ត្បូងឃ្មុំ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាសអគារមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូង ឃ្មុំ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ បានមានប្រសាសន៍ថា យើងមិនចង់ឲ្យកើតមានទេជំងឺ ក៏ប៉ុន្តែយើងមិនអាចដឹងបានទេថា តើវាអាចកើតឡើង នូវបញ្ហាទាំងឡាយលំបាកអ្វីទៀត ក្រៅពីកូវីដ១៩»។

សម្តេចតេជោ បានបង្ហាញការព្រួយបារម្ភថា ព័ត៌មានថ្មីៗនេះ បានផ្សាយថា នៅអាហ្រិកខាងត្បូង មានជំងឺហូរឈាមតាមច្រមុះ អាចក្លាយទៅជាស្លាប់បាន ហើយខ្លាចថាវាមកដល់កម្ពុជា លើចំណុចទាំងនេះ យើងត្រូវប្រុងប្រយ័ត្ន ហើយត្រូវត្រៀមរៀបចំគ្រប់លក្ខខណ្ឌដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាជន។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជា បានរៀបចំមន្ទីរពេទ្យ ដែលមានចំនួន ១ម៉ឺនគ្រែ ជាការត្រៀមរៀបចំលក្ខណសម្បត្តិ ពេលមានជំងឺសាហាវផ្សេងៗកើតឡើងទៀត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំនួនគ្រែទាំងអស់ នៅរាជធានីភ្នំពេញកាលពីមុន មានប្រមាណជាងប្រាំពាន់គ្រែតែប៉ុណ្ណោះ ក៏ប៉ុន្តែឥឡូវយើងបានកសាងមន្ទីរពេទ្យមួយ (គឺមន្ទីរពេទ្យជាតិតេជោសន្ដិភាព)ដែលមានសមត្ថភាពទទួលអ្នកជំងឺរហូតទៅដល់មួយម៉ឺនគ្រែ នេះជាការត្រៀមរៀបចំលក្ខណសម្បត្តិ ដើម្បីឆ្លើយតបទៅនឹងសុខភាពសាធារណៈ។
គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ណែនាំដល់គ្រូពេទ្យទាំងអស់ សូមឱ្យយកចិត្តទុកដាក់នៅក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ជាពិសេសត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ខណៈដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងនៅក្នុងការកសាង នូវអគាររៀបចំបំពាក់គ្រឿងបរិក្ខារទំនើបៗ ដូច្នេះការអភិវឌ្ឍសមត្ថភាពរបស់មនុស្ស ត្រូវដើរតាមឲ្យទាន់នៅបច្ចេកវិទ្យាថ្មីៗ៕