អ្នកជួយសង្គ្រោះបានរកឃើញសាកសព ៣៤ នាក់ និងជួយសង្គ្រោះអ្នកនៅរស់ ១៥៥ នាក់ ក្រោយពីសាឡាង១គ្រឿង បានលិចនៅឯនាយសមុទ្រនៃភាគកណ្តាលប្រទេសឥណ្ឌូនេស៊ី ។
អ្នកនាំពាក្យរបស់ការិយាល័យរុករក និងជួយសង្គ្រោះថ្នាក់ជាតិ លោក Marsudi បាននិយាយថា បេសកកម្មស្វែងរកនឹងមិនបញ្ឈប់នៅពេលនេះទេ ដោយសារតែនៅតែមានជនរងគ្រោះដែលកំពុងបាត់ខ្លួននៅឡើយ ។
យោងទៅតាមភ្នាក់ងារគ្រប់គ្រងជាតិ និងគ្រោះមហន្តរាយ បានឱ្យដឹងថា ចំនួនសរុបនៃមនុស្សដែលជិះលើនាវាដែលជួបគ្រោះថ្នាក់នោះគឺ ១៨៩ នាក់ ។
លោក Marsudi បានប្រាប់ស៊ីនហួថា៖ «វានៅតែមានលទ្ធភាពដែលជនរងគ្រោះដទៃទៀត មិនត្រូវបានគេកត់ត្រានៅក្នុងរបាយការណ៍ប្រកាសនោះទេ ។ ហើយយើងក៏មិនអាចដឹងច្បាស់ពីតួលេខជាក់ស្តែងផងដែរ ។
លោកបានកត់សម្គាល់ថា៖ «ការស្វែងរក និងជួយសង្គ្រោះជនរងគ្រោះ នឹងត្រូវបានអនុវត្តយ៉ាងទៀងទាត់ ក្នុងរយៈពេល ៧ ថ្ងៃ ដែលស្របតាមនីតិវិធីផ្លូវការ» ។
សាឡាងឈ្មោះថា KMP Lestari Maju បានធ្វើដំណើរឆ្ពោះទៅកាន់កោះ Selayar និងបានលិចនៅម៉ោង ២ និង៣០ នាទី ។ យោងតាមភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ បានឱ្យដឹងថា តំបន់នេះស្ថិតនៅក្នុងដែនទឹក Selayar ភាគខាងត្បូងខេត្ត Sulawesi កាលពីថ្ងៃអង្គារ ដែលមានចម្ងាយត្រឹមតែ ៣០០ ម៉ែត្រ ប៉ុណ្ណោះ ពីកំពង់ផែសមុទ្រនៅក្នុងកោះនេះ ។
អគ្គនាយកដឹកជញ្ជូនផ្លូវទឹក នៅក្រសួងដឹកជញ្ជូន លោក Agus Purnomo បានប្រាប់ស៊ីនហួថា សាឡាងនេះបានផ្ទុកដោយរថយន្តគ្រឿង និងម៉ូតូ ៤៨ គ្រឿង បន្ថែមលើអ្នកដំណើរ និងក្រុមនាវិក ។
ការធ្វើដំណើរតាមកប៉ាល់ ឬទូក គឺជាមធ្យោបាយដឹកជញ្ជូនដ៏ពេញនិយមនៅក្នុងប្រទេសប្រជុំកោះដ៏ធំនេះ ។ ទោះជាយ៉ាងណាក៏ដោយ ការខ្វះបទដ្ឋានសុវត្ថិភាពជារឿយៗបង្កឱ្យមានឧប្បត្តិហេតុកើតឡើងនៅសមុទ្រ ៕ ឧត្តម