បន្ទាយមានជ័យ ៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យមួយក្រុមជាមុខសញ្ញាលួចយ៉ាងសកម្មក្នុងក្រុងប៉ោយប៉ែត រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី កាលពីថ្ងៃទី៤ខែកក្កដា ដើម្បីអនុវត្តន៍នីតិវិធីច្បាប់។
កម្លាំងកងរាជអាវុធហត្ថ បានឲ្យដឹងថា ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស (ដោយប្រើប្រាស់អាវុធ) និងឃាត់ខ្លួនជនសង្ស័យបានចំនួន ៨នាក់ នៅចំណុចមុខវត្តផ្សារកណ្តាល ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានអោយដឹងថា ៖ យោងលើពាក្យបណ្តឹងរបស់ជនរងគ្រោះនាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ ចំនួន ៣នាក់ ១-ឈ្មោះ ភឿ ដេត ភេទ ប្រុស អាយុ ១៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ២-ឈ្មោះ លឿម ឆុង (ហៅ ម៉ាប់) ភេទ ប្រុស អាយុ ១៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ៣-ឈ្មោះ វណ្ណ មុន្នីម៉ក់ ភេទ ប្រុស អាយុ ១៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិព្រហ៊ូត សង្កាត់អូរំបិល ក្រុងសិរីសោភ័ណ រួមជាមួយជនរងគ្រោះ ចំនួន ៦នាក់ផ្សេងទៀត និងដោយទទួលបានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងកងរាជ អាវុធហត្ថ បានចុះប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេតករណីខាងលើយ៉ាងយកចិត្តទុកដាក់ លុះដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ១នាក់ -ឈ្មោះ ហៀង សុខវ៉ៃ(ហៅ វី ហៅ ចិន) ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅមិនពិតប្រាកដក្នុងក្រុងប៉ោយប៉ែត រួមនិងវត្ថុតាងប្រព្រឹត្តបទល្មើសមួយចំនួន ដើម្បីយកសាកសួរ ។ ដោយទទួលបានតម្រុយពីមុខសញ្ញាជនសង្ស័យ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១៤ និង ៣៩នាទី កម្លាំងកងរាជអាវុធហត្ថ បានបន្តចុះស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ៧នាក់បន្ថែមទៀត រួមមាន ៖ ១-ឈ្មោះ ឌឿន ភីលីព ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដក្នុងក្រុងប៉ោយប៉ែត ២-ឈ្មោះ ហ៊ាន សោមឆាយ (ហៅ អាយ៉ាក់) ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ៣-ឈ្មោះ ប៊ុន សាម៉ែតហាន ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ៤-ឈ្មោះ សរ ឧត្តម ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ៥-ឈ្មោះ សួស ចាន់រ៉ូស្សា ភេទ ប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ៦-ឈ្មោះ ចិន រស្មី ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ៧-ឈ្មោះ ឡេង វណ្ណឌី (ហៅបារាំង ហៅ ធំ) ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត រួមជាមួយវត្ថុតាងមាន ៖ ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ គ្មានស្លាកលេខ ចំនួន ១គ្រឿង -បំពង់ដែកទីបប្រវែង ៨៣សង់ទីម៉ែត្រ ចំនួន ១ដើម -កូនសោរសម្រាប់ដោះគ្រឿងបន្លាស់មួយចំនួន ។ ក្រោយពីធ្វើការឃាត់ខ្លួន និងសាកសួរចម្លើយរួចមក លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា ៖ បន្ទាប់ពីធ្វើការឃាត់ខ្លួន និងសាកសួរចម្លើយ ជនសង្ស័យបានសារភាពថា ៖ ឈ្មោះ ហៀង សុខរ៉ៃ និងបក្សពួក បានរៀបគម្រោងធ្វើសកម្មភាពពួនស្ទាក់វ៉ៃអ្នកដំណើរណាដែលជិះម៉ូតូកាត់មុខវត្តផ្សារកណ្តាលនាពេលព្រលប់ ដើម្បីជំរិតយកវត្ថុមានតម្លៃផ្សេងៗ លុះដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ២ ខ្លួន និងបក្ខ ពួក បានស្ទាក់វ៉ៃក្មេងមួយក្រុមមានគ្នាប្រហែល ៩នាក់ ដោយមានប្រើ ដំបង ដុំថ្ម កាំបិត និងបំពង់ដែកទីប និងបានយកម៉ូតូរបស់ជនរងគ្រោះខាងលើទៅអោយឈ្មោះ ឌឿន ភីលីព ដើម្បីរៀបចំតុបតែងដោះដូរគ្រឿងបំភ័ន្តភ្នែកសមត្ថកិច្ច ហើយក៏បានជិះចេញទៅខាងក្រៅដើម្បីរកកន្លែងដាក់បញ្ចាំ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងតាមការបំភ្លឺរបស់ជនរងគ្រោះ ឃើញមានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ បានប្រព្រឹត្តបទល្មើស ៖ លួចមានស្ថានទម្ងន់ទោស ដោយប្រើប្រាស់អាវុធ យ៉ាងពិតប្រាកដ ៕ ដោយ៖បញ្ញាស័ក្តិ