត ឬយ៉ាងណានៅឡើយទេ រហូតមកដល់បច្ចុប្បន្ន។

នៅថ្ងៃនោះឯង នាងក្រមុំទាំង២ ក៏បាត់ខ្លួននៅក្នុងព្រៃ និងមិនបានវិលត្រឡប់មកវិញទៀតឡើយ។ ពួកនាងមិនឆ្លើយតបនឹងសំណួររបស់ឪពុកម្ដាយដែលផ្ញើទៅរៀងរាល់ថ្ងៃនោះឡើយ និងខកការណាត់ជួបជាមួយមគ្គុទេសក៍ទេសចរណ៍ក្នុងតំបន់នាថ្ងៃទី២មេសាទៀតផង។ បន្ទាប់ពីនោះមក ការតាមស្វែងរកនាងក្រមុំទាំង២ ក៏ចាប់ផ្ដើមឡើង…
ថ្ងៃទី៦មេសា ឪពុកម្ដាយរបស់កញ្ញាទាំង២ បានធ្វើដំណើរមកដល់ប៉ាណាម៉ា ព្រមជាមួយប៉ូលិស សុនខប៉ូលិស និងអ្នកស៊ើបអង្កេតមកពីប្រទេសហូឡង់ ដើម្បីធ្វើការរុករកនៅក្នុងព្រៃនោះយ៉ាងពេញទំហឹងរយៈពេល ១០ថ្ងៃ។ ឪពុកម្ដាយរបស់ពួកនាង បានដាក់ប្រាក់រង្វាន់ចំនួន ៣០ ០០០ដុល្លារអាមេរិក សម្រាប់ព័ត៌មានណាមួយ ដែលអាចនាំទៅរកតម្រុយនៃការបាត់ខ្លួនរបស់កូនៗពួកគាត់។
តែ គ្រប់យ៉ាងនៅតែទទេស្អាត នាងក្រមុំទាំង២ នៅតែបាត់ខ្លួនយ៉ាងស្ងាត់សូន្យ…
១០សប្ដាហ៍តមក នៅថ្ងៃទី១០មិថុនា ស្ត្រីអ្នកស្រុកម្នាក់ បានរកឃើញកាបូបស្ពាយពណ៌ខៀវរបស់លិសាននេ ដែលគាត់ប្រាប់ថា ប្រទះឃើញវានៅឯមាត់ទឹកអូរ ជិតភូមិអាល់-តូ រ៉ូ-មេ-រ៉ូ ក្នុងខេត្តបូខាស់ ដេល តូរ៉ូ។ កាបូបស្ពាយនោះ មានតែវ៉ែនតាការពារពន្លឺថ្ងៃ២ លុយចំនួន ៨៣ដុល្លារ លិខិតធ្វើដំណើរ ដបទឹក អាវទ្រនាប់២ ទូរស័ព្ទដៃរបស់ពួកគេទាំង២ និងកាមេរ៉ាថតរូបរបស់លិសាននេ ដែលនៅល្អទាំងអស់។

ក្រោយពីត្រួតពិនិត្យទូរស័ព្ទដៃទាំងនោះរួចហើយ ក៏បានដឹងថា ប្រមាណជា ៥ម៉ោង បន្ទាប់ពីពួកនាងចេញធ្វើដំណើរ ទូរស័ព្ទដៃរបស់គ្រិស បានខលចេញទៅលេខ ២១១ (លេខសុំជំនួយសង្គ្រោះបន្ទាន់នៅក្នុងប្រទេសហូឡង់)នៅម៉ោង ១៦:៣៩នាទី និងទូរស័ព្ទដៃរបស់លិសាននេ បានខលចេញទៅលេខ ៩១១ (លេខសុំជំនួយសង្គ្រោះបន្ទាន់នៅក្នុងប្រទេសប៉ាណាម៉ា)នៅវេលាម៉ោង ១៦:៥១នាទី។
ការព្យាយាមក្នុងការខលចេញទាំងនោះ មិនបានទទួលលទ្ធផលឡើយ ដោយសារតែទូរស័ព្ទគ្មានសេវានៅក្នុងទីតាំងមួយនោះ ហើយទាំង ២នាក់បានព្យាយាមខលជាច្រើនដងទៀត តែនៅតែមិនបានទទួលជោគជ័យដដែល។
ក្នុងថ្ងៃទី៤មេសា ទូរស័ព្ទដៃរបស់លិសាននេ បានអស់ថ្មនៅវេលាម៉ោង ៥ទៀបភ្លឺ ហើយទូរស័ព្ទនោះ ក៏លែងមានការប្រើប្រាស់តទៅទៀតដែរ ខណៈដែលទូរស័ព្ទដៃរបស់គ្រិស ត្រូវបានបិទ-បើក បិទ-បើក ដើម្បីស្វែងរកសេវាឆ្លើយឆ្លងក្នុងអំឡុងថ្ងៃទី៥ រហូតដល់ថ្ងៃទី១១មេសា តែក៏មិនមានការចុចបើក Password ឡើយ មិនថាតែចុចត្រូវ ឬចុចខុសក៏ដោយ។ រហូតមកដល់ថ្ងៃទី១១មេសា ទូរស័ព្ទរបស់គ្រិស ត្រូវបានបើកឡើងវិញនៅវេលាម៉ោង ១០:៥១នាទី និងបិទទៅវិញនៅម៉ោង ១១:៥៦នាទី រួចហើយវាក៏លែងត្រូវបានបើកប្រើទៀតឡើយ ទោះជានៅមានថ្ម ២២%ក៏ដោយ។
តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺកាមេរ៉ាថតរូប Canon របស់លិសាននេ…

មានរូបភាពនៅក្នុងកាមេរ៉ាតាំងពីថ្ងៃទី១មេសា ដែលបង្ហាញថា ពួកនាងបានដើរទៅតាមផ្លូវដ៏លំបាក និងដាច់ស្រយាលមួយអស់ជាច្រើនម៉ោង ដោយមិនមានសញ្ញានៃភាពខុសប្រក្រតីណាមួយកើតឡើងឡើយ។
នៅថ្ងៃទី៨មេសា មានរូបភាពដែលបានថតដោយប្រើភ្លើងហ្វ្លាស់កម្រិត៩០ ក្នុងអំឡុងម៉ោង ០១:០០នាទី ដល់ ០៤:០០នាទី ដែលមើលទៅហាក់ដូចជាកំពុងស្ថិតនៅក្នុងព្រៃជ្រៅ និងសឹងតែងងឹតឈឹងមើលអ្វីមិនឃើញ។ រូបភាពប៉ុន្មានរូបនោះ បានបង្ហាញឱ្យឃើញថា ពួកនាងអាចកំពុងស្ថិតនៅជិតទឹកអូរ ឬក៏ជ្រលងភ្នំណាមួយ មានរូបមែកឈើ ជាមួយថង់ប្លាស្ទិកនៅលើដុំថ្ម និងរូបភាព ១ទៀត ដែលបង្ហាញពីក្បាលផ្នែកខាងក្រោយរបស់គ្រិស…។
រូបភាពទាំងអស់នោះ មិនអាចប្រាប់បានថា តើហេតុអីបានពួកនាងដល់ថ្នាក់ដកយកកាមេរ៉ាចេញមកថតរូបច្រើនលើកនាពេលកណ្ដាលយប់ដូច្នេះបានឡើយ ហើយវាបានបង្កើតនូវក្ដីងឿងឆ្ងល់ដល់អាជ្ញាធរមានសមត្ថកិច្ច និងអ្នកឯទៀតយ៉ាងខ្លាំង រហូតឈានឆ្ពោះទៅដល់ការសន្និដ្ឋានរឿងរ៉ាវផ្សេងៗជាច្រើនទៀតផង។
ការរកឃើញកាបូបស្ពាយនេះ បាននាំឆ្ពោះទៅដល់ការស្វែងរុករកជាថ្មីម្ដងទៀត តាមបណ្ដោយដងអូរ ឃូ-លូ-ប្រេ…
ខោខូវប៊យជើងខ្លីរបស់គ្រិស្ត ត្រូវបានរកឃើញនៅលើកំពូលផ្ទាំងថ្ម ទល់មុខដងអូរ ឆ្ងាយពីចំណុចដែលរកឃើញកាបូបស្ពាយរបស់លិសាននេ តែមិនប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះ។ មានព័ត៌មានអះអាងថា ខោនោះត្រូវបានរូតខ្សែរូតបិទ និងបត់ទុកយ៉ាងរៀបរយ តែ ក្នុងរូបភាពដែលថតបាននៅក្នុងកាមេរ៉ា ដែលបានផ្សព្វផ្សាយបង្ហាញក្នុងឆ្នាំ២០២១ បានផ្ទុយពីព័ត៌មានខាងលើយ៉ាងស្រឡះ។

២ខែតមក មានការរកឃើញគ្រោងឆ្អឹងត្រគាក និងស្បែកជើងប៊ូតកវែង ដែលមានជើងមនុស្សនៅខាងក្នុង បន្ទាប់ពីនោះ ក៏មានការរកឃើញឆ្អឹងផ្សេងៗទៀតយ៉ាងតិច ៣៣ដុំ ដែលស្ថិតនៅរប៉ាត់រប៉ាយតាមមាត់អូរ។
តាមរយៈការពិនិត្យ DNA គេបានដឹងថា បំណែកឆ្អឹងទាំងនោះ គឺជារបស់ពួកនាងទាំង២ ខណៈដែលឆ្អឹងរបស់លិសាននេ នៅមានស្បែកជាប់នៅឡើយ តែឆ្អឹងរបស់គ្រិស មើលទៅហាក់ដូចជាសស្លេកស្លាំងទៅហើយ។
នៅលើបំណែកឆ្អឹងដែលរកឃើញទាំងនោះ មិនមានស្លាកស្នាមឆ្កូតដាច់អ្វីទាំងអស់ គ្មានចំណែកធ្វើឱ្យខូចខាតដោយសារធម្មជាតិសោះឡើយ ដែលនេះ វាជារឿងខុសប្រក្រតី ព្រោះរាងកាយរបស់មនុស្សដែលខូចខាតតាមធម្មជាតិ ឆ្អឹងដែលលិចចុះទៅក្នុងបាតទឹកនោះ វាគួរតែមានស្លាកស្នាមដែលកើតចេញពីការប៉ះទង្គិច ឬសឹករេចរឹលជាមួយថ្មនៅបាតអូរ។
ក្នុងអំឡុងចុងខែសីហា២០១៤ មានការរកឃើញបំណែកស្បែករបស់មនុស្សនៅម្ដុំមាត់អូរនោះ ដែលជាស្បែករបស់លីសាននេ និងក្រោយពីវិភាគខាងវិទ្យាសាស្ត្ររួចហើយ គេបានដឹងថា វាទើបតែស្ថិតក្នុងស្ថានភាពចាប់ផ្ដើមរលាយ ដែលវាខុសពីរបស់គ្រិស ដែលបានរលាយបាត់អស់យូរទៅហើយ។
សរុបទៅ នៅមិនទាន់មានអ្នកណាដឹងថា តើមានរឿងអ្វីកើតឡើងចំពោះពួកនាងទាំង២ ក្នុងអំឡុងពេលដែលពួកនាងបានវង្វេងនៅក្នុងព្រៃទៅជារឿយៗនោះឡើយ។ អ្នកខ្លះជឿថា វាគ្រាន់តែជាឧប្បត្តិហេតុធម្មតាមួយប៉ុណ្ណោះ តែមានភ័ស្តុតាងមិនតិចឡើយ ដែលបង្ហាញថា វាអាចជាស្នាដៃរបស់ជនទី៣ណាម្នាក់ ហើយរឿងក្ដីរបស់គ្រិស ខ្រេមើរ និងលិសាននេ ហ្វ្រ៉ន់ ក៏នៅតែជារឿងអាថ៌កំបាំងតទៅទៀត រហូតមកដល់សព្វថ្ងៃ៕


















