ភ្នំពេញ ៖ នេះជាលើកទីពីរហើយក្នុងឆ្នាំនេះ ដែលស្ថាប័ន IDP Education ជាអ្នកឯកទេសផ្នែកបញ្ចូនសិស្សនិស្សិតទៅសិក្សា នៅបរទេស បានប្រមូលផ្តុំនូវស្ថាប័នអប់រំអូស្ត្រាលីមកកាន់ប្រទេសកម្ពុជាម្តងទៀតនៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ចាប់ពីម៉ោង ១សៀល ដល់៧ល្ងាច ក្នុងកម្មវិធីពិព័រណ៍អាហារូបករណ៍ ពីការសិក្សានៅអូស្ត្រាលី។ កម្មវិធីត្រូវបានបើកស្វាគមន៍ដល់សាធារណជន ដោយសេរី។
កញ្ញា ឆាង ពីសី សិស្សមកពីវិទ្យាល័យទួលទំពូងដែលបានមកចូលរួមកម្មវិធី ពិព័រណ៍ការសិក្សានៅ អូស្ត្រាលី កាលពីខែមីនាបាននិយាយថា “នាងខ្ញុំពិតជាចង់ទៅសិក្សានៅប្រទេសអូស្ត្រាលីពីព្រោះ វាជាក្តីស្រមៃរបស់ នាងខ្ញុំតាំងពីកុមារភាពមក។ ចូលរួមកម្មវិធីពិពរ័ណ៍ការសិក្សានៅអូស្ត្រាលីដែលរៀបចំឡើងដោយស្ថាប័ន IDP Education ពិតជាធ្វើឲ្យខ្ញុំយល់ដឹងច្រើនទាក់ទងទៅនឹងបទបញ្ជារបស់សាលា និងព័ត៌មានសំខាន់ៗជាច្រើនទៀតទាក់ទង ទៅនឹងការសិក្សានៅបរទេស។” និស្សិតម្នាក់ដែលកំពុងសិក្សានៅ University of Technology Sydney បានយល់ឃើញថា “សញ្ញាបត្រ និងលទ្ធផលនៃការសិក្សានៅប្រទេសអួស្ត្រាលីនឹងត្រូវបាន គេទទួលស្គាល់ស្ទើរតែគ្រប់ទីកន្លែងនៅជុំវិញពិភពលោកដូច្នេះឱកាសក្នុងការស្វែងរកការងារនាពេលអនាគតនឹងមានភាពងាយ ស្រួល។” ប្រទេសអូស្ត្រាលីគឺជាទិសដៅដ៏ពេញនិយមមួយ សម្រាប់សិស្សនិស្សិតកម្ពុជាក្នុងការបន្តសិក្សាដែលប្រទេសនេះត្រូវបានគេទទួលស្គាល់ជាសាធារណៈអំពីប្រព័ន្ធអប់រំលំដាប់ពិភពលោក កម្រិតជីវភាពរស់នៅប្រកបដោយគុណភាពខ្ពស់ មានសុវត្ថិភាព និងគុណសម្បត្តិជាច្រើនដទៃទៀត។
ស្ថាប័នអប់រំអូស្ត្រាលីចំនួន ៣៦ ចាប់ពីកម្រិតសិក្សាថ្នាក់វិទ្យាល័យ ដល់ថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ និងថ្នាក់បណ្ឌិតមានវត្តមានក្នុងការផ្តល់យោបល់ជូនដល់សិស្ស និស្សិត និង អាណាព្យាបាល អំពីជម្រើសសិក្សានៅប្រទេសអូស្ត្រាលីនៅឯពិព័រណ៍ពីអាហារូបករណ៍ និងការសិក្សានៅអូស្ត្រាលី។ លើសពីនេះទៅទៀត កម្មវិធីនេះនឹងមានការចូលរួម ពីវាលគ្មិន ក៏ដូចជាអតីតនិស្សិតអាហារូបករណ៍ទៅក្រៅប្រទេស ដើម្បីផ្តល់នូវគន្លឹះ និងបទពិសោធន៍ល្អៗជាច្រើនដល់អ្នកចូលរូមផងដែរ។ ពិព័រណ៍ការសិក្សានេះ ត្រូវបានធ្វើឡើងដើម្បីផ្តល់ជាវេទិកាដ៏ល្អបំផុត សម្រាប់ សិស្ស និស្សិត និង អាណាព្យាបាល ធ្វើការជួបផ្ទាល់ជាមួយ សាលា សាកលវិទ្យាល័យ និង ស្ថាប័នអប់រំល្បីៗមកពីទូទាំងអូស្ត្រាលី ដែលអាចផ្តល់ការណែនាំអំពីជម្រើសសិក្សា តម្លៃសិក្សា តម្លៃការរស់នៅ និងការដាក់ពាក្យសុំទិដ្ឋាការ។
បន្ថែមទៀតនោះក៏មានវត្តមានរបស់មន្ត្រីស្ថានទូតអូស្ត្រាលីប្រចាំនៅប្រទេសកម្ពុជាផ្នែក ទិដ្ឋាការ ក៏នឹងចូលរួមពិព័រណ៍ការសិក្សានេះផងដែរ។ មន្ត្រីអន្តោប្រវេសន៍នៃស្ថានទូតអូស្ត្រាលីប្រចាំនៅប្រទេសកម្ពុជា មានប្រសាសន៍ថា៖ “ប្រទេសអូស្ត្រាលីត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាប្រទេសមួយដែលមានភាពសម្បូរបែបនិងការស្វាគមន៍ហើយក៏ត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលផ្តល់ការអប់រំថ្នាក់ពិភពលោក។”
ដោយឡែក មជ្ឈមណ្ឌលអូស្រា្តលីសម្រាប់ការបណ្តុះបណ្តាល (ACE) ក៏នឹងមានវត្តមានក្នុងកម្មវិធីនេះ ដើម្បីផ្តល់នូវព័ត៌មានទាក់ទងនឹងការសិក្សាភាសាអង់គ្លេស ដើម្បីត្រៀមខ្លួនបំពេញលក្ខខណ្ឌ របស់ស្ថាប័នអប់រំអូស្ត្រាលី។ មន្ត្រីមណ្ឌលប្រឡង IELTS ប្រចាំប្រទេសកម្ពុជា ក៏នឹងត្រៀមខ្លួន ផ្តល់ ប្រឹក្សាពី ការចុះឈ្មោះប្រឡង និងការត្រៀមប្រឡង IELTS។
IDP Education គឺជាស្ថាប័នធំជាងគេបង្អស់លើពិភពលោកដែលបានដើរតួនាទីក្នុងការបញ្ជូនសិស្ស និស្សិត ទៅសិក្សានៅប្រទេសអូស្ត្រាលី ដែលមានការិយាល័យចំនួនជាង ១០០កន្លែង ក្នុង៣០ប្រទេសជុំវិញពិភពលោក ដែលបានជួយសិស្សនិស្សិតកម្ពុជាទៅសិក្សានៅប្រទេសអូស្រា្តលី តាំងពីឆ្នាំ ១៩៩៤។ IDP ក៏បញ្ជូន សិស្ស និស្សិត ទៅសិក្សានៅ កាណាដា ណូវេហ្សេឡង់ ចក្រភពអង់ គ្លេស និងសហរដ្ឋអាមេរិកផងដែរ។ ការប្រឹក្សា នឹងការបំពេញទម្រង់បែបបទសិក្សា ត្រូវបានផ្តល់ជូនដោយស្ថាប័ន IDP ដោយឥតគិតថ្លៃ។
IDP Education ជាសា្ថប័នដែលចូលរួមបង្កើតឡើងដោយ សាកលវិទ្យាល័យទាំង ៣៨ របស់ប្រទេសអូស្រា្តលី៕ ដោយ៖កូឡាប