ពិតជារឿងដ៏ភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យជឿ ខណៈស្ងាត់ៗ តារាសម្តែងដ៏ល្បីឈ្មោះ អ្នកនាង សូ ដានីតា ដែលធ្លាប់តែប្រកាសទារលុយគេតាមបណ្តាញសង្គមហ្វេសប៊ុក បែរជាត្រូវបុរសម្នាក់ ចេញមុខប្រកាសថា នាងជំពាក់លុយខ្លួនរហូតជាង ២០ ម៉ឺនដុល្លារ បន្ទាប់ទុកពេលឲ្យរយៈពេល ២ ឆ្នាំ តែពុំរវីរវល់សងសូម្បីមួយរៀលសោះឡើយ។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Minea Say កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ បានបង្ហោះប្រកាសយ៉ាងចំហរ ដោយបានដាក់ឈ្មោះតារាសម្តែង សូ ដានីតា បញ្ជាក់យ៉ាងដូច្នេះថា៖ «អ្នកអែងយកការឈឺចាប់របស់ខ្ញុំមកជាន់ឈ្លី ខ្ញុំនឹងអោយអ្នកអែងសងខ្ញុំវិញ អោយសាកសមនៅនឹទង្វើរដែលអ្នកអែងបានធ្វើមកលើខ្ញុំ So Danita»។
ដោយឡែក នៅពេលមានអ្នកសួរថា តើ សូ ដានីតា ជំពាក់ច្រើនទេ? គណនីខាងលើ ក៏បានប្រាប់ឲ្យដឹងជាហូរហែថា៖ «ជំពាក់ខ្ញុំច្រើនបង ជាង 20 ម៉ឺនដូល្លារ. ហើយកូនពៅខ្ញុំមានបញ្ហាបេះដូងនឹងក៏មកពីគាត់នឹងដែរបង, មានទាំងសែកមានទាំងកុងត្រាបង, ខ្ញុំទុកពេលអោយ2ឆ្នាំហើយបង គ្មានបានសូម្បីម៉ារៀល, ខ្ញុំតែងតែអាណិតគេណាស់បង តែលើកនេះវាជ្រុលពេក យកការឈឺរបស់កូនខ្ញុំមកជាន់ឈ្លី ខ្ញុំទ្រាំលេងបានហើយបង»។
ជុំវិញរឿងនេះ គេក៏មិនដឹងថា តើជាការពិត ឬយ៉ាងណានោះទេ ខណៈតារាសម្ដែង សូដា នីតា រហូតមកដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ នេះ នៅមិនទាន់ឃើញចេញមុខឆ្លើយតប ឬបកស្រាយ ចំពោះការប្រកាសថារូបនាងជំពាក់លុយជាង ២០ ម៉ឺនដុល្លារ ពីសំណាក់គណនីខាងលើនេះនៅឡើយទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








