ភ្នំពេញ៖ ជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways បានចាប់ផ្តើមជាលើកដំបូងរបស់ខ្លួនឡើងវិញ រវាងរាជធានីភ្នំពេញ និងទីក្រុងប៉េកាំង ក្នុងគោលបំណងបំពេញតម្រូវការធ្វើដំណើរដែលកំពុងកើនឡើងសម្រាប់ទិសដៅទាំងពីរប្រទេស។

បន្ទាប់ពីប្រទេសកម្ពុជា បានបន្ធូរបន្ថយវិធានការប្រឆាំងនឹងជំងឺកូវីដ-១៩ និងបើកឡើងវិញនូវដំណើរសេដ្ឋកិច្ចនិងទេសចរណ៍ មានក្រុមហ៊ុនអាកាសចរណ៍ជាច្រើន បានបើកជើងហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងចិនឡើងវិញ។

ជើងហោះហើរដំបូង KR991 ដំណើរការដោយយន្តហោះ Airbus-A320 បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅពេលព្រឹក និងបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិនាទីក្រុងប៉េកាំងពេលរសៀល។ហើយជើងហោះហើរ KR992 ត្រឡប់ពីទីក្រុងប៉េកាំងនៅពេលរសៀល មកដល់ភ្នំពេញនៅពេលល្ងាច។

សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ផ្តល់សេវាកម្ម បីដងក្នុងមួយសប្តាហ៍ ដែលគ្រោងធ្វើជាប្រចាំរៀងរាល់ថ្ងៃចន្ទ ពុធ និងថ្ងៃសុក្រ។

ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways បានឲ្យដឹងថា “ការបើកផ្លូវហោះហើរថ្មីនេះ ត្រូវបានគេរំពឹងថានឹងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ វប្បធម៌ និងទេសចរណ៍រវាងទីក្រុងទាំងពីរ។ ជើងហោះហើរ ផ្លូវថ្មីនេះ នឹងជួយនាំភ្ញៀវទេសចរ ពាណិជ្ជករ និងវិនិយោគិនចិនមកកម្ពុជាកាន់តែច្រើនថែមទៀត៕