ក្ដីសង្ឃឹមក្នុងការរំដោះអ្នកជាប់ក្នុងល្អាងទាំង១៣នាក់ មុនពេលភ្លៀងអាចធ្លាក់បន្ដនៅចុងសប្ដាហ៍នេះ បានមានគ្រោងការណ៍បន្ថែមថ្មីមួយទៀត បន្ទាប់ពីអ្នកជាប់គាំងទាំងនោះនិយាយថាពួកគេធ្លាប់បានឮសំឡេងឆ្កែព្រុះ មាន់រងាវ និងស្នូរសម្រែកប្រឡែងគ្នារបស់ក្មេងៗ ទោះបីពួកគេកំពុងស្ថិតនៅក្នុងជម្រៅ៨០០ម៉ែត្រពីលើកំពូលភ្នំក្ដី។
ក្មេងៗទាំងនោះមានសុខភាពល្អប្រសើរជាងមុន
ក្រុមសង្គ្រោះជឿថាអាចមាន«បំពង់ខ្យល់»ដែលផុសឡើងមកលើផ្ទៃដី ហើយកងកម្លាំងសង្គ្រោះអាចធ្វើការខួងយកស្រទាប់ថ្មដីតាមលំនាំ«ប្រភពខ្យល់»នោះត្រាយផ្លូវសំដៅឆ្ពោះទៅកាន់កន្លែងដែលអ្នកទាំង១៣កំពុងជាប់គាំង។
អភិបាលខេត្ដ Chiang Rai Narongsak Osatanakorn ជាអ្នកទទួលខុសត្រូវបេសកកម្មសង្គ្រោះឱ្យដឹងថា មានក្រុមរុករកចំនួន៣០ បានដំណើរការសិក្សាខ្នងភ្នំដើម្បីស្វែងរកបំពង់ខ្យល់នេះ។លោកក៏ចាត់ទុកថាច្រកសម្ងាត់នេះឯងដែលជួយឱ្យក្រុមរងគ្រោះក្នុងល្អាងអាចដកដង្ហើមក្នុងល្អាងដ៏ជ្រៅ ហើយងងឹតនេះ។
គេបានបូមទឹកចេញពីល្អាងចំនួន១,៦លានលីត្រក្នុងមួយម៉ោង ហើយអាកាសធាតុប៉ុន្មានថ្ងៃកន្លងមកក៏ពុំមានភ្លៀងដែរ។ ប៉ុន្ដែតាមការព្យាករណ៍ ប៉ុន្មានថ្ងៃខាងមុខនឹងមានភ្លៀងខ្លាំងនៅខេត្ដឈាងរ៉ៃធ្វើឱ្យក្រុមសង្គ្រោះត្រូវ«ដុតដៃដុតជើង»រត់ប្រណាំងនឹងពេលវេលា ។
លោកអភិបាលខេត្ដNarongsak Osatanakorn ថ្លែងងា «យើងខ្ញុំកំពុងតែប្រឹងបូមទឹកចេញឱ្យកាន់តែច្រើន ប៉ុន្ដែក៏មានប្រភពទឹកមិនតិចដែរដែលហូរជ្រាបចេញតាមជ្រោះនិងប្រព័ន្ធទឹកក្រោមដី។ការចាប់អារម្មណ៍ធំបំផុតរបស់យើងពេលនេះ គឺបញ្ហាអាកាសធាតុ»។លោកពោលបន្ថែមថា ក្រុមអ្នកជាប់គាំងកំពុងចាប់ផ្ដើមរៀនមុជទឹក ហើយអ្នកណាមានសមត្ថភាពគ្រប់គ្រាន់នឹងត្រូវបានបញ្ជូនមកមុន ដោយពុំរង់ចាំត្រូវចេញមួយលើកទាំងអស់តែម្ដងនោះទេ៕
សូយន