កំពង់ស្ពឺ៖ ក្នុងគ្រាដែលធនាគារជាតិនៃកម្ពុជា ប្រារព្ធទិវា ៤៣ឆ្នាំ នៃថ្ងៃដាក់ឱ្យប្រាក់រៀលដំណើរឡើងវិញនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ លោកជំទាវ ជា សេរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានអំពាវនាវប្រជាពលរដ្ឋ ទូទាត់ប្រាក់រៀលប្រចាំថ្ងៃនៅគ្រប់ទីកន្លែងឲ្យបានច្រើន។

បច្ចុប្បន្ននេះ ការចរាចរណ៍ ក៏ដូចជា ការទូទាត់នូវសាច់ប្រាក់ មានច្រើននៅតាមបណ្តាផ្សារទំនើបនានា ហើយរាល់ការទូទាត់ និងប្រើប្រាស់ប្រាក់រៀល គឺដើម្បីកម្ពស់ប្រាក់រៀលខ្មែរ។ លោកជំទាវបានលើកឡើងទៀតថា ការទូទាត់សាច់ឥឡូវកាន់តែទំនើបជាមួយធនាគារក្នុងស្រុកកាន់តែងាយស្រួល។

លោកជំទាវ បានបញ្ជាក់ថា ប្រព័ន្ធទូទាត់អេឡិចត្រូនិក ត្រូវបានធ្វើទំនើបកម្មជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យការប្រើប្រាស់ប្រាក់រៀល កាន់តែមានភាពងាយស្រួល មិនថា ក្នុងទំហំទឹកប្រាក់តិច ឬច្រើន នោះទេ។ ប្រព័ន្ធទូទាត់បាគងដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ “ប្លុកផែន និង ស្ដង់ដារ KHQR Code បានសម្រួលដល់ការបង្វែរនិងការទូទាត់ឆ្លងគ្រឹះស្ថាន។

លោកជំទាវ ជា សេរី លើកឡើងថា ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ រដ្ឋាភិបាលបានខិតខំតស៊ូបង្រួបបង្រួមជាតិ ដើម្បីធានាឱ្យមានសុខសន្តិភាពពេញលេញ និងបានខិតខំកសាងសង្គម និងសេដ្ឋកិច្ច ឡើងវិញពីបាតដៃទទេលើគ្រប់វិស័យ ហើយការងារចម្បងមួយក្នុងចំណោមការងារអាទិភាព នានានៅពេលនោះ គឺការបោះផ្សាយប្រាក់រៀលឡើងវិញ ដើម្បីសម្រួលដល់ប្រតិបត្តិការ ដោះដូរទំនិញនិងសេវានៅក្នុងសេដ្ឋកិច្ច ជាពិសេសការកសាងនិងពង្រឹងអធិបតេយ្យជាតិ។
លោកជំទាវ បន្ថែមថា ដោយសារការអូសបន្លាយពេលនៃសង្គ្រាមស៊ីវិល រហូតដល់ចុងឆ្នាំ១៩៩៨ បានធ្វើឱ្យជំនឿទុកចិត្តលើប្រាក់រៀលមានកម្រិតទាប ស្របពេលដែលការចរាចរណ៍ប្រាក់រៀល មិនមានភាពទូលំទូលាយនៅទូទាំងប្រទេស ជាពិសេសនៅតាមតំបន់ព្រំដែន។
ក្រោមទស្សនវិស័យលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល រាជរដ្ឋាភិបាលនិងធនាគារជាតិ នៃកម្ពុជាបានសហការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដើម្បីគាំទ្រតម្រូវការប្រាក់រៀល និងធ្វើឱ្យប្រាក់រៀលកាន់តែងាយស្រួលប្រើប្រាស់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជា សម្រាប់អាជីវកម្ម។ ទន្ទឹមនេះ ការគ្រប់គ្រងចរាចរណ៍ប្រាក់រៀល ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ដើម្បីបំពេញតម្រូវការប្រាក់រៀលនៅតាមតំបន់នានានៅទូទាំងប្រទេស ហើយក្រដាសប្រាក់ ចាស់ ទក់ រហែក ត្រូវបានប្រមូលជាប្រចាំ និងជំនួសមកវិញដោយក្រដាសប្រាក់រៀលថ្មីៗ គ្រប់ប្រភេទ ជាមួយនឹងការលើកកម្ពស់គុណភាព និងសោភ័ណភាពក្រដាសប្រាក់រៀល។
គួររំលឹកថា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០ ប្រាក់រៀល ត្រូវបានដាក់ឱ្យចរាចរឡើងវិញជាផ្លូវការ និងទទួលបានការសាទរជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប និងចាប់ផ្ដើមដើរតួនាទីមួយ ចំនួននៅក្នុងប្រតិបត្តិការដោះដូរ ទន្ទឹមនឹងការប្រើប្រាស់វត្ថុមានតម្លៃមួយចំនួនទៀត ជាពិសេស មាស និងអង្ករ ជាដើម ដែលជាមធ្យោបាយទូទាត់ដ៏សំខាន់ក្នុងឆ្នាំ១៩៧៩ និងក្នុងទសវត្សរ៍ ឆ្នាំ១៩៨០៕