ភ្នំពេញ៖ គោលបំណងនៃការនាំចូលនាំចេញឱសថតាមប្រព័ន្ធបញ្ជរជាតិតែមួយ គឺដើម្បីធានាបាននូវតម្លាភាព និងប្រសិទ្ធភាព ក្នុងការស្នើសុំនាំចូល នាំចេញ, បង្កលក្ខណៈងាយស្រួល និងឆាប់រហ័សក្នុងការផ្តល់សេវា, ផ្តល់ព័ត៌មានត្រឡប់បានឆាប់រហ័ស និងទាន់ពេលវេលា, កាត់បន្ថយការចំណាយទាំងថវិកា និងពេលវេលា, រក្សាការសំងាត់ និងឯកសារមានសុវត្ថិភាពខ្ពស់។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ការស្នើសុំនាំចូល នាំចេញឱសថតាមប្រព័ន្ធបញ្ជរតែមួយនេះ គឺដើម្បីកាត់បន្ថយចំណាយ និងចំណេញពេលវេលា។ ការស្នើសុំរបស់រដ្ឋមន្ត្រី ធ្វើឡើងយោងតាមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ក្រសួងសុខាភិបាល ជូនដំណឹងដល់ប្រធានគ្រឹះស្ថានផលិតឱសថ គ្រឹះស្ថានផលិតវត្ថុធាតុដើម គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រឹះស្ថានអាហរ័ណ នីហរ័ណផលិតផលគ្រឿងសម្អាង ឲ្យបានជ្រាបថា ដើម្បីពង្រឹង និងបង្កើនប្រសិទ្ធភាព ក្នុងការនាំចូល នាំចេញ ឱសថ ឧបករណ៍បរិក្ខារពេទ្យ គ្រឿងសម្អាង ផលិតផលបំប៉នសុខភាព វត្ថុធាតុដើម វត្ថុធាតុផ្សំ សម្ភារវេចខ្ចប់ និង ផលិតផលសុខាភិបាលផ្សេងទៀតឱ្យកាន់តែល្អប្រសើរ ក្រសួងសុខាភិបាល សូមស្នើ ប្រធានគ្រឹះស្ថាន ដែលមិនទាន់បានធ្វើការស្នើសុំនាំចូល នាំចេញតាមប្រព័ន្ធបញ្ជរតែមួយ ត្រូវចូលរួមអនុវត្តឱ្យបានពេញ លេញចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ អាស្រ័យដូចក្រសួងសុខាភិបាល បានប្រកាស សូមលោក-លោកស្រី ចូលរួមសហការ អនុវត្តតាមសេចក្តីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាព៕