ថ្មីៗនេះ ករណីជនល្មើសម្នាក់ គំរាមបង្ហោះរូបភាពអាសអាភាសរបស់ក្មេងស្រីអាយុ ១៦ ឆ្នាំ ម្នាក់ បានកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ពីមហាជនអ្នកនិយមលេងបណ្តាញសង្គម។ នេះបើយោងតាម នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ, ជនល្មើសត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ គំរាមកំហែងបង្ហោះវីដេអូ និងរូបភាពអាសអាភាសជាសាធារណៈរបស់នារីម្នាក់ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការចង្អុលបង្ហាញផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបញ្ជាដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យបើកការស្រាវជ្រាវជាបន្ទាន់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយក ដ្ឋាននគបាលព្រហ្មទណ្ឌ បានសហការជាមួយនាយកដ្ឋានកណ្ដាលសន្តិសុខ, ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានធ្វើការស្រាវជ្រាវរហូតឈានដល់ការកំណត់មុខសញ្ញាចំនួន ០១នាក់ ឈ្មោះ នៅ ចិន្តា ភេទប្រុស អាយុ 31 ឆ្នាំ ជនជាតិខ្មែរ នៅចំណុចហ្គារ៉ាសសាំង PTT ព្រែកអញ្ចាញ ភូមិចំបកមាស ឃុំចំបកចាស់ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
តែអ្វីដែលចាប់អារម្មណ៍ខ្លាំងនោះ គឺជនល្មើសខាងលើ ត្រូវបានគេស្គាល់ថា មានមុខរបរជាអ្នកកាន់កាមេរ៉ាភាពយន្ដ និងកាត់តវីដេអូដ៏មានសមត្ថភាព ព្រមទាំងជាអ្នកចម្រៀងមួយរូបទៀតផង។ ជាក់ស្តែង ក្រោយសមត្ថកិច្ចបង្ហាញមុខជនល្មើស ស្រាប់តែតារាសម្ដែងជើងចាស់មួយរូបគឺលោក សាវិន ហ្វីលីព បានបង្ហាញអារម្មណ៍សោកស្តាយ និងហួសចិត្តយ៉ាងខ្លាំង ដោយលោកបានលើកឡើងយ៉ាងដូច្នេះថា៖ «ជាអ្នកកាន់កាមេរ៉ាភាពយន្តដ៏មានសមត្ថភាពមួយរូប មិនគួរប្អូនប្រុសធ្វើទង្វើថោកទាបអ៊ីចឹងសោះ បងមានការសោកស្ដាយ។
គួររំលឹកផងដែរថា នៅឆ្នាំ២០២០ ជនរងគ្រោះ បានស្គាល់ម្ចាស់គណនី Facebook ឈ្មោះ Hea Da និងបានទាក់ទងស្គាល់គ្នា ព្រមទាំងបានលេងឆាតជាមួយគ្នាផងដែរ។ បន្ទាប់មក ម្ចាស់គណនីឈ្មោះ Hea Da បានលួងលោមអោយជនរងគ្រោះថតវីដេអូអាសអាភាសផ្ញើឲ្យខ្លួន។ លុះមកដល់ថ្ងៃទី20 ខែមីនា ឆ្នាំ2023 ម្ចាស់គណនីឈ្មោះ Hea Da បានគំរាមឲ្យជនរងគ្រោះ ថតជាវីដេអូអាសអាភាស ផ្ញើឲ្យខ្លួនមើលបន្តទៀត ប៉ុន្តែត្រូវបានជនរងគ្រោះបានបដិសេធ។ នៅពេលនោះ ម្ចាស់គណនីឈ្មោះ Hea Da បានគំរាមជនរងគ្រោះជាបន្តបន្ទាប់ថា (បើជនរងគ្រោះពុំធ្វើតាមសំណើរបស់ខ្លួននោះទេ នឹងយកវីដេអូអាសអាភាសរបស់ជនរងគ្រោះ បង្ហោះជាសាធារណៈតែម្ដង) ។ លុះមកដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ក៏ត្រូវសមត្ថកិច្ចបង្ក្រាបានជនសង្ស័យខាងលើនាំមកកាន់នាយកដ្ឋាន ដើម្បីប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាម្ចាស់ករណីចាត់ការបន្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






