ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ បានបញ្ជូនខ្លួនអនុប្រធាននាយកដ្ឋាន នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យព្រះរាជអាជ្ញា និងចៅក្រម ធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីប្រើប្រាស់កាំភ្លើងភ្ជង់គំរាមលើអ្នកបើកបររថយន្តដែលជាគូរជម្លោះរបស់ខ្លួន នៅក្នុងបុរី ជីបម៉ុង ផ្លូវជាសុផារ៉ា ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី២៩ ខែមីននា ឆ្នាំ២០២៣ ។

ប្រភពច្បាស់ការណ៍បានឲ្យដឹងថា ការបញ្ជូនទៅតុលាការនេះ គឺបន្ទាប់ពីភាគីខាងជនបង្ក និងមានការអន្តរាគមន៍ពីអ្នកមានឥទ្ធិពលខាងក្រៅដើម្បីបញ្ចប់រឿងជាមួយភាគីរងគ្រោះ មិនបានជោគជ័យ។ មិនបានជោគជ័យ ក៏ដោយសារតែភាគីជនរងគ្រោះក៏មិនមែនជាអ្នកធម្មតា ឬសាមញ្ញនោះទេ។ ហេតុនេះហើយទុកឲ្យច្បាប់ជាអ្នកសម្រេចលើរឿងនេះ។
បើតាមមន្ត្រីនគរបាលនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌលសារព័ត៌មាន CEN នៅល្ងាចថ្ងៃទី៣០ ខែមីនា នេះថា សមត្ថកិច្ចបានបញ្ជូនខ្លួនអ្នកបើករថយន្ត Land Rover ទៅដល់តុលាការហើយកាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា អ្នកបើកឡាន Land Rover មានឈ្មោះ បែល វ៉ាន់ដែន អនុប្រធាននាយកដ្ឋាន នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ ទាំងភាគីបង្ក និងជនរងគ្រោះ ជាអ្នករស់នៅក្នុងបុរី ជីបម៉ុង ផ្លូវជាសុផារ៉ា ជាមួយគ្នា។
សូមជម្រាបថា គ្រាន់តែរឿងចរាចរណ៍តាមផ្លូវប្តិចបន្តួចសោះ បានធ្វើឲ្យអ្នកបើករថយន្ត Land Rover ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2B-0199 បានបើកដេញតាមចង់បុកអ្នកបើកឡាន Ford Ranger មួយគ្រឿងទៀត រហូតមកដល់ផ្ទះនៅក្នុងបុរី ជីបម៉ុង ផ្លូវជាសុផារ៉ា ហើយថែមទាំងយកកាំភ្លើងមកភ្ជង់អ្នកបើកឡាន Ford ទៀតផង។ ជនបង្កត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ៕ រក្សាសិទ្ធិដោយៈ ចេស្តារ


