ក្រសួងពាណិជ្ជកម្ម នឹងត្រូវចុះបញ្ជីសម្គាល់ម៉ាកផលិតផលទឹកត្រីកំពត-កែបនាពេលដ៏ខ្លីខាងមុខនេះ ដើម្បីបង្ហាញអំពីសក្តានុពលឱ្យកាន់តែទូលំទូលាយ ទាំងនៅលើទីផ្សារជាតិ អន្តរជាតិ។

បើតាមមន្ត្រីក្រសួងពាណិជ្ជកម្ម ក្រសួងនឹងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញចំនួន៣មុខទំនិញបន្ថែមទៀត នៅដើមខែក្រោយនេះ ខណៈដែលបច្ចុប្បន្នកម្ពុជាមានផលិតផល៤មុខហើយ ដែលបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ដ្រ។ ទំនិញទាំង៣មុខ ដែលក្រសួងពាណិជ្ជកម្មនឹងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញរួមមាន «អំបិលកំពតកែប» «បង្កងតាកែវ» និង «ទឹកត្រីកំពតកែប»។



លោកស្រី ម៉ុម ថាណា អគ្គនាយករងសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា បន្ទាប់ពីសមាជិកសមាគមអ្នកផលិតទឹកត្រី កំពត-កែប បានអនុម័តលើសៀវភៅលក្ខន្តិកៈ សៀវភៅបន្ទុក ព្រមទាំងការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានតាមរយៈអង្គមហាសន្និបាតនៅថ្ងៃនេះ និងបានការអនុញ្ញាតច្បាប់ពីក្រសួងមហាផ្ទៃ នោះក្រសួងពាណិជ្ជកម្មនឹងសម្របសម្រួលក្នុងការចុះបញ្ជីសម្គាល់ម៉ាកទឹកត្រី កំពត-កែប នាពេលដ៏ខ្លីខាងមុខ។

បន្ថែមលើនោះ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ជាថ្ងៃប្រារឰទិវាកម្មសិទ្ធិបញ្ញាពិភពលោក ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ ក្រសួង នឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវម៉ាកសញ្ញាទឹកត្រីកំពត-កែប និងផលិតផលសម្គាល់ភូមិសាស្តទំនិញមួយចំនួនទៀត រួមមាន បង្កងតាកែវ អំបិលកំពត-កែប ព្រមទាំងបង្ហាញម៉ាកសមូហភាព ដូចជា អំបុកកំពង់ធំ នំបញ្ចុកសៀមរាប និងដូងខ្ទិះបាត់ដំបងជាដើម។

ក្នុងនាមក្រសួងពាណិជ្ជកម្ម លោកស្រី បានសំណូមពរដល់អាជ្ញាធរនៃខេត្តទាំង២ សូមជួយទប់ស្កាត់ការក្លែងបន្លំម៉ាកសម្គាល់ទឹកត្រីកំពត-កែបពីជនខិលខូចដើម្បីផលប្រយោជន៍ និងកេរ្តិ៍ឈ្មោះសមាគមទាំងមូល។
គួរបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ កម្ពុជា បានចុះបញ្ជីម៉ាកផលិតផលសម្គាល់ភូមិសាស្ត្រចំនួន៤រួចមកហើយ ដូចជា ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ក្រូចថ្លុងកោះទ្រង់ ខេត្តក្រចេះ និងចុងក្រោយ គឺទឹកឃ្មុំព្រៃខេត្តមណ្ឌលគិរី៕