Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្ចី​លុយ​គេ ២ម៉ឺន​ដុល្លារ ដើម្បី​រៀបការ​ប្រពន្ធ ១សប្តាហ៍​ក្រោយ កូនកំលោះ​សុំ​លែងលះ ដោយសារ​កូនក្រមុំ​បដិសេធ​ធ្វើ​រឿង​នេះ…

បុរសជាច្រើននៅក្នុងប្រទេសនេះ មិនអាចរៀបការ ឬត្រូវលុបចោលអាពាហ៍ពិពាហ៍របស់ពួកគេ ដោយសារពួកគេមិនអាចបំពេញតម្រូវការកូនក្រមុំខ្ពស់ ដែលកំណត់ដោយគ្រួសារកូនក្រមុំ។ ​បញ្ហា​ប្តី​ប្រពន្ធ​ក៏​បណ្តាល​ដោយសារ​រឿង​គួរ​ឱ្យ​អស់សំណើច​ជាច្រើន​ដូច​ជា​រឿង​ខាងក្រោម​នេះជាដើម​។

លោក Liu រស់នៅក្នុងខេត្ត Liaoning ប្រទេសចិន បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យ លោកបានទៅទីក្រុងជាមួយមិត្តភក្តិដើម្បីធ្វើការ។ ដោយ​សារ​តែ​គាត់​មិន​មាន​សញ្ញាបត្រ​កម្រិត​ខ្ពស់ លោក Liu អាច​ដាក់​ពាក្យ​ធ្វើ​ជា​កម្មករ​បាន​តែ​ប៉ុណ្ណោះ ដោយ​អាច​រក​ចំណូល​បាន​ក្នុង​មួយ​ខែ​ប្រហែល 6,000 យន់ (ជាង 800$)។

ស្ថានភាពគ្រួសាររបស់លោក Liu មិនល្អទេ ឪពុកម្តាយរបស់គាត់ជាកសិករ ហើយគាត់ត្រូវធ្វើការសន្សំលុយខ្លះៗសម្រាប់ខ្លួនឯង និងផ្គត់ផ្គង់ប្អូនប្រុស២នាក់។ ដោយ​សារ​ស្ថានភាព​បែប​នេះ លោក Liu មិន​អាច​លៃលកប្រាក់សម្រាប់​អាពាហ៍ពិពាហ៍​បាន​ឡើយ។ ពេលឪពុកម្ដាយរបស់លោក Liu ទៅពឹងអ្នកផ្គូរផ្គង ដើម្បីរកប្រពន្ធឲ្យ គាត់បានប្រាប់ថា៖ «ផ្ទះខ្ញុំអត់មានឡានទេ ហើយខ្ញុំមានបងប្អូន២នាក់ តើមាននារីណាចង់រៀបការជាមួយខ្ញុំទេ?»។

ទោះជាយ៉ាងណា នៅទីបំផុត តាមការទទូចពីម្តាយរបស់លោក Liu អ្នកផ្គូរផ្គងបានជួយគាត់ស្វែងរកនារីសមរម្យម្នាក់នៅក្នុងភូមិ ដែលមានឈ្មោះថា ស៊ុន។ បន្ទាប់ពីជួបគ្នាលើកដំបូង អ្នកទាំងពីរមានអារម្មណ៍ថា មានភាពចុះសម្រុងនឹងគ្នា ទើបពួកគេសម្រេចចិត្តស្រលាញ់គ្នាយ៉ាងលឿន។

កន្លះ​ឆ្នាំ​ក្រោយ​មក ពេល​គ្រួសារ​ទាំង​ពីរ​ពិភាក្សា​គ្នា​អំពី​រឿង​អាពាហ៍​ពិពាហ៍ គ្រួសារ​របស់​នាង ស៊ុន បាន​សុំ​តម្លៃ​កូនក្រមុំ​​ចំនួន ៣៨ ម៉ឺន​យន់ (ជាង ៥ ម៉ឺនដុល្លារ)។ សម្រាប់​គ្រួសារ​លោក Liu នេះ​លុយ​ច្រើន​ពេកហើយ មិន​ងាយ​រក​បាន​ទេ។ លោក Liu និងក្រុមគ្រួសាររបស់គាត់ បានទៅដើរប្រមែប្រមូលលុយគ្រប់ទីកន្លែង ប៉ុន្តែនៅតែខ្វះខាតចំនួន 150,000 យន់ (២ម៉ឺនដុល្លារ) ទៀត។ ក្នុង​ជីវភាពដ៏លំបាក លោក Liu បាន​សម្រេចចិត្ត​យ៉ាង​ម៉ឺងម៉ាត់ ​ត្រូវយក​ប្រាក់កម្ចី​ដែល​មិនមាន​សុវត្ថិភាព​សម្រាប់បង្រ្គប់​។

បន្ទាប់ពីលោក Liu ប្រមូលបានលុយចំនួន 380,000 យន់ ហើយពិធីមង្គលការរបស់គាត់ និងនាង ស៊ុន ត្រូវបានប្រារព្ធឡើងដោយជោគជ័យ។ ឪពុក​ម្តាយ​លោក Liu សប្បាយ​ចិត្ត​ជា​ខ្លាំង​ពេល​ឃើញ​កូន​ប្រុស​បង្កើត​គ្រួសារដ៏នឹកស្មានមិនដល់។ តែទោះជាយ៉ាងណា ក្រោយរៀបមង្គលការមិនបានប៉ុន្មានថ្ងៃផង ក៏មានបញ្ហាកើតឡើង។

លោក Liu បានប្រាប់ប្រពន្ធរបស់គាត់ថា គាត់ត្រូវការលុយខ្លះដើម្បីសងបំណុល។ ទោះ​ជា​យ៉ាង​ណា ​ពេល​នាង ​ស៊ុន ​បាន​ដឹង​រឿង​ជំពាក់​លុយ​ នាង​ក៏​បដិសេធ​ភ្លាមៗ ​ដោយ​និយាយ​ថា ​តម្លៃ​កូនក្រមុំ​ជា​របស់​នាង​។ លោក Liu បាន​បញ្ជាក់​ថា ឥឡូវ​ពួក​គេ​ជា​ប្តី​ប្រពន្ធ​ត្រូវ​ជួយ​គ្នា​ជំពាក់​បំណុល​គេ។ ​នាង ស៊ុន បានសួរលោក Liu ថា គាត់ជំពាក់លុយប៉ុន្មាន គាត់បានកុហកថាគាត់ជំពាក់តែពីរបីម៉ឺនយ័នប៉ុណ្ណោះ។

ទោះយ៉ាងណា នៅទីបំផុត លោក Liu បានប្រាប់ការពិតដល់ប្រពន្ធថា «ចំនួន 380,000 យន់ ដែលខ្ញុំឲ្យអ្នក គឺជាប្រាក់កម្ចីដើម្បីរៀបការ ឥឡូវនេះយើងជាគ្រួសារតែមួយ គឺចំនួនបំណុលរបស់ខ្ញុំ។ ហេតុនេះ រឿងនេះក៏ជា​ចំណែក​របស់​អ្នក​ផង​ដែរ»។

នៅ​ពេល អ្នកស្រី ស៊ុន បាន​ដឹង​ថា ប្តី​របស់​គាត់​បាន​ខ្ចី​លុយគេរហូត​ចំនួន ១៥​ម៉ឺន​យន់ នាង ស៊ុន មិនអាចទទួលយកបានទេ។ បន្ទាប់មក អ្នកទាំងពីរបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង រហូតលោក Liu សម្រេចចិត្តលែងលះគ្នាក្រោយរៀបការបានត្រឹមតែ៧ថ្ងៃប៉ុណ្ណោះ ហើយបានសុំឲ្យនាង ស៊ុន ប្រគល់លុយមង្គលការទាំងអស់មកវិញ។ ទោះ​ជា​យ៉ាង​ណា នាង ស៊ុន មិន​យល់​ស្រប​នឹង​រឿង​នេះឡើយ ដោយបាននិយាយថា លោក Liu បានខ្ចីលុយដើម្បីរៀបការ ដូច្នេះគាត់ត្រូវតែទទួលខុសត្រូវ ក្នុងការសងបំណុលនេះដោយខ្លួនឯង គឺមិនមានអ្វីពាក់ព័ន្ធជាមួយនាងនោះទេ។ ហើយប្រសិនបើលោក Liu មិនអាចលៃលកលុយកូនក្រមុំបានទេ គាត់គួរតែចរចាជាមុន កុំខ្ចីលុយគេច្រើនបែបនេះ ហើយឥឡូវ បែរបង្ខំនាងឱ្យសងបំណុលទៅវិញ។

នាង ស៊ុន បាននិយាយថា នាងពិតជា​ខូចចិត្តយ៉ាងខ្លាំង ព្រោះ​គិត​ថា​បាន​រៀបការ​ជាមួយ​ប្តី​ដែល​គាប់​ចិត្ត ប៉ុន្តែ​មិន​នឹក​ស្មាន​ថា ​នឹងត្រូវ​ជំពាក់​បំណុល​គេសោះ។ ពេលនេះ​លោក Liu និង​នាង ស៊ុន លែងលះ​គ្នា​ហើយ ចំណែកបញ្ហារឿង​លុយកាក់ ​ត្រូវ​សមត្ថកិច្ច​ដោះស្រាយ​តាម​ច្បាប់​៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×